ភ្នំពេញ៖ បន្ទាប់ពី​លោក​សឺន ស៊ូបែរិ៍្ត ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​បង្កើត​ឡើង​ដោយ​លោក​កឹម សុខា បានផ្ញើលិខិតសុំរំលាយបក្សរបស់​ខ្លួនទៅ​ជូនសម្ដេចក្រឡាហោម ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨​នោះ​មក កញ្ញា កឹម មនោវិទ្យា កូន​ស្រី​ច្បង​របស់​លោក កឹម សុខា បានបញ្ជាក់ថា ការរំលាយគណបក្សសិទ្ធិមនុស្ស គឺចង់បញ្ជាក់ពីជំហរដ៏រឹងមាំរបស់គណបក្សប្រឆាំង គឺជ្រកក្រោមស្លាកគណបក្ស​សង្រ្គោះ​ជាតិ​តែ​មួយ​គត់ មិនបែកបាក់គរបស់អ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម។

កញ្ញា កឹម មនោវិទ្យា កូន​ស្រី​ច្បង​របស់​លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំឃាំង នៅក្នុងមន្ទីរពន្ធ​នា​គារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បានសរសេរ នៅលើគណនី នៃបណ្ដាញសង្គមរបស់នាងថា ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស ដោយ​ឈរ​លើ​គោល​​ការណ៍​៣​យ៉ាង រួមមាន​ ទី​១-ដើម្បី​បញ្ជាក់​ពី​ជំហរ ​នៃ​ការ​រួប​រួម​ក្រោម​ស្លាក​គណបក្ស​សង្រ្គោះ​ជាតិ​តែ​មួយ​គត់ មិន​មាន​ការ​បែក​បាក់​របស់​អ្នក​ប្រជាធិបតេយ្យ​ និង​អ្នក​ជាតិ​និយម ទី​២-​មិន​ធ្វើ​តាម​អ្វី​ដែល​គូ​ប្រកួត​ គូរឱ្យ​យើង​ដើរ គឺ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ពីព្រោះគេ​មានគោល​បំណង​ឱ្យ​យើង​បែក​គ្នា ហើយដើរ​ទៅ​រក​គណបក្ស​ចាស់​រៀងៗ​ខ្លួន និងទី​៣-គោរព​ឆន្ទ:​របស់​ប្រជាពលរដ្ឋ​ និង​ម្ចាស់​ឆ្នោត​ជាង​៣លាននាក់ ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ​។

ទោះជាយ៉ាងណា បន្ទាប់ពី​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ប្រកាស​រំលាយ​ដោយខ្លួន​ឯង​ចេញ​ពី​ឆាក​នយោបាយ​ បានមួយថ្ងៃនោះមក លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ នៅថ្ងៃនេះ បាន​ចេញ​មុខ​ជំទាស់​នឹង​ការ​រំលាយ​នេះ ដោយលោកអះអាងថា គ្មាន​ហេតុ​ផល​ណាមួយ ​សម​ទំនង​ឈាន​ដល់​ការ​រំលាយ​នោះ​ទេ។

លោក អ៊ូ ច័ន្ទរ័ត្ន បាន​អះអាង​ថា លោកគឺជា​អ្នក​ចូល​រួម​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ជាមួយ​នឹងលោក កឹម សុខា ប្រធាន​គណបក្ស។ ដោយលោកបានបញ្ជាក់ពីជំហររបស់លោកថា លោក​មិន​ចូល​រួម​ ក្នុង​ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស នេះ​ឡើយ។ លោក​ក៏​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​សមាជិក​ដទៃ​ទៀត​ថា តើ​ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​នេះ​ ទទួល​បាន​ប្រយោជន៍​អ្វី​ត្រឡប់​មក​វិញ?

បើ​តាម​ការ​ឯកភាព ​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​គណបក្ស​សិទ្ធិ​មនុស្ស ​កាល​ពី​ថ្ងៃ​ចន្ទ ទី២៩ ខែមករា ​ម្សិល​មិញ ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស នេះ​ យោង​ទៅ​លើ​គោល​ការណ៍​៣​ចំណុច រួមមាន ទី​១-បញ្ជាក់​ពី​ជំហរ​ នៃ​ការ​រួប​រួម​ក្រោម​ស្លាក​គណបក្ស​សង្រ្គោះ​ជាតិ​តែ​មួយ​គត់ មិន​​មាន​ការ​បែក​បាក់​របស់​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិ​និយម ទី​២-​មិន​ធ្វើ​តាមអ្វី​ដែល​គូ​ប្រកួត​ គូរឱ្យយើង​ដើរ ​គឺ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ គេ​មាន​បំណង​ឱ្យ​យើង​បែក​គ្នា ហើយរត់​ទៅ​រក​គណបក្ស​ចាស់​រៀងៗ​ខ្លួន និងទី​៣-​គោរព​ឆន្ទៈរបស់​ប្រជាពលរដ្ឋ ​និង​ម្ចាស់​ឆ្នោត​ជាង​៣​លាន​នាក់​ ដោយ​នៅ​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ។

ទោះជា​មាន​ហេតុ​ផល​បែប​នេះ ជា​ការ​កត់​សម្គាល់​ជុំវិញ​ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស ​នេះ ក៏មានមតិ​ជា​ច្រើន​បាន​សម្ដែងនូវ​ការ​ភ្ញាក់​ផ្អើល​ មិន​តិច​ដែរ ពីព្រោះពួកគេ​មិន​នឹក​ស្មាន​ថា ស្ងាត់ៗ​គណបក្ស​មួយ​នេះ​ បែរជាចេញ​មុខ​មក​រំលាយ​ដោយខ្លួន​ឯង​ ស្រប​ពេលដែល​ចលនា​សង្គ្រោះ​ជាតិ​ថ្មី ​ក្រោម​ការ​ដឹក​នាំ​របស់​លោក សម រង្ស៊ី បាន​ប្រកាស​លេច​ចេញ​រូប​រាង​ជា​ផ្លូវ​ការ​ កាលពីថ្ងៃ​ចន្ទ​ ទី២៩ ខែមករា ឆ្នាំ​២០១៨​ម្សិល​មិញ​ នៅទីក្រុងឡងបុិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក.

សូម​ជម្រាប​ថា គណបក្សសិទ្ធិមនុស្សនេះ បានបង្កើត​ឡើង ​កាល​ពីខែ​កក្កដា ឆ្នាំ​២០០៧ ដឹក​នាំ​ដោយ​លោក​កឹម សុខា គណបក្ស​សិទ្ធិ​មនុស្ស ហើយបក្សនេះបាន​ចូល​រួម​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នៅ​ឆ្នាំ​២០០៨ ដើម្បី​ដណ្តើមនូវ​ការ​គាំទ្រ​ពី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ដទៃ​ទៀត ដោយ​ឈរ​ក្រោម​ស្លាក ​នៃ​លទ្ធិប្រជាធិបតេយ្យ។ ​នៅ​ឆ្នាំ​នោះ ​គណបក្ស​ប្រជាជនកម្ពុជា ដែលជា​គណបក្ស​ដឹក​នាំ​ប្រទេស ទទួល​បាន​សំឡេង​គាំទ្រ ​រហូត​ដល់​ទៅ​៩០​អាសនៈ​ នៃរដ្ឋសភា គណបក្ស​ សម រង្ស៊ី ទទួលបាន​២៦​អាសនៈ និង​គណបក្ស​សិទ្ធិ​មនុស្ស​ទទួលបាន​តែ៣​អាសនៈ​។

បន្ទាប់​ពី​នោះ គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម រង្ស៊ី​ ក៏​បាន​ប្រកាស​រួប​រួម​គ្នា ដោយបង្កើតបាន​គណបក្ស​ថ្មី​មួយ​ទៀត​ គឺ​គណបក្សសង្រ្គោះ​ជាតិ​ នាឆ្នាំ​២០១២ នៅក្នុងប្រទេសហ្វីលីពីន។ គណបក្ស(គណបក្សសង្រ្គោះជាតិ)នេះ​ បាន​ចូល​រួម​ប្រកួត​ប្រជែង ក្នុងការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ នៅ​ឆ្នាំ​២០១៣។ ការ​រួម​គ្នា រវាងគណបក្សសិទ្ធិ​មនុស្ស និង​គណបក្ស​សម រង្ស៊ី​ នេះ ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ទទួល​បាន​៥៥​អាសនៈ​ ខណៈ​​​​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​៦៨​អាសនៈ គឺ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ លុះមកដល់ដំណាក់​កាល​ចុង​ក្រោយ​នេះ មន្ត្រី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​មើល​ឃើញ​ថា ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រកាំ​រកូស​នឹង​គ្នា ខណៈ​លោក​សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវ​ការ ដើម្បី​ធ្វើ​សកម្មភាព​ជួយ​ស្រោច​ស្រង់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧៕