ភ្នំពេញ​៖ បន្ទាប់ពីសាលា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទ​ប្រកាន់ជាផ្លូវការដល់អតីត​គណៈ​កម្មការ​បុណ្យ​សពលោក​ កែម ឡី​ ចំនួន​បីរូប​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ តាមពាក្យបណ្តឹងរបស់លោក ពេជ្រ ស្រស់ ​ប្រធាន​គណបក្ស​នយោបាយមួយនោះ​មក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៣៥ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ​ស្នើ​សុំឲ្យតុលាការ​ទម្លាក់​ការចោទប្រកាន់​លើ​ព្រះ​ភិក្ខុ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង និង​លោក មឿ​ន តុលា អតីត​គណៈកម្មការ​រៀប​ចំ​បុណ្យ​ជូន​សពលោក កែម ឡី​។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៣៥ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ការចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​នេះ បានបង្ហាញ​យ៉ាងច្បាស់​ពី​ការគំរាមកំហែង និង​ការយាយី ដើម្បី​បំបិទ​សំឡេង​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស​ នៅ​កម្ពុជា​»​។ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ទាំងនោះ បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួនទៀតថា ក្រុមគ្រួសារ​របស់លោក កែម ឡី បាន​ច្រាន​ចោល​នូវបណ្តឹង ដែល​ប្តឹង​អតីត​គណៈកម្មការ​ទាំង​បី​។ បើតាម​សេចក្តីថ្លែងការណ៍​នោះ ក៏បានបញ្ជាក់ថា ក្រុមគ្រួសារ​របស់សពលោក កែម ឡី ក៏​មិនបាន​គាំទ្របណ្ដឹងនោះទេ ហើយ​ថែមទាំង​ហៅ​បណ្តឹង​នេះ​ថា ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ទៀតផង​។

​ក្រៅពី​ស្នើ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​អ្នក​ទាំងបី​ខាងលើ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ទាំង​៣៥ ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អង្គការក្រៅរដ្ឋាភិបាល​។ ជាមួយគ្នានេះ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ទាំងនេះ បានស្នើ​ឲ្យ​រដ្ឋាភិបាល បើក​ផ្លូវ​ឲ្យ​សង្គម​ស៊ីវិល ដំណើរ​ទៅមុខ​ ដោយ​គ្មាន​ការ​រឹតត្បិត ​និង​ការយាយី​។

ភិក្ខុ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ និង​លោក​មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ត្រូវគេសង្ស័យថា បានលួច​កិបកេង​ថវិកា ដែល​សប្បុរជនបាន​បរិច្ចាគ ​ក្នុង​ពិធី​រៀបចំ​បុណ្យ​ជូន​សពលោក កែម ឡី អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញមួយរូប ដែល​ត្រូវបាន​ឃាតករបាញ់សម្លាប់ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានធ្វើ​ជាដើម​បណ្តឹង ក្នុងការ​ប្តឹង​អ្នក​ទាំងបី​ ហើយ​លោក ពេជ្រ ស្រស់ ក៏​ជា​អ្នកស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំរំលាយ​គណបក្ស​សង្គ្រោះ​ជាតិផង​ដែរ​។

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នោះមក ព្រះរាជអាជ្ញា ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានដាក់​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង និង​លោក​មឿ​ន តុលា ឲ្យ​ស្ថិតក្រោម​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន ដោយ​ចោទ​ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​» ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ថវិកា ​សម្រាប់​រៀបចំ​បុណ្យ​ជូនសព​លោក កែម ឡី​។ ប៉ុន្តែបច្ចុប្បន្ន ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង កំពុងស្ថិត​នៅឯ​ក្រៅប្រទេស​ឯណោះ​។ ដោយឡែក ​លោក មឿ​ន តុលា ក៏​ទំនងជា​មិន​នៅ​ក្នុងប្រទេសកម្ពុជា​ដែរ​។ សំណុំរឿង​របស់​អ្នក​ទាំងបី ត្រូវបាន​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​។

ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ​ចេញ​ដោយ​លោក​ គុជ គីមឡុង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​អតីត​គណៈ​កម្មការ​បុណ្យ​សពលោក​បណ្ឌិត កែម ឡី​ ចំនួន​បីរូប​ពី​បទ «រំលោភ​លើ​ទំនុកចិត្ត» និង​សម្រេចបញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ចៅក្រម​ដើម្បី​ស៊ើបសួរ​បន្ត។ ព្រះរាជ​អាជ្ញា​រង ​គុជ គីមឡុង ​បញ្ជាក់​ក្នុង​ដីកា​នោះ​ថា ការ​សម្រេច​ចោទ​ប្រកាន់​នេះ​ ធ្វើ​ឡើង​ ក្រោយ​ការ​ពិនិត្យលើ​សំណុំ​រឿង ​និង​ពាក្យ​បណ្តឹង​របស់​លោក​ ពេជ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។ នៅក្នុង​ដីកា​នោះ​ ក៏បាន​ដាក់​ឲ្យ​គណៈកម្មការ​បុណ្យ​ទាំង​បីរូប​ ស្ថិត​ក្រោម​ការ​ឃុំខ្លួ​ន​បណ្តោះ​អាសន្ន​ ដោយសំអាង​ហេតុ​ផល​ថា ដើម្បី​បង្ការ​ និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​កើតឡើង​ជា​ថ្មី​ និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ ទុក​ជូន​តុលាការ​ចាត់ការតាម​នីតិវិធី៕