ប្រទេសចិន៖ ស្ដ្រីម្នាក់ឃើញកូនប្រុសរបស់ខ្លួន លួចលុយជាង៣រយដុល្លារអាមេរិក ក៏ចាប់កូនចងដៃកូន អូសពីក្រោយម៉ូូតូ តាមបណ្ដោយផ្លូវហ្សាវតុង នៅក្នុងខេត្តយូ​ណាន ប្រទេសចិន ហើយត្រូវអ្នកឃើញហេតុការណ៍ថត យកមកបង្ហោះតាមបណ្ដាញសង្គម នាំឲ្យមានការរិះគន់​ពីទង្វើ​ដ៏ឃោរឃៅរបស់ស្ដ្រីជាម្ដាយយ៉ាងខ្លាំង។

បើតាមស្ដ្រីជាម្ដាយ បានអះអាងថា គាត់ធ្វើបែបនេះ គឺគ្រាន់តែបង្រៀនកូនប្រុសរបស់គាត់នូវមេរៀនមួយចំនួនតែប៉ុណ្ណោះ ដើម្បីឲ្យគេរាងចាល ​ឈប់ធ្វើអំពើអាក្រក់បន្តទៅទៀត។ កូនប្រុសរបស់នាងបានលួចលុយអស់ចំនួន២ពាន់យន់ ឬស្មើនឹង៣១៦,១៨ដុល្លារសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា អ្នកដែលបានឃើញហេតុការណ៍ នៃការធ្វើទារុណកម្មទៅលើក្មេងប្រុសនោះ ក៏បានព្យាយាមបញ្ឈប់នូវសកម្មភាពធ្វើបាបកូនប្រុសរបស់គាត់បន្តទៅទៀត ប៉ុន្តែស្ដ្រីជាម្ដាយបានប្រាប់ទៅអ្នកឃើញហេតុការណ៍ទាំងនោះថា គាត់បានធ្វើទារុណកម្មមកលើកូនរបស់គាត់ អស់រយៈពេល៣ថ្ងៃមកហើយ ហើយការធ្វើបែបនេះ គឺទុកជាមេរៀនសម្រាប់កូនរបស់គាត់ ឲ្យឈប់ប្រព្រឺត្តនូវទង្វើអាក្រក់បែប​(លួចលុយ)នេះ បន្ត​ទៅទៀត។

អ្នកលេងបណ្ដាញសង្គម Weibo បានសរសេររិះគន់ផង និងផ្ដល់គំនិតអប់រំផងថា ការធ្វើបាបកូនបែបនេះ គឺជាការធ្វើទារុណកម្មមួយមិន​អាចទទួលយកបានឡើយ។ ព្រោះទំនាក់ទំនង រវាងកុមារ និងមនុស្សពេញវ័យ គឺវាមានសារៈខាន់ខ្លាំងណាស់ នៅក្នុងការធ្វើឱ្យជីវិតរបស់កុមារមានលក្ខណៈល្អប្រសើរ។ គ្រប់ពេលទាំងអស់ នៃទង្វើរបស់ឪពុកម្ដាយ និងក្រុមគ្រួសារ ក៏ដូចជាសង្គមទាំងមូល គឺក្មេងងាយនឹងចម្លងនូវទង្វើទាំងនោះណាស់។ កាលណា នៅក្នុងគ្រួសាររបស់គេ ប្រកបដោយអំពើហិង្សា គឺកុមារ​ទាំងនោះ នឹងទទួលរងនូវការឈឺចាប់ផ្លូវចិត្ត ដែលនាំឱ្យគេកើតនូវអស្មិមានះ និងចូលចិត្តប្រើអំពើហិង្សា នៅពេលគេធំពេញវ័យ៕