ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក កាហ្ស៊ូយូគី ណាកាណេ( Kazuyuki NAKANE) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។

លោក Kazuyuki NAKANE បានគោរពជម្រាបជូនសម្តេចតេជោ អំពីការរីកចម្រើន នៃទំនាក់ទំនង និងសហប្រតិបត្តិការ រវាងកម្ពុជា និងជប៉ុន ជាពិសេសនៅក្នុងខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតដ៏ល្អ រវាងប្រទេរសទាំងពីរ។ នៅពេលនេះ ប្រទេសជប៉ុនបានសម្រេច​បើកអគ្គកុងស៊ុល នៅទីក្រុងសៀមរាបបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងស៊ីជម្រៅ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការជប៉ុន បានប្តេជ្ញាក្នុងការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែល្អរឹងមាំខ្លាំងឡើងថែមទៀត។

លោក កាហ្ស៊ូយូគី ណាកាណេ( Kazuyuki NAKANE) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានបញ្ជាក់ថា ទិសដៅរបស់ជប៉ុន ក្នុងការរួមចំណែក នៅក្នុងតំបន់ គឺជួយជំរុញការអភិវឌ្ឍរបៀងខាងត្បូង ក្នុងនោះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការចូលរួមចំណែកអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ បណ្តាញខ្សែអគ្គិសនី និងការអភិវឌ្ឍធនធានមនុស្ស ដោយជប៉ុនបានសម្រេចបង្កើតមហាវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន នៅកម្ពុជាទៀតផង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះ លោក Kazuyuki NAKANE និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយកម្ពុជា នាពេលកន្លងមក និងគម្រោងជំនួយនានាមកកម្ពុជា រហូតមកទល់សព្វថ្ងៃ ដែលសុទ្ធតែជួយចំគោលដៅអាទិភាពរបស់កម្ពុជា ដោយផ្តោតលើ “ធនធានមនុស្ស ទឹក ភ្លើង និងផ្លូវ”។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានគាំទ្រចំពោះសកម្មភាពនាវាយុវជនអាស៊ានដែលបានតភ្ជាប់ រវាងយុវជនកម្ពុជា យុវជនអាស៊ាន និងយុវជនជប៉ុនឲ្យមានទំនាក់ទំនងល្អ។ ស្របជាមួយគ្នានេះដែរ យុវជនកម្ពុជាក៏បានបង្កើតសមាគមនាវាយុវជនកម្ពុជា ដើម្បីចូលរួមសកម្មភាពជាមួយនាវាយុវជនអាស៊ាន-ជប៉ុន ដែលមានសមាជិកកំពុងកើនឡើង ជារៀងរាល់ឆ្នាំផងដែរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យភាគីជប៉ុន បន្តជួយ និងគាំទ្រដល់ការបោះឆ្នោតសកល នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយសម្ដេចបានស្នើសុំឲ្យបញ្ជូនអ្នកសង្កេតការជប៉ុនមកចូលរួមសង្កេតការ នៅក្នុងថ្ងៃបោះឆ្នោត ដើម្បីឃ្លាំមើលការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ដែលជាដំណើការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា៕