​ខេត្តកំពង់ស្ពឺ​៖​ លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ កាលពី​ព្រឹក ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៨ បានអញ្ជើញគ្រូគុនតេ​ក្វា​ន់​ដូ​ មកបង្ហាត់​បង្រៀនដល់​កងកម្លាំង​នគរបាល​ក្នុងខេត្តរបស់ខ្លួន ដើម្បីបង្កើននូវសមត្ថកិច្ច ក្នុងការការពារខ្លួន និងបង្ក្រាបនូវបទល្មើសនានា។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅក្នុងការបើកវគ្គហ្វឹកហ្វឺនក្បាច់គុនតេក្វាន់ដូ កាលពីព្រឹកមិញនេះ ធ្វើឡើង ក្រោម​វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ត្រី​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ត​ និងមានការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ ស្នងការ​រង​ លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៨​។ រីឯគ្រូ​បង្គោល​ គឺមកពី​តេ​ក្វា​ន់​ដូ​ពន្លឺ​ថ្មី​ខេត្ដ​ អង្គភាព​អន្ដរាគមន៍​ នៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ គ្រូបង្វឹក​ប្រចាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ សរុប​ចំនួន១៥​នាក់​ ហើយ​សិក្ខាកាម​ដែលបានមកចូលរួមរៀនក្បាច់គុននេះ មានចំនួន៣៥​នាក់​ (ស្រី​៧​ នាក់​)​ ដោយមន្ត្រីខ្លះ មកពី​ការិយាល័យ​ជំនាញ​មួយ​ចំនួន​ រួមមាន​ ការិយាល័យព្រហ្មទណ្ឌ ​ ការិយាល័យនគរបាលចរាចរណ៍​ ​ការិយាល័យ ប្រឆាំង​បទល្មើស ​និងប្រឆាំង​ការ​ជួញដូរ​មនុស្ស​។

លោកឧត្តមសេនីយ៍ត្រី​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ការ​បើក​វគ្គ​បង្ហាត់​ក្បាច់​គុននេះ គឺ​ដើម្បី​បង្កើននូវ​សមត្ថភាព​ផ្នែក​កម្លាំងកាយ​​សម្បទា​រឹង​មាំ​ ប្រាជ្ញា​ស្មារតី​ លំ​ហាត់ប្រាណ​ដល់​កងកម្លាំង​នគរបាល ​ពិសេស​រួមចំណែក ​ថែរក្សា​សុខភាព​ទៀត​ផង​។​

ជាមួយគ្នានេះ ​លោកស្នងការនគរបាលដដែល បាន​ណែនាំ​ក្រើន​រំឭក​ដល់​សិក្ខាកាម​ទាំងអស់​ ត្រូវ​តែ​ខិតខំ​យកចិត្តទុកដាក់​ ហ្វឹកហាត់​ឲ្យ​ចេះ​ចាំ​ស្ទាត់​លើ​មេរៀន​ជំនាញ​ដែល​លោកគ្រូ​ បាន​បង្ហាត់បង្រៀន​។ ក្នុង​ពិធី​នោះ ​លោកស្នងការ​ក៏​បាន​ឧបត្ថម្ភ​នូវ​សម្ភារ​មួយ​ចំនួន​ ជូន​ដល់​លោកគ្រូ​ រួម​មាន​ ឧបករណ៍​ហ្វឹកហាត់​ ទឹកបរិសុទ្ធ​ ទឹកក្រូច​ ភេសជ្ជៈ​ខា​រា​បាវ​ និង​ថវិកា​មួយ​ចំនួនទៀត៕