មហាសេដ្ឋីហិរញ្ញវត្ថុ Chen Jinfei បានដើរតួយ៉ាងសំខាន់ក្នុងការនាំយកតារាសម្តែង Liu Yifei ពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិន និងជួយនាងឱ្យសម្រេចក្តីសុបិនចង់ក្លាយជាតារាសម្តែង។
យោងតាម East Money ទំនាក់ទំនងរវាង Chen Jinfei និង Liu Yifei ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន នៅពេលដែលលោកជាអ្នកផលិតរឿង The Tale of Rose ដែលជាខ្សែភាពយន្តដែលសម្តែងដោយ Yifei ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា បង្កឱ្យមានភាពចម្រូងចម្រាសដល់ទស្សនិកជនពីទំនាក់ទំនងអ្នកទាំងពីរ។ លោក Chen Jinfei មានអាយុ ៦២ឆ្នាំ បច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្ត Hongxingwu ដែលមានភាគហ៊ុន ៩០% ហើយតារាស្រីរូបនេះគឺជាសិល្បករតែមួយគត់ដែលគ្រប់គ្រងដោយក្រុមហ៊ុននេះ។

លើសពីនេះ លោកគឺជានាយកប្រតិបត្តិនៃសាជីវកម្មដែលមានឯកទេសផ្នែកព័ត៌មានវិទ្យា វិស្វកម្មមេកានិច និងឧបករណ៍អេឡិចត្រូនិក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង។ អ្នកជំនួញម្នាក់នេះមានអាថ៌កំបាំងពីជីវិតផ្ទាល់ខ្លួន ហើយកម្រផ្តល់បទសម្ភាសន៍ណាស់។ ក្នុងឆ្នាំ២០០២ យោងតាមស្ថិតិរបស់ Forbes លោកស្ថិតក្នុងបញ្ជីអ្នកមានបំផុតទាំង ១០០ នៅប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិច្រើនជាង ២១០ លានដុល្លារអាម៉េរិក ជាសហគ្រិនម្នាក់ក្នុងចំណោមសហគ្រិនដែលមានបំផុតរបស់ប្រទេសចិន។
មហាសេដ្ឋីរូបនេះបានស្គាល់ Liu Yifei តាំងពីនាងនៅក្មេងមកម្ល៉េះ ដោយសារលោកជាមិត្តនឹងម្តាយរបស់នាងខណៈលោកធ្លាប់បង្ហើបថា Yifei បានហៅលោកថា «ប៉ា» តាំងពីនាងអាយុ៥ឆ្នាំមកម្ល៉េះ ដែលអាចហៅបានម្យ៉ាងថាជាឪពុកធម៌។
បន្ទាប់ពីឪពុកម្តាយរបស់ Liu Yifei បានលែងលះគ្នា នាងបានទៅរស់នៅអាម៉េរិកជាមួយម្តាយរបស់នាង។ នៅអាយុ ១៣ ឆ្នាំ ក្មេងស្រីរូបនេះបានប្រាប់ Chen Jinfei អំពីក្តីសុបិនរបស់នាងក្នុងការសម្ដែង។ បន្ទាប់មកលោកបានចាប់ផ្តើមរៀបចំផែនការដើម្បីគាំទ្រមហិច្ឆតារបស់នាងដោយបាននាំនាងត្រឡប់មកប្រទេសចិនវិញ ហើយបានសម្របសម្រួលផ្ទាល់ឱ្យនាងចូលក្នុងឧស្សាហកម្មកម្សាន្ត។ ការខិតខំប្រឹងប្រែងរបស់លោកបានជួយ Yifei ទទួលបានតួនាទីលេចធ្លោនៅក្នុងគម្រោងធំៗ រួមជាមួយនឹងអ្នកដឹកនាំរឿង និងតារាសម្ដែងល្បីៗរបស់ចិន ដែលរួមចំណែកធ្វើឱ្យនាងមានភាពល្បីល្បាញយ៉ាងឆាប់រហ័សជាពិសេសជាតួអង្គសៀវឡុងនី។
អាជីពរបស់តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះបានបន្តកើនឡើង ខណៈដែលនាងបានក្លាយជាតារាសម្តែងដើមកំណើតចិនដំបូងគេដែលដើរតួជា «ព្រះនាង» របស់ Disney ដែលជាការតែងតាំងសម្រាប់តួអង្គស្រីឈានមុខគេនៅក្នុងរឿងផ្តាច់មុខរបស់ Disney ជាមួយនឹងតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្ត «Mulan» ឆ្នាំ២០១៧ ។
មិនត្រឹមតែជួយ Liu Yifei ឱ្យរក្សាតំណែងជាកំពូលតារាសម្ដែងរបស់ចិន បន្ទាប់ពីប្រឡូកក្នុងអាជីពអស់រយៈពេល២២ ឆ្នាំ ក្នុងនាមជាអ្នកគ្រប់គ្រង លោក Jinfei បាននាំយកកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីៗលំដាប់អន្តរជាតិដូចជា LV, Bulgari ជាដើម ។
ក្រៅពី Liu Yifei មហាសេដ្ឋីរូបនេះបានគាំទ្រការងារ Yang Caiyu ក្នុងវិស័យសិល្បៈដែលមានមុខមាត់ស្រដៀង Yifei ប៉ុន្តែលោកមិនបានចុះកិច្ចសន្យាធ្វើជាអ្នកគ្រប់គ្រងរបស់នាងទេ។ ក្នុងឆ្នាំ២០១៧ អ្នកទាំងពីរបានបញ្ជាក់ថាពួកគេកំពុងទាក់ទងគ្នា។ តារាសម្តែងរូបនេះ ធ្លាប់បានបង្ហោះរូបថតមួយសន្លឹកជាមួយលោក Jinfei ហើយបានសរសេរថា «គ្មានអ្វីអាចបញ្ឈប់ស្នេហាបានឡើយ»។ ក្នុងឆ្នាំ ២០១៩ ប្រភពជាច្រើនបាននិយាយថាអ្នកទាំងពីរ បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា ប៉ុន្តែលោក Jinfei បាននិយាយថា លោក មិនចាំបាច់ឆ្លើយតបនឹងព័ត៌មាននេះទេនេះគឺជាបញ្ហាឯកជននៅក្នុងជីវិតរបស់យើង៕