ភ្នំពេញ ថ្ងៃទី 19 មករា៖ សែលកាតបាននាំយកស្នាមញញឹមទៅកាន់ក្មេងៗកាលពីចុង សប្ដាហ៍កន្លងទៅនេះ ក្នុងសកម្មភាពសប្បុរសធម៌ទៅកាន់ អង្គការលើកស្ទួយប្រជាពលរដ្ឋ (People Improvement Organization) នៅស្ទឹងមានជ័យ។

ក្រុមការងារសែលកាតបានប្រមូលវិភាគទានជាសាធារណៈតាំងពីមុនបុណ្យណូអែល ដែល រាប់បញ្ចូលជាផ្នែកមួយនៃកម្មវិធីជួយដល់សហគមន៍របស់ពួកគេ។ សៀវភៅសរសេរ និងសៀវភៅអាន រាប់រយក្បាល សម្ភារៈសិក្សា សំលៀកបំពាក់ ត្រូវបាននាំ យកទៅឱ្យកុមារបង្កភាពភ្ញាក់ផ្អើលដល់ពួកគេ បន្ថែមពីលើជំនួយសង្គ្រោះផ្សេងៗទៀត ទៅដល់អ្នកគ្រប់គ្រងអង្គការផងដែរ ។

លោកអៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វាពិតជាល្អខ្លាំងណាស់ដែលបានឃើញក្រុមការងាររបស់យើង ជាពិសេសគឺក្រុមការងារ ក្មេងៗជំនាន់ក្រោយរបស់យើង ជាអ្នកផ្ចុងផ្ដើមគម្រោងដោយខ្លួនគេផ្ទាល់ ព្រមទាំងធ្វើជា អ្នកសម្របសម្រួលកម្មវិធីសប្បុរសធម៌ ចាប់តាំងពីរដូវកាលបុណ្យណូអែលដែលជាពេល វេលាចែករំលែកក្ដីស្រលាញ់រហូតមកដល់ពេលនេះ។ សូមអរគុណដល់អ្នកទាំងអស់គ្នាដែល បានចំណាយពេលវេលាចូលរួមជាមួយយើងនៅថ្ងៃនេះ។

« នេះគ្រាន់តែជាសកម្មភាពសប្បុរសធម៌មួយក្នុងសកម្មភាពជាច្រើន ដែលក្រុមហ៊ុន សែលកាតអាចផ្តល់ត្រឡប់ទៅសហគមន៍វិញ ហើយបង្ហាញថាយើងពិតជាយកចិត្តទុក ដាក់ចំពោះសហគមន៍របស់យើង។ ក្មួយៗកុមារកំព្រាបានចំណាយពេលវេលាមួយថ្ងៃដ៏ រីករាយជាមួយក្រុមការងារសែលកាតរបស់យើង ហើយយើងសង្ឃឹមថានឹងបានជួបពួកគេ ម្តងទៀតក្នុងពេលឆាប់ៗនេះ »៕