ភ្នំពេញ ថ្ងៃទី 19 ខែមករា ឆ្នាំ 2018៖ ពានរង្វាន់និយោជកល្អជាងគេបំផុតប្រចាំឆ្នាំ 2018 (Cambodia’s Best Employer Brand Awards 2018) ប្រព្រឹត្តទៅនៅថ្ងៃទី 12 ខែមករា ឆ្នាំ 2018 បានប្រគល់ពានរង្វាន់ជូនក្រុមហ៊ុនសែលកាត ជានិយោជកដ៏ល្អបំផុត។

កម្មវិធីនេះប្រព្រឹត្តទៅនៅទីក្រុងបាងកក កាលពីថ្ងៃទី12 ខែមករា ឆ្នាំ 2018 ដោយមានការចូលរួមពីសំណាក់អ្នកដឹកនាំជាន់ខ្ពស់ជាច្រើនពីប្រទេសកម្ពុជា និងប្រទេសថៃ។ លោក ចាន់ វិបុល ជាប្រធានផ្នែកជ្រើសរើសបុគ្គលិក ហើយក៏ជាអ្នកវាយតំលៃស្តង់ដារគុណភាពធនធានមនុស្សរបស់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនផ្សេងទៀតក្នុងគ្រួសារ រ៉ូយ៉ាល់គ្រុប បានអញ្ជើញទៅទទួលពានរង្វាន់នោះជាតំណាងអោយក្រុមហ៊ុនសែលកាត។

លោកស្រី Nicky Enriquez នាយកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនសែលកាត បានថ្លែងថា៖“នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមហ៊ុនយើងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដ៏ល្អបំផុតមួយក្នុងប្រទេសកម្ពុជា។ កេរ្តិ៍ឈ្មោះរបស់សែលកាត ជានិយោជកពិតជាមានសារៈសំខាន់ខ្លាំងណាស់។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញបុគ្គលិក ជាពិសេសនៅក្នុងទីផ្សារដែលខ្វះខាតធនធានមនុស្សសំខាន់ៗ។  អ្វីដែលកំពុងជួយជំរុញយើងទៅមុខនោះ គឺការចូលរួមគាំទ្របុគ្គលិករបស់យើង។

យើងមិនដែលបានធ្វើយុទ្ធនាការ ឬផ្សព្វផ្សាយជ្រើសរើសបុគ្គលិកខ្នាតធំនោះទេ។ បុគ្គលិករបស់យើងជា អ្នកដែលជួយក្នុងសកម្មភាពទាំងនោះ។ ពួកគាត់មានមោទនភាពជាមួយអ្វីដែលពួកគាត់កំពុងធ្វើ។ ពួកគាត់ស្វែងរកអត្ថន័យជាមួយសកម្មភាពដែលគាត់ចូលរួម។ ពួកគាត់កសាងមិត្តភាពបានយ៉ាងល្អនិងមាននិរន្តភាព។

ពួកគាត់ចែករំលែកគំនិត ខិតខំរៀនសូត្របន្ថែម ធ្វើការសំរេចចិត្ត និងរីកចំរើន។ ដោយសារតែពួកគាត់រីករាយជាផ្នែកមួយនៃគ្រួសារសែលកាត ដូច្នេះអ្វីៗដែលពួកគាត់ចែករំលែកជាមួយអ្នកនៅជុំវិញខ្លួនគាត់ទទួលបានការជឿជាក់ និង មានឥទ្ធិពល។ ជោគជ័យនេះជំរុញយើង អោយរឹតតែខិតខំធ្វើអោយកាន់តែប្រសើរ។ យើងសូមថ្លែងអំណរគុណដល់ អ្នកឧកញ្ញ៉ា គិត ម៉េង និង ឯកឧត្តមឧកញ្ញ៉ា គិត ធាង ព្រមទាំង នាយកប្រត្តិបត្តិ លោក Ian Watson សម្រាប់ការចូលរួមគាំទ្រសកម្មភាពអភិវឌ្ឍន៍របស់យើង។”

ពានរង្វាន់និយោជកល្អបំផុតរបស់កម្ពុជា (Cambodia’s Best Employer Awards) គឺជាកម្មវិធីដំបូងបំផុតដែលបង្កើតឡើងដោយ Employer Branding Institute ដើម្បីទទួលស្គាល់ក្រុមហ៊ុនឬអង្គភាពដែលបានបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងលេចធ្លោជាងគេ។

ដោយមានការគាំទ្រពី Asian Confederation of Businesses ព្រឹត្តិការណ៏ទទួលអ្នកចូលពីសំណាក់អ្នកដឹកនាំអាជីវកម្មរាប់រយនាក់ពីប្រទេសកម្ពុជានិងប្រទេសថៃ។ ក្រុមហ៊ុនដែលបានទទួលពានរង្វាន់ដូចគ្នានេះដែរ រួមមាន រ៉ួយ៉ាល់គ្រុប និងក្រុមហ៊ុនដែលមានកេរ្តិ៍ល្បីល្បាញពេញពិភពលោកមានដូចជា Coke និង Unilever ៕