ភ្នំពេញ៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នៅ​រសៀល​ ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​ ម្សិលមិញ បាន​ថ្លែងថា រាជរដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្តី​ពី​អន្តោប្រវេសន៍​ និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​ ឬ​ឈាន​ទៅ​ធ្វើ​ច្បាប់​ថ្មី ​ដើម្បី​ដើរ​ឲ្យ​ទាន់​នឹង​សភាពការណ៍​ នៃ​ការ​ប្រែប្រួល​របស់​សង្គម​កម្ពុជា​ នាពេលបច្ចុប្បន្ន​នេះ​។​ សម្ដេចបានថ្លែងបែបនេះ ​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណ​កម្ម​ រយៈពេល​៣​ឆ្នាំ​ (២០១៤-២០១៧)​ និង​លើក​ទិស​ដៅ​ការងារ​បន្ដ​ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បញ្ជាក់​ថា​ “​ពាក់ព័ន្ធ​នឹង​ច្បាប់​ទាំង​ពីរ​នេះ​​ ក្រសួង​មហាផ្ទៃ កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ទទួល​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​ចំពោះ​ច្បាប់​នេះ​ផង​ដែរ​ ”​។​

​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ដែល​ចែក​ជូន​ក្នុង​អង្គសន្និបាត​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ បាន​ និង​កំពុង​រៀបចំ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ និង​បាន​សិក្សា​បទ​ពិសោធន៍​ជា​អន្តរជាតិ​មួយ​ចំនួន​សម្រាប់​ត្រៀម​ដាក់​ក្នុង​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ បន្ទាប់​ពី​មានការ​បញ្ជា​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។​ ជាមួយ​គ្នា​នេះ​ដែរ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ក៏បានពន្យល់​ថា​ ការ​ផ្តល់​សញ្ជាតិ​ គឺជា​កិច្ចការ​អធិបតេយ្យភាព​របស់​រាជរដ្ឋាភិបាល​ មាន​ន័យ​ថា​ ការ​សម្រេច​ផ្តល់​សញ្ជាតិ​ដល់​អ្នក​ស្នើ​សុំ​ជា​ឆន្ទានុសិទ្ធិ​របស់​រាជរដ្ឋាភិបាល​ ហើយ​អគ្គនាយកដ្ឋាន ​គ្រាន់តែ​ធ្វើ​ជា​សេនាធិការ​លើ​ការ​ទទួល​ពិនិត្យ​សំណុំ​បែបបទ​ និង​លើក​យោបល់​ ដោយ​ផ្អែក​តាម​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន​តែ​ប៉ុណ្ណោះ​។​

​តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ចាប់ពី​ឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០១៧​ ការងារ​សញ្ជាតិ​សម្រេច​បាន​ដូច​ជា​ ទទួល​បាន​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​តូប​នី​យ​កម្ម​ ចំនួន​១១០៨​ច្បាប់​ ក្នុង​នោះ​តាម​រយៈ​វិនិយោគទុន​ ចំនួន​១០៥០​ច្បាប់​ ស្មើនឹង​១០៦៨​រូប​ ស្នាក់​នៅ​៧​ឆ្នាំ ​ចំនួន​៥៤​ករណី​ ស្មើនឹង​៦៤​រូប ស្នាដៃ​ពិសេស​ ចំនួន​៤​ករណី​ ស្មើនឹង​៤​រូប​។​ ទទួល​បាន​ព្រះរាជក្រឹត្យ​លើ​ការ​ទាមទារ​សញ្ជាតិ​ និង​លះបង់​សញ្ជាតិ​បាន​ចំនួន​១០០​ច្បាប់​ ស្មើ​១០១​នាក់​ ក្នុង​នោះ​ តាម​រយៈ​អាពាហ៍ពិពាហ៍​ ចំនួន​៣១​ច្បាប់​ ស្មើនឹង​៣១​រូប លះបង់​សញ្ជាតិ​ចំនួន​៦៩​ច្បាប់​ ស្មើនឹង​ ៧០​រូប​ ។​ បាន​ជូន​ជនបរទេស​ដែល​ទទួល​បាន​ព្រះរាជក្រឹត្យ​ចូលសញ្ជាតិ​ខ្មែរ​ទៅ​ធ្វើការ​ស្បថ​ នៅ​ចំពោះ​មុខ​តុលាការ​កំពូល​ ចំនួន​៧​លើក​ ស្មើនឹង​ ៣៥១​រូប​៕