ភ្នំពេញ​៖ សាលាដំបូងរាជធានីភ្នំពេញ បាលកៅហៅលោក ជា មុ​ន្នី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ឲ្យ​ចូលទៅ​បំភ្លឺ​ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ ចំថ្ងៃខួបទី១៤ឆ្នាំ​នៃការបាញ់សម្លាប់លោក ជា វិជ្ជា ដែលជាបងប្រុសរបស់លោក ប៉ុន្តែរហូតមកដល់ពេលនេះ លោក ជា មុន្នី មិនទាន់​បង្ហាញខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​។

ការកំណត់​ពេលវេលារ​បស់​ព្រះរាជអាជ្ញា ឲ្យ​លោក ជា មុន្នី ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី នៅ​ព្រឹក​នេះ គឺ​ចំ​ថ្ងៃដែល​ប្រារព្ធ​ខួប​ទី​១៤ឆ្នាំ នៃ​ការបាញ់សម្លាប់​លោក ជា វិជ្ជា ដែលជា​បងប្រុស​បង្កើត​របស់លោក​។ នៅ​ព្រឹក​នេះដែរ គេឃើញ​​ប្រធាន​សហជីព ​និង​កម្មករ​-​កម្មការិនី​មួយចំនួន បាននាំគ្នាយក​កម្រងផ្កាទៅដាក់ ​នៅមុខ​រូបសំណាក​របស់លោក ជា វិជ្ជា ដែល​ស្ថិតនៅ​ជិតវិមានឯករាជ្យ ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​របស់លោក ជា វិជ្ជា។

​លោក ជា មុនី កាលពីពេល​ថ្មីៗ​នេះ​ ត្រូវបាន​សហភាព ​និង​សហព័ន្ធ​សហជីព ដែលមាន​និន្នាការ​ខាង​រដ្ឋាភិបាល ដាក់ពាក្យ​បណ្ដឹងប្តឹង​ចោទប្រកាន់​ពីបទ​ញុះញង់ បន្ទាប់ពីលោក ជា មុន្នី បានផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី ដោយ​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម ​មកលើរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ធ្វើ​ឲ្យ​សហភាព​និង​សហព័ន្ធ​សហជីព មិន​ពេញចិត្ត ហើយ​ចាត់ទុក​ថា ទង្វើនេះគឺជាការ​ញុះញង់​។

​លោក ដា​រ៉ា សុ​បញ្ញា និង​លោក កេតុ សុវណ្ណ​ឌី មេធាវី​តំណាង​ឲ្យ​សហភាព​និង​សហព័ន្ធ​សហជីព បាន​សរសេរ​ក្នុង​ពាក្យបណ្តឹង ​កាល​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ មានខ្លឹមសារថា «​លោក ជា មុន្នី មាន​ចេតនា​ចង់​ឲ្យ​អ្នកបញ្ជា​ទិញ​ទាំងអស់ ឈប់​បញ្ជា​ទិញ​ផលិតផល​វាយ​នភណ្ឌ និង​ផលិតផល​ផ្សេងៗ​ទៀត ដែល​នាំ​ចេញពី​ប្រទេស​កម្ពុជា ទៅ​លក់​នៅ​បណ្តា​ប្រទេស​ក្នុង​ទី្វ​ប​អឺរ៉ុប​»​។

​តាមរយៈ​មេធាវី​របស់ខ្លួន សហភាព​និង​សហព័ន្ធ​សហជីព ទាមទារ​ឲ្យ​ព្រះរាជអាជ្ញា ចោទប្រកាន់​លោក ជា មុន្នី ទៅតាម​ច្បាប់ និង​ទាមទារ​ឲ្យ​បង់ប្រាក់​រហូតដល់​១​លាន​ដុល្លារ​។ លោក​មេធាវី​ទាំងពីរ​នេះ ត្រូវបាន​ព្រះរាជអាជ្ញា កោះហៅ​ឲ្យ​ចូល​បំភ្លឺ​មុន​លោក ជា មុន្នី កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨​កន្លងទៅថ្មីៗនេះ។

ជា​ការ​កត់​សម្គាល់ ដីកា​កោះ​ហៅ លោក ជា មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឡើង​ចំ​ថ្ងៃ នៃ​ខួប​១៤​ឆ្នាំ នៃ​ឃាតកម្ម​បាញ់​សម្លាប់ លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​កម្មករ​ដ៏​ល្បី​ល្បាញ ​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​។​ ​នៅ​ថ្ងៃ​ខួប​១៤ឆ្នាំ នៃ​ការបាញ់​សម្លាប់​លោក ជា វិជ្ជា គេឃើញ​មាន​ប្រធាន​សហជីព​និង​កម្មករ​-​កម្មការិនី​មួយចំនួន នាំគ្នា​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់លោក ជា វិជ្ជា ដោយ​មាន​ដាក់​កម្រងផ្កា​នៅមុខ​រូបសំណាក​របស់លោក នៅ​ជិត​វិមាន​ឯករាជ្យ​។

នៅ​ក្នុង​ខួប​គម្រប់​១៤ឆ្នាំ នៃ​ឃាត​កម្ម លោក ជា វិជ្ជា នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ នេះ​ដែរ អតីតគណបក្ស​សង្រ្គោះ​ជាតិ​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ថ្លែង​ថា គណបក្ស​សង្រ្គោះ​ជាតិ មិន​អាច​បំភ្លេច​បាន​នូវ​វីរភាព​របស់លោក ជា វិជ្ជា ដែល​បាន​លះ​បង់​គ្រប់​បែប​យ៉ាង និង​ធ្វើ​ពលិកម្ម ដើម្បី​ជួយ​កម្មករ កម្មការិនីខ្មែរ ប្រឆាំង​នឹង​ការ​ជិះជាន់​ ឲ្យ​ទទួល​បាន​សិទ្ធិ សេរីភាព ផលប្រយោជន៍ និងលក្ខខណ្ឌការងារ ដែល​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

ជាមួយគ្នានេះ អតីតមន្ត្រី​គណបក្ស​សង្រ្គោះជាតិ ក៏​បានអំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត ស្រាវ​ជ្រាវ​ឲ្យ​បាន​ពិត​ប្រាកដ ក្នុង​ការ​វែក​មុខ​រកឃាតករ​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតករ ដើម្បីនាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។

ទោះជាយ៉ាងណា ទាក់ទិននឹងករណីខាងលើនេះ KBN មិនអាចទាក់ទងសុំការបំភ្លឺពីលោក ជា មុន្នី បានឡើយ៕