ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយថា នៅក្នុងវត្តមួយឈ្មោះ វត្តហួយរះយ៉ា ស្ថិតនៅឃុំណាប្រុះ ស្រុកព្រះព្រហ្ម ខេត្ត Nokhon Rachasima មានចិញ្ចឹមពស់ថ្លាន់យក្ស មួយក្បាលឈ្មោះថា “ម៉ែថងខាំ” ដែលជាពស់របស់ព្រះសង្ឃនាម បុណឡឺត ភូលសវ៉ាត អាយុ៦៦ឆ្នាំ ដែលបានចិញ្ចឹមវាទុក ។

មិនតែប៉ុណ្ណោះ ពលរដ្ឋនៅក្នុងភូមិបានមាន ជំនឿថា វាអាចជួយរក្សាជំងឺបានទៀតផង ដោយពស់ថ្លាន់យក្សនោះ មានប្រវែង៦ម៉ែត្រ ទំងន់២០០គីឡូក្រាម ហើយបានដេករស់នៅលើគុដ របស់ព្រះសង្ឃខាងលើ ដោយនៅស្ងៀមមួយកន្លែង មិនរើបំរះ ឬមិនវារទៅណាទាំងអស់។

បើតាមសម្តីរបស់ព្រះសង្ឃឈ្មោះ បុណឡឺត បានឲ្យដឹងថា ព្រះអង្គបានចិញ្ចឹមពស់ថ្លាន់យក្ស មួយក្បាលនេះអស់រយៈពេល៣០ឆ្នាំមកហើយ ព្រោះតែបានចិញ្ចឹមតាំងពីពស់នោះ នៅតូចមកម្ល៉េះ ដោយសារក្មួយប្រុសបានទិញមកផ្ញើរ តាំងពីខ្លួនព្រះអង្គបួសឆ្នាំទី១ ។

រយៈពេលកន្លងមកនេះ មានប្រជាជនជាច្រើន បានចូលមករក្សាជំងឺផ្សេងៗ ខ្លះក៏បានចូលមកសុំឲ្យមានកូន តាមសេចក្តីប្រាថ្នា ។ ចំណែកការរក្សាព្យាបាលជំងឺវិញនោះ គ្រាន់តែយកកន្លទុយរបស់ពស់ថ្លាន់នេះ មកដាក់ពីលើអ្នកជំងឺ ហើយមិនមានការគិតប្រាក់កាសអ្វី ពីអ្នកជំងឺនោះឡើយ តែអ្នកខ្លះបានចូលជាបច្ច័យ ទៅតាមទឹកចិត្តពួកគេ ដើម្បីធ្វើបុណ្យ ។

តាមការឲ្យដឹងបន្ថែមថា ពស់ថ្លាន់នេះ ត្រូវបានឲ្យចំណីជាមួយនិងសត្វមាន់ ដោយ១ខែវាស៊ីអស់មាន់៣ក្បាលតែប៉ុណ្ណោះ អ្នកជំងឺខ្លះបានចូលទៅព្យាបាល ហើយក៏ជាសះស្បើយ ហើយក៏ចូលរួមធ្វើបុណ្យនៅក្នុងវត្ត ដើម្បីកសាងវត្តបន្ថែមទៀតផងដែរ ៕