​ភ្នំពេញ៖ ក្រោយពី​លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ នៃសាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​មិន​អនុញ្ញាត​ឱ្យ​លោក​ កឹម​ សុខា​ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្រៅ​ឃុំជា​បណ្តោះអាសន្ន​នោះ​ មេធាវី​ការពារ​ក្ដី​ជនត្រូវចោទ​នឹងបន្ដប្តឹង​​ទៅ​សភា​ស៊ើបសួរ នៃ​សាលាឧទ្ធរណ៍ ដើម្បីចារណា​ដោះលែង​លោក​ កឹម​ សុខា​ ឱ្យ​បាន​នៅ​ក្រៅឃុំ​ជាបណ្តោះអាសន្ន​។

លោក​ ហែម​ សុជាតិ​ មេធាវី​ការពារ​ក្ដី​របស់លោក​ កឹម​ សុខា​ បានឲ្យដឹងថា​ នៅ​ថ្ងៃនេះ​ លោក​នឹង​ប្តឹង​បន្ត​ទៅ​សភា​ស៊ើបសួរ​ នៃសាលាឧទ្ធរណ៍​ ដើម្បី​ឱ្យ​សាលាឧទ្ធរណ៍​ ពិចារណា​ដោះលែង​លោក​ កឹម​ សុខា​ ឱ្យ​បាន​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​។

គួររម្លឹកថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ពីបទក្បត់ជាតិ ហើយលោក​ កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។ យោងតាមបទចោទប្រកាន់«ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។

ដោយឡែក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» យោងតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែកាលពីពេលថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ក្រុមមេធាវីការពារក្ដីរបស់ឲ្យលោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនលោក កឹម សុខា ដោយស្ថាប័នតុលាការអះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវ ស្របតាមផ្លូវច្បាប់៕