ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨ នេះ អគ្គនាយកក្រុមហ៊ុនពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ ដែលត្រូវបានមហាជនដាក់រហស្សនាមថាឧកញ៉ាចិត្តធម៌នៅកម្ពុជាមួយរូបនោះ បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ២ លានដុល្លារឯណោះដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បី​ជួយសង្រ្គោះអាយុជីវិតកុមារនៅកម្ពុជា ។

បើយោងតាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អ្នកឧកញ៉ាចិត្តធម៌ ហុង ពីវ ទឹកប្រាក់ដែលលោក និង ក្រុមគ្រួសារបានប្រគល់ជូនប្រធានមន្ទីរពេទ្យគន្ធបុប្ផា គឺមានចំនួនរហូតដល់ ២,១៦៨,៨៨៨ ដុល្លារឯណោះ ដែលពិធីនេះបានប្រារព្ធឡើងនៅមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់តែម្ដង ។

សន្ដានចិត្តដ៏ជ្រះថ្លារបស់អ្នកឧកញ៉ាចិត្តធម៌ដ៏ល្បីឈ្មោះខាងលើសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា បានធ្វើឡើងជាលើកទី ៣ ហើយ ដោយលើកទីមួយនៅឆ្នាំ ២០១៦ លើកទីពីរនៅឆ្នាំ ២០១៧ និង លើកទីបី គឺនៅដើមឆ្នាំ ២០១៨ នេះតែម្ដង ។

បន្ទាប់ពីបានប្រគល់ថវិកាដើម្បីជួយសង្រ្គោះជីវិតកុមារនៅកម្ពុជាសម្រាប់ឆ្នាំ ២០១៨ នេះរួចរាល់ អ្នកឧកញ៉ា ហុង ពីវ ក៏បានសម្ដែងភាពស្និទ្ធស្នាលជាមួយកុមារតូចៗដែលកំពុងរង់ចាំការព្យាបាលនៅមន្ទីរពេទ្យនោះផងដែរ ។ មហាជនទាំងចាស់ទាំងក្មេង បានកោតសរសើរចំពោះទឹកចិត្តអ្នកឧកញ៉ា និង ក្រុមគ្រួសារយ៉ាងក្រៃលែងដែលបន្តអំពើសម្បុរសធម៌របស់ខ្លួន ៕
Cake KBN