ភ្នំពេញ៖ សមត្ថកិច្ចចម្រុះបានចុះឆែកឆេរទីតាំងផលិតស្ករត្នោក្លែងក្លាយដ៏ធំមួយកន្លែង សង័្សយមានលាយនូវសារធាតុគីមីដែលច្បាប់ហាមឃាត់ កាល​ពី​វេលា​ម៉ោង១០​​ព្រឹក ​ថ្ងៃ​ទី​១៧ ​ខែមករា ឆ្នាំ២០១៨​ នៅតាម​បណ្តោយ​ផ្លូវ​បេ​តុង ស្ថិតក្នុងភូមិ​ដើម​ម៉ាក់​ក្លឿ​ង សង្កាត់​ច្បារ​អំពៅ​ទី១ ខណ្ឌ​ច្បារ​អំពៅ។

មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងផលិតស្ករត្នោតខាងលើនេះ មានការចូលរួមពីកម្លាំង​សមត្ថកិច្ច នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​ក្រសួងមហាផ្ទៃ ​មន្ត្រី​កាំកុងត្រូល ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ​ ក្រោមការសម្របសម្រួលពីលោក ​ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញារ​រង​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ។ ជាលទ្ធផល នៃប្រតិបត្តិការនេះ សមត្ថ​កិច្ចចម្រុះបានឃាត់ខ្លួនម្ចាស់​ទីតាំង​ ឈ្មោះ ឆែរ គី​ម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ស្នាក់​នៅ​ក្នុងទីតាំង​ផលិត​ស្ករត្នោត​ខាងលើ រួច​បញ្ជូន​ទៅ​កាន់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច នៃ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​ ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន នៅក្នុង​ស្ករ​ត្នោត។

លោក ​គង់ វុ​ទ្ធី អនុប្រធាន​ផែស្ងួត​ចុង​ទី នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បញ្ជាក់​ថា ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែងនោះ កម្លាំង​ជំនាញបាន​រក​ឃើញ​ថា ស្ករត្នោតទាំងនេះ គឺ​ពុំ​មែន​សារធាតុ​ស្ករត្នោត​សុទ្ធ​១០០​ភាគរយ​ឡើយ គឺ​ម្ចាស់​ទីតាំង​បាន​ផលិត​ស្ករត្នោត​ បានប្រើ​ស្ករស​ជា​ច្រើន រួម​ជា​មួយ​សារធាតុសូ​ហ្វី​ត ដែល​​ធ្វើ​ឲ្យ​បាត់បង់​នូវ​គុណភាព និង​បរិមាណ​សារធាតុដើម​របស់​ស្ករត្នោត។

លោក​អនុប្រធាន​ផែស្ងួត​ចុង​ទី នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បានបន្ថែម​ថា ចំពោះ​ស្ករត្នោត​​ដែល​មាននៅ​ក្នុង​ទីតាំង​ខាងលើ ប្រមាណ​ជិត​៣០​តោន​នេះ គឺលោក​មិន​អាច​ពិនិត្យ​មើល​នៅ​នឹង​កន្លែង ថា​តើ​វា​មាន​ផ្ទុកនូវ​សារធាតុ​គីមី ឬ​យ៉ាងណា​នោះ​ទេ? ដូច្នេះហើយ​ទើប​លោក​សម្រេច​ដកហូត​យកស្ករត្នោត​មួយ​ចំនួន ​យក​ទៅ​ពិនិត្យ​មើល​ នៅ​ក្នុងមន្ទីរពិសោធន៍ ឬ​ហៅ​ថា ឡា​ប៉ូ ទើប​អាច​ដឹង​ថា​ ​ស្ករត្នោត​ទាំងនោះមាន​លាយឡម​ជាមួយនឹង​សារធាតុ​គីមី​ដែលច្បាប់ហាមខាត់ឬ​យ៉ាងណា​?

ក្រោយពេលចុះឆែកឆេររួច ​ទីតាំង​ផលិត​ស្ករត្នោត​ខាងលើ ត្រូវ​​សមត្ថកិច្ច​ចម្រុះ​សម្រេច ​ផ្អាក​ដំណើរការ​អាជីវកម្ម​ជាបណ្តោះអាសន្ន​សិន និង​មិន​អនុញ្ញាតឲ្យ​មានការ​ប្រមែប្រមូល​សម្ភា​រ និង​ស្ករត្នោត យកចេញពី​ទីតាំង​ផលិត​ជា​ដាច់ខាត គឺត្រូវរង់​ចាំ​លទ្ធផល ​ចេញពី​មន្ទីរពិសោធន៍​សិន ទើប​សម្រេច​ដោះស្រាយ​ទៅ​តាមការ​ជាក់ស្តែង៕