ភ្នំពេញ​៖ ស្រី​ស្អាត​វ័យក្មេង២​នាក់បាន​ជួញដូរ​គ្រឿងញៀន ក៏អស់លក្ខណ៍ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ​​​ ចុះទៅឃាត់​ខ្លួន ​និង​ឆែកឆេរ​ឃើញ កាលពី​​វេលា​ម៉ោង​៤​ និង​៣០​ទៀបភ្លឺ ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ២០១៨ ​​នៅ​តាម​ផ្លូវលំមួយខ្សែ ស្ថិត​​ក្នុងភូមិ​ដំណាក់​សង្កែ ​សង្កាត់​ព្រែក​កំពិស ខណ្ឌដង្កោ។

ម​ន្ត្រីនគរបាលខណ្ឌដង្កោ បាន​​ឱ្យ​ដឹង​ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-​ឈ្មោះ​ មុំ សុខ​ច​ន្ថា អាយុ​២៨​ឆ្នាំ ​និង​ទី២-​ឈ្មោះ ​សៅ បុប្ផា អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​ ក្នុងភូមិ​កើតហេតុ​ខាងលើ​​។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលឃាត់ខ្លួន ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាលព្រែក​កំពិស​ និងកម្លាំង​នគរបាល​ខណ្ឌដង្កោ​ បានសហការគ្នា ចេញ​ល្បាត នៅក្នុងដែនដីរបស់ខ្លួនគ្រប់គ្រង ដើម្បីរក្សានូវសន្ដិសុខជូនប្រជាពលរដ្ឋ និងទប់ស្កាត់នូវបទល្មើសនានា។ លុះពេលសមត្ថកិច្ចល្បាតទៅដល់កន្លែងកើតហេតុខាងលើ ក៏ជួបនឹងស្រីស្អាតទាំង២នាក់ដែលមើលទៅគួរឲ្យសង្ស័យ ទើបសមត្ថកិច្ចសុំឆែកឆេរ ក៏រកឃើញថ្នាំញៀន។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកកំពិស ដើម្បីសាកសួរ និងកសាងសំណុំរឿង​បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ចាត់ការបន្តតាមនីតិវិធី៕