ភ្នំពេញ៖ យុវជន២នាក់រងរបួសធ្ងន់ ម្នាក់បាក់ជើងទាំងសងខាង និងម្នាក់ទៀតបាក់ជើងម្ខាង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូវ៉ាជែងរថយន្តជ្រុលទៅបុកពីក្រោយម៉ូតូមួយគ្រឿងទៀត ហើយខ្ទាតចូលរថយន្តបើកច្រាស់ទិស ទើបបណ្តាលឱ្យបុកបន្ថែមតែម្តង ចំណែកភាគីម្ខាងទៀតរងរបួសស្រាល កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិងនៅលើកំណាត់ផ្លូវជាតិលេខេ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងម៉ូតូ ហុងដា សេ១១០ ស៊េរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-9909 ជិះគ្នា ២នាក់ បើកបរដោយ ឈ្មោះ ហម ឆាយ ភេទប្រុស អាយុ ១៧ឆ្នាំ រងរបួសបាក់ជើងស្តាំ រួមដំណើរដោយឈ្មោះ ហម ហាវ ភេទប្រុស អាយុ ១៨ឆ្នាំ រងរបួសបាក់ជើងទាំង២ ។

ជនរងគ្រោះ ទាំង២នាក់ ត្រូវជាបងប្អូននឹងគ្នា មានទីលំនៅ ភូមិស្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ជិះម៉ូតូ មករកការងារធ្វើនៅទីក្រុងភ្នំពេញ ។ ចំណែកភាគីខាងម៉ូតូ ហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-8758 បើកបរដោយបុរសម្នាក់ មានឌុបកូនប្រុសតូចម្នាក់ រងរបួសស្រាល មានទីលំនៅ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែង មុនកើតហេតុ ភាគីម៉ូតូសេ១១០ ជិះឌុបគ្នាល្បឿនលឿន ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ យកចង្កូតមិនទាន់ជ្រុលទៅបុកម៉ូតូសេ១២៥ ជិះ២នាក់ឪពុកកូនពីក្រោយ បណ្តាលឱ្យដួលទាំង២ ចំណែកជនរងគ្រោះ ២នាក់ខាងម៉ូតូសេ១១០ ពេលដែលដួលបានខ្ទាតទៅបំណែកផ្លូវម្ខាង ត្រូវបានរថយន្ត មូរ៉ូឡាមួយគ្រឿង មិនចាំស្លាកលេខ បើកច្រាសទិសជ្រុលមកបុកបន្ថែម បណ្តាលឱ្យរងរបួសបាក់ជើងធ្ងន់ ២នាក់ ហើយរថយន្តបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូ២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌរង់ចាំដោះស្រាយពេលក្រោយ ៕