ភ្នំពេញ៖ បុរស ២នាក់ជាមន្ត្រីនគរបាលបំរើការអង្គភាពប្រឆាំងភេរវកម្ម ចេញ​ពីច្រៀងខារ៉ាអូខេញូស្តារ ​បើកឆ្លងខឹង​រថយន្តកុងតឺន័របើកជែង មិនព្រមឆ្លងបានបើករថយន្តដេញតាមកាក់ពីមុខ រថ​យន្តកុងតឺន័ររួចដកកូនកាំបិត និងកាំភ្លើងខ្លីភ្ជង់គំរាម បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១​រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២៧១ នៅចំណុចមុខក្រុមហ៊ុនស៊ីញូខេអេភី ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ភាគីខាងរថយន្តកុងតឺន័រមានឈ្មោះ ញ៉ាន ឌួច ភេទប្រុស អាយុ ២៥ឆ្នាំ ​មុខរបរបើករថយន្តក្រុមហ៊ុន SP ដឹកការ៉ូ ស្នាក់នៅមុខធនាគារជាតិ ផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំនែកឯភាគីខាងរថយន្តកាមរីមានឈ្មោះ ខាត់ នីម អាយុ ៣០ឆ្នាំ ​មុខរបរជាមន្ត្រីពាក់សក្តិ៥ នៅអង្គភាពប្រឆាំងភេរវកម្ម ជាអ្នកកាន់កាំបិតដេញចាក់​តៃកុងតឺន័រ និងមិត្តភក្កិម្នាក់ទៀតជាអ្នកកាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌ពីអ្នកបើករថយន្តកុងតឺន័រ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់ជាកម្មករបើករថយន្តកុងតឺន័រ ពណ៌ក្រហម ​រួមដំណើរជាមួយប្រពន្ធ ដឹកការ៉ូមកពីអ្នកលឿង​ដឹកយកទៅទម្លាក់​ឱ្យគេនៅម្តុំធនាគារជាតិតាមផ្លូវហាណូយ ខណៈពេលបើកមកដល់ផ្លូវ២៧១ មុខខារ៉ាអូខេញូស្តារ​ បើក​ក្នុងទិសដៅពីត្បូងទៅជើង ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2A-O9823 បើកបរឆ្លងផ្លូវចេញពី ខារ៉ាអូខេញូស្តារ ​ទិសដៅពីលិចទៅកើត​បត់ឆ្វេងស្របទិសគ្នា ។

ឃើញបែបនេះ គាត់ខំប្រឹង បន្ថែមល្បឿនបើកជែងខាងស្តាំ​ទៅផុត ចំណែករថយន្តកាមរីបាឡែនបានបើកតាមពីក្រោយ រហូតមកដល់មុខក្រុមហ៊ុនស៊ីញូខេអេភី ក្បែរមន្ទីរពេទ្យព្រះកុសុមៈ តាមផ្លូវ២៧១ សង្កាត់​ទឹក​ល្អក់ទី២ ខណ្ឌទួលគោក ស្រាប់តែរថយន្តកាមរីបាឡែន បានបើក​ជែងទៅកាក់ពី​មុខ​រថយន្តកុងតឺន័រ ហើយចុះមកសម្លុតគំរាមគាត់ ដោយអ្នកបើករថយន្តកាមរីបាឡែនបានដកកូនកាំបិតភ្ជង់ ​ធ្វើឱ្យគាត់ភ័យ បានធាក់មួយជើងវិញដួល ក៏ត្រូវមិត្តភក្កិម្នាក់ទៀត ដែលរួម​ដំណើរក្នុងរថយន្តបាឡែន បានដកកាំភ្លើងភ្លីខ្លីម៉ាកឡុកភ្ជង់ ហើយបុរសដែលកាន់កូន​កាំបិត​នោះ បានយកកូនកាំបិតឆ្កូត​ខ្នងរបស់គាត់ធ្វើឲ្យរយះផងដែរ ។ ​ភ្លាមៗនោះដែរ បានសមត្ថកិច្ចប៉ុស្តិ៍អូបែកក្អម ល្បាតប្រទះឃើញក៏ហៅកម្លាំង មកឃាត់បាន ២នាក់ និងកាំភ្លើង ២ដើម ។

បើតាមសម្ដី​​ម្ចាស់រថយន្តកាមរីបាឡែនវិញ ​បានលើកឡើងថា មុនពេលកើតហេតុ គាត់ស៊ីញ្ញូឆ្វេង សុំផ្លូវឆ្លង ប៉ុន្តែខាងរថយន្តកុងតឺន័រ បើកលឿន ហើយចង់បើកគៀររថយន្តរបស់គាត់ទៀតពេលនោះ គាត់ខឹងទើបបើករថយន្តដេញតាមទៅកាក់ពីមុខរថយន្តកុងតឺន័រដើម្បីសួរនាំថា ហេតុអីបានជាបើកលឿន ហើយចង់គៀររថយន្តរបសគាត់ ប៉ុន្តែខាងតៃកុងរថយន្តនោះ បានឈ្លោះប្រកែកជាមួយគាត់ ហើយ​ចង់វ៉ៃគាត់ទៀត ទើបមិត្តភក្ដិគាត់ដែលជិះក្នុងរថយន្ត ដកកាំភ្លើងដើម្បីការពារខ្លួនតែប៉ុណ្ណោះ មិនមានបំណងបាញ់អ្វីនោះឡើយ ។

ក្រោយពេលកើតហេតុ អាវុធហត្ថខណ្ឌទួលគោកសហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អក់២ ​បានមកដល់ក៏ជួយសម្របសម្រួលគ្នានៅប៉ុស្តិ៍ទឹកល្អក់២ជាច្រើនម៉ោង ទើប​ភាគីខាងរថយន្ត​បាឡែនយល់ព្រមសងសំណងទៅឱ្យខាងរថយន្តកុងតឺន័រចំនួន ២០០ដុល្លារដើម្បីបញ្ចប់រឿង​ ៕