ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​​ជំងឺមហារីក និង​សម្ភព​ថ្មី ​នៅក្នុង​បរិវេណ​ នៃមន្ទីរពេទ្យ​កាល់ម៉ែត កាលពី​ព្រឹក ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០១៨នេះថា​ សម្ដេចនឹងឈប់ឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៨ខាងមុខនេះ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា សម្ដេច​នឹង​នៅបន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី មិនតិចជាង​១០​ឆ្នាំ​ទៀតទេ ​ដោយសម្ដេច​បានលើកឡើង​ថា នៅពេលនេះសម្ដេចទើបតែមានអាយុ​ជាង​៦០ឆ្នាំ ហើយ​សុខភាព​របស់សម្ដេចនៅរឹងមាំ​នៅឡើយ​។ ប៉ុន្តែ​នេះមិនមានន័យ​ថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ នឹង​កាន់តំណែង​នាយករដ្ឋមន្ត្រី រហូតដល់​ចាស់ជរា​ទ្រោម​ខ្លួន​នោះដែរ​។

ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ទៀតថា សម្ដេចនឹង​ដកខ្លួន​ពីបេក្ខជននាយករដ្ឋមន្ត្រី ​នៅ​ឆ្នាំ២០២៨ ខាងមុខ ដើម្បី​ទុក​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ ក្លាយជា​នាយករដ្ឋមន្ត្រី​វិញ​ម្ដង​។​ សម្រាប់​រយៈពេល​ពីរ​អាណត្តិ​ខាងមុខ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឃើញ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ជីវភាព​ធូរ​ធារ តាមរយៈ​គោលដៅរបស់​រដ្ឋាភិបាលដែល​បានកំណត់​ឲ្យ​ពលរដ្ឋ​ទទួលបាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។

សម្ដេចនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បន្តថា​៖ «​ពិត​មែនហើយ​ឯកឧត្តម ម៉ម ប៊ុនហេង បាន​ជូនពរ​ថា​ សូមឲ្យ​ខ្ញុំ​ជោគជ័យ ដឹកនាំ​នៅ​អាណត្តិ​ទី​៦ អាណត្តិ​ទី​៧ និង​អាណត្តិបន្តបន្ទាប់​ទៀត ។ រីឯការកាន់តំណែង​ជាបន្តបន្ទាប់​នោះ​ពិបាក​ណាស់ ត្រឹម​អាណត្តិ​ទី​៦ អាណត្តិ​ទី​៧ បាន​ហើយ ព្រោះនេះ​ជាការ​ប្ដេជ្ញាចិត្ត ដែល​ខ្ញុំ​បានប្រកាស​រួចហើយ​ថា នឹង​បន្ត​កាន់តំណែង​មិនតិចជាង​១០​ឆ្នាំ​នោះទេ។ ​រដ្ឋធម្មនុញ្ញ​របស់កម្ពុជា មិនបានកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ទេ​។ ប្រទេស​នៅលើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណាមួយ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ទេ​…​។ ខ្ញុំ​ចង់​អមដំណើរ​ជាមួយ​អ្នក​ទាំងអស់គ្នា ដើម្បី​ចូលទៅ​ឲ្យ​កៀក​ជាមួយ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​នៅ​ឆ្នាំ​២០៣០ ព្រោះ​បើ​យោងតាម​ការគិត​ពីអាណត្តិ ​នៃ​រដ្ឋសភា គឺនៅ​ឆ្នាំ​២០២៨ ទើប​ខ្ញុំ​ត្រូវ​ដកខ្លួន​ចេញ​»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី រយៈពេល៣៣ឆ្នាំនេះ សម្តេចតេជោបានឆ្លងកាត់ការតស៊ូ ក្នុងកិច្ចការនយោបាយជាច្រើន ដោយបានយកអាយុជីវិត មកធ្វើជាដើមទុន រហូតដល់ប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សាជាថ្មីថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមដែលគោលនយោបាយនេះ បានចាប់ផ្តើមអនុវត្តមុនគេ ចំពោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេ។ បើគិតមកដល់ថ្ងៃម្សិលមិញនេះ (១៤ មករា ឆ្នាំ២០១៨) មានស្ត្រីជាកម្មការិនីឆ្លងទន្លេ ចំនួន១៦៦៥ នាក់ ដែលត្រូវទទួលបានសាច់ប្រាក់ និងការថែទាំងសុខភាពទាំងម្តាយ និងកូន ពីមូលនិធិសមធម៌ដែលយើងនឹងត្រៀមផ្តល់ជូនជាបន្តបន្ទាប់។

សូមបញ្ជាក់ថា អគារព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងដែលសម្ពោធពីព្រឹកមិញ នៅក្នុងបរិវេណ នៃមន្ទីរពេទ្យកាលម៉ែតនេះ ត្រូវគេដាក់ឈ្មោះ «អគារតេជោសន្តិភាព» ហើយវាមានលក្ខណៈពិសេសដែលរៀបចំ និងរចនាដោយស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរ​ជាតិ ដោយបែងចែក ចេញជាពីរផ្នែកដាច់ដោយឡែកពីគ្នា ដោយរក្សាបាននូវសុវត្ថិភាពខ្ពស់ រវាងមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភព។ អគារនេះ ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ មានទទឹងប្រវែង ៤០,៥០ម៉ែត្រ និងបណ្តោយប្រវែង ៤៨,៦០ម៉ែត្រ ហើយមានកម្ពស់៩ជាន់ ដោយមានតម្លៃជាង២៣លានដុល្លារសហរដ្ឋអាមេរិក៕