ទោះបីជាម្តាយ ទើបតែបាត់រថយន្តកូរ៉ូឡា១គ្រឿង តម្លៃជាង១ម៉ឺនដុល្លារ កាលពីប៉ុន្មានថ្ងៃមុនក៏ដោយ ក៏ងួន ចាន់ដេវីដ ហាក់ដូចជាមិនបាន សោកស្តាយស្រណោះអ្វីទាំងអស់ ហើយមិនទាន់បានប៉ុន្មានផង ដេវីត ក៏បានធ្វើពិធីឡើងគេហដ្ឋានថ្មី ដើម្បីលួងចិត្តម្តាយកុំឲ្យស្តាយរថយន្ត ដែលបាត់នោះទៅវិញ ។

កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើករណីបាត់រថយន្តកូរ៉ូឡា តម្លៃជាង១ម៉ឺនដុល្លារ ដែលជាកម្មសិទ្ធិរបស់ម្តាយបង្កើត តារាចំរៀងល្បីឈ្មោះ ងួន ចាន់ដេវីត ហើយក្រោយពីដាក់ពាក្យបណ្តឹង និងតាមរកយ៉ាងណា ក៏នៅមិនទាន់មានតម្រុយណាមួយ ឈានទៅស្វែងរករថយន្តនោះ បានមកវិញទេ ។ ករណីនេះ បានធ្វើឲ្យអ្នកគាំទ្រលោក មានការសោកស្តាយជំនួស ព្រោះទឹកប្រាក់ជាង១ម៉ឺនដុល្លារ មិនមែនតិចតួចនោះឡើយ។

តែអ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រ ប្លែកអារម្មណ៍នោះ គឺបន្ទាប់ពីបាត់រថយន្ត បានប៉ុន្មានថ្ងៃ ងួន ចាន់ដេវីដ បានធ្វើពិធីឡើងផ្ទះដ៏ថ្មីស្រឡាង ដើម្បីលួងចិត្តម្តាយ និងគ្រួសារ កុំឲ្យមានការស្តាយស្រណោះរបស់ ដែលបានបាត់ទៅហើយនោះ ហើយគាត់ចង់មានន័យយ៉ាងទូលាយថា ត្រឹមប្រាក់ប៉ុណ្ណឹង គាត់អាចមានលទ្ធភាពទិញទៀតបាន កុំពិបាកចិត្តរឿងកំប៉ិកកំប៉ុកបែបនេះអី ។

ពិធីឡើងផ្ទះថ្មី របស់ ងួន ចាន់ដេវីត បានធ្វើឡើងនៅទីតាំង ក្នុងបុរីពិភពថ្មីក្រុងតាខ្មៅ កាលពីថ្ងៃទី១៣ មករា ២០១៨ កន្លងទៅថ្មីៗនេះយ៉ាងអធិកអធម តែទោះជាយ៉ាងណា ដោយសារតែរវល់ការងារពេក គេមិនបានឃើញងួន ចាន់ដេវីដ នៅក្នុងពិធីនោះទេ ប្រហែលជាជាប់ទៅសម្តែងក្នុងកម្មវិធី ប្រគុំតន្ត្រីនៅតាមបណ្តាខេត្ត តែទោះជាមិនបាននៅ ក្នុងកម្មវិធីឡើងផ្ទះថ្មី របស់ខ្លួនក្តី ក៏ដេវីត បានបង្ហោះសារមួយ ដែលធ្វើឲ្យម្តាយរំភើប ដែលមានអត្ថន័យថា “របស់បាត់ហើយ កុំឡើយទូលទុក្ខ ព្រោះស្អែកឡើងផ្ទះផង ញញឹមឲ្យបានច្រើនទៅម៉ែ មានជីវិត មានសង្ឃឹម ម៉ែគេសប្បាយថាសប្បាយសើច ឲ្យគេសើចចុះ ព្រោះគេអ្នកកាប់អុស យើងអ្នកឃ្វាលក្របី ចឹងអត់បញ្ហាទេអ្នកម្តាយ ជូនពរឡើងផ្ទះថ្មី ជួបតែសេចក្តីសុខសប្បាយ រកស៊ីមានបានអ្នកម្តាយ” ៕