ភ្នំពេញ៖ ដោយសារបច្ចុប្បន្ននេះ នៅក្នុងទីក្រុងភ្នំពេញមានយានយន្ត ចេះតែកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ បង្កឲ្យមានការ​កក​ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋមានការធុញទ្រាន់យ៉ាងខ្លាំង ទើបសម្ដេច​តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានបង្ហាញពីចក្ខុវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសនូវបញ្ហាការកកស្ទះចរាចរណ៍នេះ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីនេះ បានមានប្រសាសន៍ថា សម្ដេចមានការរីករាយយ៉ាងខ្លាំងចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនដែលកំពុងរៀបចំវិស័យជញ្ជូនតាមផ្លូវទឹក ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដោយមានចំណតជាច្រើន។ ការផ្ដួចផ្ដើមគំនិតនេះ គឺវាមានលក្ខណៈល្អប្រសើរបំផុត ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយវាក៏បានបញ្ចៀសនូវការកកស្ទះចរាចរណ៍ បានមួយកម្រិតធំ និងជួយឲ្យប្រជាពលរដ្ឋជាច្រើន មានការងារធ្វើពីវិស័យដឹកជញ្ជូនតាមផ្លូវទឹកនេះ។

បើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ យើងនឹងចាប់ផ្ដើមដំណើរការូវការដឹកជញ្ជូនតាមផ្លូវទឹក ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ជាមួយនឹងទូតដឹកអ្នកដំណើរយ៉ាងចំនួន២គ្រឿង និងមានចំណតយ៉ាងតិចចំនួន៤ចំណត។

ប្រភពព័ត៌មានដដែល បានបន្តថា ក្រសួងសាធារណការ ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញពីសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដំឡើងកំពង់ផែកាណូត ចំនួន១៥កំពង់ផែ ដើម្បីដឹកអ្នកដំណើរ ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ រួមទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ថា គម្រោងដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹកនេះ គឺជាសក្ដានុពល នៃការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដឹកដំណើរ តាមផ្លូវទឹក ពិសេសបណ្តាញទន្លេដែលហូរកាត់ក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងពង្រីកវិស័យនេះឱ្យបានទូលំទូលាយ និងប្រកបដោយចីរភាព ដើម្បីបញ្ចៀសនូវការកកស្ទះចរាចរណ៍ ក៏ដូចជានិងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។


ទាក់ទងនឹងគម្រោងដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹកនេះ លោកទេសរដ្ឋមន្ត្រីបានជំរុញឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ពន្លឿននូវគម្រោងដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹកពីរាជធានីភ្នំពេញ ទៅខេត្តកណ្ដាលឱ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខែ្មរខាងមុខ ដោយមានចំណតកំពង់ផែនីមួយៗ ត្រូវមានការតភ្ជាប់ជាមួយនឹងចំណតរថយន្តក្រុង ដើម្បីបង្កនូវភាពងាយស្រួលដល់អ្នកធ្វើដំណើរទៀតផង។

បើតាមគេហទំព័រដដែល បានបញ្ជាក់ថា​ ចំណតទាំងនោះបានចែកចេញនៅតាមគោលដៅ គឺនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល៖

*ចំណតនៅរាជធានីភ្នំពេញ៖
ទី១-គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា)
ទី២-គីឡូម៉ែត្រលេខ៦
ទី៣-ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី
ទី៤-ផែបណ្ដែតមុខផ្សាររាត្រី
ទី៥-កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ
ទី៦-ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត
ទី៧-ចំណតរថយន្តចាក់អង្រែក្រោម
ទី៨-បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់
ទី៩-ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប)
ទី១០-ជាប់សណ្ឋាគារសុខាភ្នំពេញ
ទី១១-ភូមិកោះនរា
ទី១២-កំពង់ចម្លងក្តីតាកុយ
ទី១៣-កំពង់ចម្លងតាព្រហ្មមាត់ក្រសះ

*ចំណតនៅខេត្តកណ្តាល៖
ទី១-មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) និងទី២-កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី