ខេត្តបន្ទាយ​មាន​ជ័យ​៖​ នៅក្នុងតំបន់អភិរក្សអាងត្រពាំង ស្ថិត​ក្នុងស្រុក​ភ្នំស្រុក នាពេលនេះ មានសត្វដ៏កម្រចំនួន១៩ប្រភេទ ក្នុងនោះក្រៀល​ក្បាល​ក្រហមបាន​កើនឡើង រហូ​ដល់​៤១៥​ក្បាល។
​ ​

​លោក​ សុខ​ រិ​ទ្ធី​ មន្ត្រី​សាលាស្រុក​ភ្នំស្រុក​ និង​ជា​ប្រធាន​អភិរក្ស​សត្វ​ក្រៀល​ក្បាល​ក្រហម​អាង​ត្រពាំង​ថ្ម​ បាន​ឲ្យដឹងថា​ អាង​ត្រពាំង​ថ្ម​ ស្ថិតក្នុងស្រុក​ភ្នំស្រុក​ ​ខេត្តបន្ទាយមានជ័យ​ នេះ គឺជា​កន្លែង​អភិរក្ស​សត្វ​ដ៏​កម្រ​ នៅក្នុង​ពិភពលោក ​មាន​ចំនួន​១៩​ប្រភេទ​ ក្នុង​នោះ​មានសត្វ​ល្មូ​ន ​មាន​សត្វរ​ម៉ាំង​ សត្វ​ស្លាប​សត្វក្រៀល​ក្បាល​ក្រហម​ ដែលជា​សត្វ​ស្ទើរ​ដាច់​ពូជ​ និង​កម្រ​ក្នុង​លោក​។ ប៉ុន្តែនៅពេលនេះ សត្វទាំងអស់នេះ​កំពុង​ស្ថិតក្រោមការយកចិត្តទុកដាក់​ការពារ​អភិរក្ស ពីរដ្ឋាភិបាល និងមន្រ្ដីជំនាញ​។

​​លោក​ប្រធាន​អភិរក្ស​សត្វ​ក្រៀល​ក្បាល​ក្រហម​អាង​ត្រពាំង​ថ្ម​ បាន​បញ្ជាក់​ថា​ តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម​នេះ ​ដំបូង​រក​ឃើញ​សត្វក្រៀល​ក្បាល​ក្រហម​ មានចំនួនតែប្រហែល​៦០​ក្បាលប៉ុណ្ណោះ ​ហើយ​ចាប់ផ្ដើមពីឆ្នាំ២០០០នោះមក ត្រូវ​បាន​​អភិរក្ស​ឡើង​ ​ដោយ​អង្គការ​ICS​ រហូត​មកដល់​ឆ្នាំ​២០០៥ ក៏បាន​អភិរក្ស​ដោយ​អង្គការ​WCS(​សមាគម​ន៍​ការពារ​សត្វព្រៃ​ប្រចាំ​កម្ពុជា​)​។​

​​លោក​ សុខ​ រិ​ទ្ធី​ បាន​បន្ត​ថា​ ​បន្ទាប់​មក ​គ្រប់គ្រង​ដោយ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​មា​ញ់ ​និង​នេសាទ ហើយបន្តបន្ទាប់មកទៀត ​រាជរដ្ឋាភិ​បាល​បានអនុញ្ញាតឲ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង​អភិរក្ស​ ដោយ​មានមន្ត្រី​បរិស្ថាន ​និង​មន្ត្រី​ជំនាញ​សាលាស្រុក​ភ្នំស្រុក ​និង​កងកម្លាំង​ពាក់ព័ន្ធ​ជាអ្នកអភិរក្ស។ នៅដើម​ឆ្នាំ​២០១៨​នេះ​ សត្វ​ក្រៀល​ក្បាល​ក្រហម​សត្វនេះបាន​កើនឡើង​ រហូតដល់ចំនួន​៤១៥​ក្បាល​។​

​លោក​ប្រធាន​អភិរក្ស​សត្វ​ក្រៀល​ក្បាល​ក្រហម​អាង​ត្រពាំង​ថ្ម​ បានបន្តថា​ ​សត្វ​ក្រៀល​ក្បាល​ក្រហម​នេះ​ គឺនៅ​អំឡុង​ខែកក្កដា​ បានហើរ​ចេញ​ពី​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម​ទៅ​រក​ពង​កូន​ ​នៅ​ក្នុងទឹកដីខេត្តព្រះវិហារ​ ហើយ​នៅ​អំឡុង​ខែមករា​ សត្វ​ក្រៀល​ក្បាល​ក្រហម បានហើរ​ត្រឡប់​មក​អាង​ត្រពាំង​ថ្ម​ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​វិញ​ដើម្បី​ រស់នៅ​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម​ ​ក្រោយ​ពេល​វាពង​កូន​ហើយ៕​

ជាមួយគ្នានេះ ​លោក​ សុខ​ រិ​ទ្ធី​ ក៏សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវ​ចូលរួម​ថែរក្សា​ ការពារ និង​អភិរក្ស​សត្វ​ក្រៀល​ក្បាល​ក្រហម​ដែលជា​សត្វ​កម្រ នៅលើពិភព​លោករបស់យើងឲ្យបានគង់វង្ស និងមិន​ត្រូវ​បាញ់​សម្លាប់វាឡើយ ​ដើម្បី​ថែរក្សា​​សត្វដ៏​កម្រ​ទុកឲ្យ​កូន​ចៅ​​ជំនាន់​ក្រោយរបស់ខ្មែរយើង​ បានឃើញ​ និង​អភិរក្ស​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ​ និងអន្តរជាតិ​បានមក​មើល​សត្វទាំងនេះផង៕