រដ្ឋធានីវ៉ាស៊ីនតោន៖ ស្ត្រីជនជាតិអាមេរិកាំងម្នាក់ រស់នៅក្នុងរដ្ឋតិចសាស់ បាននាំមិត្តភក្ដិទៅហូប អយស្ទ័រឆៅ ស្រាប់តែបីសប្ដាហ៍ក្រោយ​មក គាត់បានកើតជំងឺចម្លែកម្យ៉ាង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ចោលក្រុមគ្រួសារ ហើយត្រូវក្រុមគ្រូពេទ្យ​ប្រាប់ថា បណ្ដាលមកពីបាក់តេរី​ នៅក្នុងខ្លួនរបស់អយស្ទ័រនោះ។

បើយោងតាមគេហទំព័រ viral4real បានឲ្យដឹងថា កាលពីអំឡុងខែចុងឆ្នាំ២០១៧ កន្លងទៅនេះ ស្រ្ដីរងគ្រោះម្នាក់ ឈ្មោះ Eanette Le​Blanc រស់នៅក្នុងរដ្ឋតិចសាស់ បាននាំមិត្តភក្ដិ និងក្រុមគ្រួសាររបស់គាត់ ទៅលេងឆ្នេរសមុទ្រ Louisiana ហើយបានទិញអយស្ទ័រឆៅ ពីក្នុង​ផ្សារ Westwego យកមកទទួលទាន។ ក្រោយពេលហូបបាន៣៦ម៉ោង នៅក្នុងខ្លួនរបស់គាត់បានចាប់ផ្ដើម មានប្រតិកម្ម កើតទៅជាកន្ទួលនៅ​លើជើង។ លុះពីរថ្ងៃក្រោយមក ស្ថានភាពជំងឺនៅក្នុងខ្លួន របស់គាត់កាន់តែអាក្រក់ឡើងៗ ហើយគ្រួសាររបស់គាត់ ក៏បានបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ុន្តែដោយសារស្ថានភាព ជំងឺរបស់គាត់ធ្ងន់ពេក ទើបក្រុមគ្រូពេទ្យ មិនអាចជួយសង្រ្គោះជីវិតបាន ហើយគាត់បានស្លាប់ ក្រោយពេលហូប​អយស័្ទរ បានរយៈពេល៣សប្ដាហ៍។

ក្រុមគ្រូពេទ្យ បានឲ្យដឹងថា​ ជនជាតិអាមេរិកាំងមួយចំនួន ចូលចិត្តទទួលទានអយស្ទ័រឆៅ។ ប៉ុន្តែការបរិភោគ អាហារឆៅបែបនេះ គឺប្រឈម​មុខនឹងគ្រោះថ្នាក់ ខ្លាំងណាស់ ពីព្រោះអយស្ទ័រខ្លះមានផ្ទុកនូវបាក់តេរី ឬវីរុសដែលអាចបង្ក ឱ្យកើតជំងឺផ្សេងៗបាន។ នៅក្នុងខ្លួនអយស្ទ័រមួយចំនួន​ មានផ្ទុកនូវបាក់តេរីម្យ៉ាង ដែលគេហៅថា Vibrio vulnificus ហើយវាអាចបណ្តាល ឱ្យយើងកើតជាជំងឺធ្ងន់ ឬអាចស្លាប់បាន៕