កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ក្រុមហ៊ុនផលិតកម្មហង្សមាស បានធ្វើសន្និសិទ្ធកាសែតមួយ នៅសាលប្រជុំនៃសណ្ឋាគារ ភូកេត្រា សូហ្វីតែលភ្នំពេញ ប្រកាសពីការទទួលយកបន្ថែម នូវតារាថ្មីប្រចាំផលិតកម្ម ចំនួន៣ដួង ហើយក៏ជាពិធី ចុះហត្ថលេខាទទួលស្គាល់ តារាទាំង៣ដួងនោះ ជាផ្លូវការផងដែរ ។

តារាទាំង៣ដួង ដែលផលិតកម្មហង្សមាស បានទទួលចូលសំដែង និងច្រៀងក្នុងផលិតកម្មនោះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ គឺកូនប្រុសទាំង៣ របស់លោក ព្រាប សុវត្ថិ ដោយមានឈ្មោះ Monivann, Monineak and reyvuth Sovath ។

ក្នុងសន្និសិទ្ធិនោះផងដែរ ក៏មានការចូលរួមពីសំណាក់ ក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ បុគ្គលិកហង្សមាស ព្រមទាំងប្រធានគ្រប់គ្រង និងអគ្គនាយកក្រុមហ៊ុនផងដែរ ។ ជាមួយគ្នានោះ លោកអគ្គនាយករង របស់ក្រុមហ៊ុនហង្សមាស បានគូសបញ្ជាក់ថា លោក និងក្រុមការងារក្រុមហ៊ុនហង្សមាសទាំងអស់ នឹងប្តេជ្ញាចិត្តក្នុងការគាំទ្រ និងបង្កើតចំរៀង ដោយខ្លួនឯង (Original Songs) ដើម្បីជួយលើកកម្ពស់សិល្បៈខ្មែរ ក៏ដូចជាការបង្កើនចំណេះដឹង និងទេព្យកោសល របស់កូនខ្មែរយើង ឲ្យល្បីល្បាញលើឆាកជាតិ និងអន្តរជាតិ ។

សិល្បករថ្មី ទាំង៣រូប ដែលជាកូនប្រុសត្រកូលព្រាប ដែលមានឪពុកជាតារាជើងចាស់ ដ៏ល្បីល្បាញប្រចាំផលិតកម្មហង្សមាស ហើយក្នុងនោះគេក៏បានឃើញ ប្រពន្ធរបស់លោក ព្រាប សុវត្ថិ ធ្វើសន្និសិទ្ធិសារព័ត៌មាន ជាមួយកូនប្រុសផងដែរ ក្នុងនោះ តារាថ្មីទាំង៣ដូង បានបញ្ជាក់ថា ចម្រៀងដំបូងរបស់ពួកគេ គឺបទ Keo Pnek “កែវភ្នែក” ជាភាសាអង់គ្លេស នឹងចេញក្នុងបំរើអារម្មណ៍បងប្អូនទស្សនិកជន ក្នុងពេលឆាប់ៗនេះហើយ ហើយក៏មានបទថ្មីៗ ដែលជា Original Songs នឹងចេញជាបន្តបន្ទាប់ផងដែរ ៕