ប្រទេសថៃ៖ នារីវ័យក្មេងម្នាក់ ខឹងនឹងសង្សារក្បត់ចិត្ត បែរជាទៅមានទំនាក់ទំនង ជាមួយនឹងស្រីថ្មីទៀត ធ្វើឲ្យនាងឈឺចិត្តយ៉ាងខ្លាំង ក៏​ជួលអ្នករត់ម៉ូតូឌុប ឲ្យថតផ្សាយបន្តផ្ទាល់ តាមហ្វេសប៊ុក ពីសកម្មភាពនៃការលោតទឹកសម្លាប់ខ្លួនរបស់នាង ផ្ញើទៅឲ្យសង្សាររបស់នាងមើល ក៏បង្កឲ្យភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចថៃ ចុះមករកសាកសព វេលាម៉ោង២រំលងអធ្រាត្រ នៅពីលើស្ពាន RAM8 ទន្លេចៅផៈយ៉ា ប្រទេសថៃ។

មន្ត្រីនគរបាលថៃ បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ និតិយ៉ា អាយុ១៨ឆ្នាំ មានស្រុកកំណើត នៅក្នុងខេត្តរៈណង ប្រទេសថៃ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួន រួមមាន អត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះ ទូរស័ព្ទ ដបស្រា និងសម្ភារ​មួយចំនួនទៀត។

មន្ត្រីនគរបាលថៃ បានឲ្យដឹងតាមការសាកសួរ ព័ត៌មានពីប្រជាពលរដ្ឋ នៅជុំវិញកន្លែងកើតហេតុថា មុនពេលកើតមានការភ្ញាក់ផ្អើលនោះ គេឃើញអ្នករត់ម៉ូតូឌុបម្នាក់ បានបើកម៉ូតូដឹកនារីរងគ្រោះមកលើស្ពាន RAM8 ទន្លេចៅផៈយ៉ា ហើយបានឲ្យអ្នករត់ម៉ូតូឌុបនោះថតផ្សាយផ្ទាល់ តាម​ហ្វេសប៊ុករបស់នាង ពីសកម្មភាពលោតទឹកសម្លាប់ខ្លួនរបស់នាង។ នៅពេលមានហេតុការណ៍ភ្ញាក់ផ្អើល តាមបណ្ដាញសង្គម​ហ្វេសប៊ុុកបែប​នេះ សមត្ថកិច្ចក៏បានចុះទៅដល់ កន្លែងកើតហេតុ ប៉ុន្តែដោយសារទឹកទន្លេមានជម្រៅជ្រៅ ហើយខ្សែទឹកហូរខ្លាំង និងមានភាពងងឺតផង ទើបសមត្ថកិច្ចមិនអាច រកសាកសពរបស់នារីរងគ្រោះឃើញ។

បើតាមបទសម្ភាសន៍ជាមួយ ទូរទស្សន៍របស់ថៃ (Bright TV)នោះ បុរសជាអ្នករត់ម៉ូតូឌុប បានរៀបរាប់តាមដំណើររឿងថា មុនពេលកើតហេតុ គាត់បានជួប នឹងនារីវ័យក្មេងម្នាក់កំពុុងយំសោក ដោយការឈឺចាប់យ៉ាងខ្លាំង ពីរឿងស្នេហាបែកបាក់។ នៅពេលនោះ នាងបានជួលគាត់ឲ្យដឹកនាង មកកាន់ស្ពានខាងលើ ហើយនារីរងគ្រោះ​បានរៀប​រាប់ ប្រាប់គាត់ពីការឈឺចាប់នៅក្នុងចិត្តរបស់នាង ដោយសារតែ សង្សាររបស់នាងក្បត់ចិត្ត។

នៅពេលឃើញនាងកើតទុក្ខយ៉ាងដូច្នេះ គាត់​ក៏ចេះតែ និយាយលួងលោមនាង ហើយនាងក៏បាន ជួលគាត់ឲ្យថតផ្សាយផ្ទាល់ ដាក់ក្នុងហ្វេសប៊ុករបស់នាង។ ស្របពេលគាត់កំពុងតែ ថតផ្សាយផ្ទាល់ឲ្យនារីរងគ្រោះ ស្រាប់តែនាង លោតទៅក្នុងទឹកសម្លាប់ខ្លួន ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

អ្នករត់ម៉ូតូឌុបដដែល បានបន្តថា គាត់មិនដឹកស្មានដល់ថ្នាក់ហ្នឹងទេ តាមមើលពីសម្បកខាងក្រៅ នារីរងគ្រោះទំនងជាមនុស្សចូលចិត្ត​សិល្បៈ និងចូលចិត្តថតរូបច្រើន ហើយនៅលើស្ពាននេះ គឺមានភ្លើងតាំងល្អគួរឲ្យទាក់ទាញប្រជាពលរដ្ឋ មកចោមរោមថតខ្លាំងណាស់។ បើគាត់ដឹងពីសកម្មភាពរបស់នារីរងគ្រោះ មកទីនោះ ដើម្បីលោតទឹកសម្លាប់ខ្លួនោះ ក៏គាត់ពិតជាឃាត់ និងរារាំងនាងមិនឲ្យលោតទឹកហើយ តែគាត់គិតមិនដល់៕