ភ្នំពេញ​៖ នៅក្នុងអំឡុងពេល លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីបានចុះសាកសួរនៅក្នុង​ពន្ធនាគារត្រពាំងថ្លុង ​ជា​លើក​ទី​ពីរ ពីករណីឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ក្រោមបទចោទប្រកាន់ថា ជា​អំពើ​ក្បត់ជាតិ​នោះ ​លោក កឹម សុខា បានឆ្លើយថា លោកមានទំនាក់ទំនងជាមួយនឹងបរទេស គឺដើម្បីលទ្ធិប្រជាធិបតេយ្យ និងប្រយោជន៍ជាតិ មិនមែនដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះឡើយ។

បើតាម​សម្ដីរបស់មេធាវី​ការពារក្ដីឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ការផ្សារភ្ជាប់​ទំនាក់ទំនងកូនក្ដីរបស់លោក​ជាមួយនឹង​បរទេស នាពេល​កន្លងមក គឺ​ដើម្បី​ពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា និងផល​ប្រយោជន៍​ជាតិ មិនមែន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះឡើយ​។

លោក ហែម សុជាតិ មេធាវី​មួយរូបរបស់លោក កឹម សុខា ដែល​បាន​ចូលរួម​ស្តាប់​ការសាកសួររបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ នៅក្នុង​ពន្ធ​នាគារ​ត្រពាំងផ្លុង អស់​រយៈពេល​ជាង​ពីរ​ខែ​មកហើយ​នេះ បានឆ្លើយនៅចំពោះមុខចៅក្រមស៊ើបសួរ ដោយលោកបាន​ច្រានចោល​នូវការចោទប្រកាន់ថា លោកមាន​ទំនាក់ទំនង​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ ផ្ទុយទៅវិញ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ប្រាប់​ទៅ​ចៅក្រម​ស៊ើប​សួរថា ទំនាក់ទំនង​របស់លោក​ជាមួយ​បរទេស នាពេល​កន្លងមក គឺ​ស្ថិតក្នុង​ក្របខ័ណ្ឌ​ការងារ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​ស្រប​នឹង​ច្បាប់​ជាតិ​និង​ច្បាប់​អន្តជាតិ​។

​លោក​មេធាវី ហែម សុជាតិ បាន​សង្ខេប​ប្រសាសន៍​របស់លោក កឹម សុខា ដែល​ឆ្លើយ​ទៅកាន់​ចៅក្រម​ស៊ើបសួរ ថា«​លោក កឹម សុខា ​ថា​គាត់ ជា​កូន​ខ្មែរ​។ គាត់គិតតែ​ពីអ្វីដែល​ផ្តល់នូវ​ផលប្រយោជន៍​ឲ្យ​ខ្មែរ​។ ការឃុបឃិត ឬ​ការ​សមគំនិត​ជាមួយ​បរទេស មិនដែល​កើតមាន​ម្តង​ណា​ឡើង​សម្រាប់​គាត់នោះទេ​។ រីឯរូប​គាត់(លោក កឹម សុខា) ស្រឡាញ់​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ចង់​ជួយ​កសាង​ប្រទេស​ឲ្យ​រីក​ចម្រើន​។ គាត់មិនដែលបាន​ធ្វើ​អ្វីមួយ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​នោះទេ​»​។​

​លោក ហែម សុជាតិ បន្តថា បញ្ហា​សំ​ខាន់ដែល​ចៅក្រម​ស៊ើបសួរ លើក​ទៅ​សួរ​លោក កឹម សុខា គឺ​ផ្តោតលើ​ទំនាក់ទំនង​ជាមួយ​បរទេស ជាពិសេស​សហរដ្ឋអាមេរិក និង​អង្គការ​អន្តរជាតិ​មួយ​ចំ​នួ​យ​ទៀត ដូចជា វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) និងវិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ជាដើម​។

លោក​មេធាវី បានបន្ត​ថា​៖«​ការសាកសួរ​កន្លងមក គឺ​អត់​មាន​ភ័ស្តុតាង ដែល​បញ្ជាក់ថា​ គាត់(លោក កឹម សុខា) បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់នោះ​ទេ ព្រោះ​ចម្លើយ​របស់គាត់ គឺ​បញ្ជាក់ថា អ្វីដែល​គាត់​ធ្វើ គឺ​សុទ្ធតែជា​សកម្មភាព​លើកស្ទួយ​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ​ទាំងអស់​។ ដូច​អត់​មាន​អ្វី​ខុសពី​ហ្នឹង​ផង​»​។ ​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អមដោយ​ក្រឡាបញ្ជី​ពីររូបបានធ្វើ​ដំណើរទៅជួប​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ​ខេត្ត​ត្បូងឃ្មុំ កាល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២0១៧ ដើម្បី​សួរ​ពី​ការ​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

​លោក សំ សុ​គង់ មេធាវី​មួយរូប​ទៀត​របស់លោក កឹម សុខា បាន​ប្រាប់ថា ចៅក្រម​ស៊ើបសួរ បានលើកឡើង​នូវ​សំណួរ​ជាង៥០​។ ប៉ុន្តែ លោក​មេធាវី​រូបនេះ អះអាងថា សំណួរ​ភាគច្រើន ក្នុងចំណោម​សំណួរ​ជាង​៥០​នោះ ត្រូវបាន​លោក កឹម សុខា មិន​ឆ្លើយតប ហើយ​នៅ​ស្ងៀម ដែលជា​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​។

​លោក សំ សុ​គង់ បន្តថា ចៅក្រម​ស៊ើបសួរ នឹង​សួរ​លោក កឹម សុខា ពីរដង​ទៀត គឺ​នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧​។ លោក បន្ថែមថា ក្រុម​មេធាវី នឹងដាក់​សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ ក្នុងថ្ងៃនេះ ឬ​ថ្ងៃស្អែក ដើម្បី​សុំ​ឲ្យ​នាំ​លោក កឹម សុខា ទៅ​សួរ​ក្នុង​បរិវេណ​តុលាការ​វិញ​។

​លោក​មេធាវី សំ សុ​គង់ បញ្ជាក់​ពី​ហេតុផល​ថា​៖ «​ទីមួយ-ការស្នើ​បែបនេះ គឺជា​ឆន្ទៈ​របស់គាត់​ផ្ទាល់ (​លោក កឹម សុខា​)​។ ទី​ពីរ-នីតិវិធី តម្រូវ​ឲ្យ​សួរ​គាត់ ក្នុង​បន្ទប់​ចៅក្រម​ស៊ើបសួរ មិនមែន​ក្នុង​ពន្ធនាគារ​ទេ​ និងទី​បី-ការ​សួរ​ក្នុង​ពន្ធនាគារ គឺ​ហាក់ដូចជា​កាត់បន្ថយ​សិទ្ធិ​របស់​មេធាវី ក្នុងការ​ការពារ​ក្តី​»​។

គួររំឭកថា ​កាលពី​វេលារំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ មន្ត្រីតុលាការភ្នំពេញបាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ ចុះទៅ​ចាប់​ខ្លួនលោក កឹម សុខា ដល់​គេហដ្ឋាន បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានបង្ហាញ​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក កឹម សុខា បាន​និយាយ នៅក្នុងអំឡុងឆ្នាំ២០១៣ នៅឯប្រទេសអូស្រ្ដាលី។ យោងតាមភ័ស្ដុតាងនេះ ទើបតុលាការបានយកវាមកធ្វើជា​អង្គហេតុ​ ក្នុងការ​ចាប់ខ្លួន និង​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការសង្ស័យថា បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

​ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា ខ្លួន​មាន​អ្នកជំនាញ​ជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជួយ​ជ្រោម​ជ្រែង ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា​។ ក្តី​សង្ស័យ​លើ​លោក កឹម សុខា ជុំវិញ​អំពើ​ក្បត់ជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ យកទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ ​ក្រសួងមហាផ្ទៃ បានយល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​លោក កឹម សុខា ដែរ ទើប​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយគណបក្សនេះចោល​។ លុះមកដល់​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ តុលាការ​កំពូលក៏បានយកសំណុំរឿងហ្នឹងមកបើកសវនាការ​ ពេញមួយថ្ងៃ ហើយក៏សម្រេចចេញសាលដីកា​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និងដាក់បម្រាមដល់មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន១១៨នាក់ ត្រូវផ្អាកសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ​៕