ភ្នំពេញ​៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រាប់ដល់​ មន្ត្រីអតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យបង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួមក្នុង​ការបោះឆ្នោត ​នាឆ្នាំ​២០១៨​នោះមក មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ ក៏បានប្រកាស​ថា ខ្លួននឹងមិន​ដើរ​តាមផ្លូវ​ ដែល​រដ្ឋាភិបាល​គូសវាស ​ឲ្យ​ខ្លួន​តាមនោះឡើយ​ ពីព្រោះនៅពេលនេះ រដ្ឋាភិបាល​កំពុង​រងនូវ​ សម្ពាធ​យ៉ាងធ្ងន់ពីអន្តរជាតិ​ ទើប​បង្កើត​យុទ្ធសាស្ត្រ​បង្វែរ​ស្ថានការណ៍​បែបនេះ​។​

បើតាមអ្នកវិភាគ ស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា មួយចំនួន នៅតែ​រំពឹងទុកថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិនមាន​វត្តមាន នៅ​ក្នុងការ​បោះឆ្នោត​ នាឆ្នាំ​២០១៨ ខាងមុខនេះ ព្រោះតែ​ឱកាស​រស់​ឡើងវិញ ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​គ្មាន​ផ្លូវ​បើក​ឲ្យ​ដំណើរការ ឡើង​វិញ​នោះឡើយ​។ ស្របគ្នានេះ ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រលយ​ពាក្យសំដី​ថា គ្មាន​ឡើយ​វត្តមាន​ អតីត​គណបក្ស​សង្គ្រោះ​​ជាតិ ដែល​អាច​កើតសារជាថ្មី​។​

​បើតាមបណ្ដាញសង្គមហ្វេ​ស​ប៊ុ​ក របស់​សម្ដេច ហ៊ុន សែន បាន​សរសេរ​ថា​៖ «​ដោយសារ​មានការ​ខ្សឹបខ្សៀវ និង​ការ​ប្រឌិត ​ព័ត៌មាន​មិន​ពិត​ដដែល​ជា​ដដែល​ អំពី​ការ​រស់​ឡើងវិញ​ នៃ​អតីត​បក្ស​ ស​ង្គ្រោះជាតិ គឺ​ខ្ញុំ​សូម​ផ្តាំផ្ញើ​ និង​បញ្ជាក់​សាជាថ្មី​ថា អតីត​បក្ស​ដែល​ត្រូវបាន​រំលាយ​ហើយ (​សង្គ្រោះ​ជាតិ​) ដោយ​សាលដីការបស់​តុលា​កំពូល គឺ​បាន​ចូលជា​ស្ថាពរ​ហើយ​។ ឈ្មោះ​អតីត​បក្ស​នេះ​ គឺ​នឹង​គ្មាន​កើតឡើង​សារជាថ្មី​ទៀតឡើយ​»​។​ ​ប៉ុន្តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គ្មាន​ច្រក​ចូលធ្វើ​នយោបាយ​ទាំងស្រុង​ដែរ​។

សម្ដេច បានបន្តថា ផ្លូវ​ដែល​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ អាច​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​ នាពេលឆ្នាំ​២០១៨​ខាងមុខបាន គឺ​មានតែការបង្កើត​គណបក្ស​ថ្មីតែប៉ុណ្ណោះ​។ «​ខ្ញុំ​សូម​ឲ្យ​យោបល់​ខ្លះៗ​ដែល​អាចមាន​ប្រយោជន៍ ហើយ​កុំ​ឲ្យ​ខាត​ពេល​ច្រើន គឺ​មានតែ​វិធី​មួយ​គត់ គឺ​បង្កើត​បក្ស​ថ្មី​ចូលរួម​ប្រកួតប្រជែង​ តាម​លក្ខណៈ​​ប្រជាធិបតេយ្យ​ នៅក្នុង​ការបោះឆ្នោត​ខាងមុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​​មិន​ពិត ហើយ​ខាតបង់​ពេលវេលា​កាន់តែច្រើន​»​។

​ដោយឡែកលោក អេង ឆៃ​អ៊ាង មន្រ្ដីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ ក៏បានចាត់ទុកការឲ្យ​យោបល់​របស់​សម្ដេច ហ៊ុន សែន នាយកដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជាថា​ នេះគ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​បង្វែរ​ស្ថានការណ៍​នយោបាយ ឲ្យ​រួច​ផុតពី​សម្ពាធ​រប​ស់​សហគមន៍​អន្តរជាតិតែ​ប៉ុណ្ណោះ​។ លោក អេង ឆៃ​អ៊ាង បាន​និយាយបែបសើចចំអកឲ្យវិញថា អតីត​គណបក្ស​ខ្លួន​ក៏​មិន​ដើរ​តាមផ្លូវ ដែល​ប្រមុខ​រដ្ឋាភិបាល ​បើក​ច្រកឲ្យចូល​នោះឡើយ​។​

លោក អេង ឆៃអ៊ាង បាន​សរសេរនៅ​លើ​ហ្វេ​ស​ប៊ុ​ករបស់​ខ្លួនថា «​នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ ដោះស្រាយ​សម្ពាធ​ពីអន្តរជាតិ​របស់លោក ហ៊ុន សែន ហើយក៏​ជា​ផ្លូវ​ដែល​លោក ហ៊ុន សែន ចង់​ដើរ និង​គូសវាស​ឲ្យ​យើង​ដើរ​តាម​គាត់ បន្ទាប់ពី​ចាប់ខ្លួន​លោក​ប្រធាន កឹម សុខា និង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែផ្លូវនេះ ​យើង​មិន​ដើរតាមអ្វី​ដែល​លោក ហ៊ុន សែន ចង់បាន​នោះទេ ពីព្រោះ​ផ្លូវ​នេះ នាំ​ឲ្យ​លោក ហ៊ុន សែន ក្លាយជា​មេដឹកនាំ​ផ្តាច់ការ ហើយ​កម្ពុជា​នឹង​ក្លាយជាប្រទេស​ឯកោ​ពី​សហគមន៍​អន្តរជាតិ ឯ​ប្រជាពលរដ្ឋ​ខ្មែរ​ រស់នៅក្នុង​ភាពក្រីក្រ និង​ភ័យខ្លាចដដែល​»​។​

លោក អេង ឆៃ​អ៊ាង បានសរសេរបន្តថា ផ្លូវ​ដែល​អតីត​គណបក្ស​លោកបានកំណត់​គោលដៅ​នោះ គឺ​ការទាមទារ​ឲ្យ​មានការ​លុបចោល​សេចក្តីសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ, ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ទាំង​អស់, ​ទម្លាក់ចោល​នូវការចោទប្រកាន់​មកលើ​អ្នកនយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន, ​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ធ្វើ​សកម្ម​ភាព​ដូច​មុន និង​រៀបចំ​ការបោះឆ្នោត​ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នា​ឆ្នាំ​២០១៨ខាងមុខនេះ។​

ដោយឡែកអ្នកវិភាគនយោបាយឯករាជ្យដទៃទៀត បានឲ្យដឹងថា ស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ នឹងមានការវិវឌ្ឍទៅរកភាពល្អប្រសើរឡើងវិញ តាមរយៈ​ការ​ធ្វើសម្បទាន​នយោបាយ​ឲ្យគ្នា​ទៅវិញទៅមក ក្រោមរូបភាព​ដោះស្រាយ​បញ្ហា​រួមគ្នា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង​។ បើភាគីទាំង២នៅតែរឹងត្អឹងដាក់គ្នានោះ គឺមិនមានប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋ និងសង្គម​ជាតិទាំងមូលនោះឡើយ។

គួររំឭកថា ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា​ ឆ្នាំ២០១៧ និងដាក់បម្រាមដល់មន្ត្រីជាន់ខ្ពស់របស់​បក្សនេះចំនួន​១១៨នាក់ ក្នុងការធ្វើសកម្មភាពនយោបាយ ក្នុងរយៈពេល​៥​ឆ្នាំ។ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកម្ពុជា គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីគណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ និងគណបក្សហ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានប្ដឹងទៅក្រសួង​មហាផ្ទៃ ទាមទារឲ្យក្រសួងនេះ ប្ដឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ៕