ភ្នំពេញ​៖ បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានរឹតបន្តឹងទិដ្ឋាការ គំរាមបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជា និងការ​លុប​ចោលនូវការអនុគ្រោះពន្ធនោះមក សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហាក់​មិន​ព្រួយបារម្ភ​ចំពោះ​ការអំពាវនាវ​របស់​ក្រុម​សមាជិកសភា​ នៃ​សហភាព​អឺរ៉ុបនោះ​ឡើយ​។

សម្ដេចនាយករដ្ឋមន្រី្ដ បានចាត់ទុក​ការអំពាវនាវ​នេះថា គ្មាន​ឥទ្ធិពល​អ្វី​ដល់​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ក្នុង​ការដាក់​សម្ពាធមក​លើ​រដ្ឋា​ភិបាល​​កម្ពុជានោះ​ទេ​។ ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាលបាន​ពន្យល់ថា បើទោះជា​ក្រុមសមាជិក​​សភា ​នៃ​សហភាព​អឺរ៉ុប​លើកឡើង​បែប​ណា​ក្តី ប៉ុន្តែ​ការសម្រេចចិត្ត​អនុវត្ត​អ្វីមួយ​មកលើ​កម្ពុជា​នោះ គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​សហភាព​អឺរ៉ុបតែ​ប៉ុណ្ណោះ​។

សម្ដេច ហ៊ុន សែន ក៏បាន​ថ្លែងសម្តី​បែប​ផ្លែផ្កា និងលើកទឹកចិត្ត​ឲ្យ​សហភាព​អឺរ៉ុប​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​ណា ដែល​យកប្រាក់​ទៅ​ផ្ញើទុក នៅ​ក្នុង​ធនាគា​អឺរ៉ុប​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល ក៏​មិន​ខ្វល់​ពី​រឿង​រឹតបន្តឹង​ទិ​ដ្ឋា​ការ​របស់មន្ត្រី​កម្ពុជានោះទេ​។ សម្ដេច​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​រាជរដ្ឋាភិបាល ជូន​កីឡាករ កីឡាការិនី ដែល​បានឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត Sea Games លើក​ទី​២៩ និង​ការប្រកួត​ជើងឯក​គ្រប់​កម្រិត​ជា​លក្ខណៈ​អន្តរជាតិ​។​

​ក្រុម​សមាជិកសភា ​នៃ​សហភាព​អឺរ៉ុប​នេះ​ បាន​អំពាវនាវ​ដល់សេវាកម្ម​កិច្ចការ​ក្រៅប្រទេស​ នៃ​សហភាព​អឺរ៉ុប (European External Action Services) ឲ្យ​រឹតបន្តឹង​នូវទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​របស់​រដ្ឋាភិបាលកម្ពុជា ​ដែល​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ការអំពាវនាវ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សេចក្តីស្នើមួយ កាលពី​ថ្ងៃទី​១៣ ​ខែធ្នូ ឆ្នាំ២០១៧​កន្លងទៅ​ថ្មីៗនេះ។ ការអំពាវនាវ​នេះ​មិនបាន​ធ្វើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ព្រួយបារម្ភ​នោះទេ។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​នៃ​គណបក្សកាន់អំណាច​។

​បន្ទាប់ពី​ប្រតិភូ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ​របស់ខ្លួន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពេលនេះ​ដល់​វេន ​ក្រុម​សមាជិកសភា ​នៃ​សហភាព​អឺរ៉ុប​វិញ​ម្តង​។ ក្រុម​សមាជិកសភា​ នៃ​សហភាព​អឺរ៉ុប​នេះ​បាន​អំពាវនាវ​ដល់សេវាកម្ម​កិច្ចការ​ក្រៅប្រទេស​នៃ​សហភាព​អឺរ៉ុប (European External Action Services) ឲ្យ​រឹតបន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​របស់​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

​សេចក្តីស្នើ​នោះ​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​អំពាវនាវ​ដល់ EEAS និង​គណៈកម្មការឲ្យ​រៀបចំ​បញ្ជី​ឈ្មោះ​នូវ​រាល់​បុគ្គល​ណា​ដែល​ទទួលខុសត្រូវ​ ក្នុងការ​រំលាយ​គណបក្ស​ប្រឆាំង និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ ​នៅ​កម្ពុជា ដោយ​ពិនិត្យមើល​ទៅលើ​ការ​កំហិត​ផ្តល់​ទិដ្ឋាការ និង​ការបង្កក​នូវទ្រព្យ​របស់​ពួកគេ​»​។

​នៅក្នុង​សេចក្តីស្នើដដែល​នេះ ក្រុម​សមាជិកសភា​នៃ​សហភាព​អឺរ៉ុប ក៏បាន​គាំទ្រ​ប្រតិភូ​សហភាព​អឺរ៉ុប​ដែល​បាន​សម្រេចចិត្ត​ព្យួរ​ជំនួយ​ទៅ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតផង​ដែរ​។ ការ​បោះឆ្នោត​ដែល​សហភាព​អឺរ៉ុប​បាន​ជួយ ​ក្នុងពេល​កន្លងមក​ ដើម្បី​ធានា​អំពី​ការប្រកួត​ប្រ​ជែង តាមលទ្ធិ​ប្រជាធិបតេយ្យ​ ប្រកបដោយ​សេរី​ពហុបក្ស​។ ដូច្នេះក្រុមសមាជិក​សភា​អឺរ៉ុប​បានស្នើ​ដល់​តំណាង​ជាន់ខ្ពស់ ​នៃ​សហ​ភាព​អឺរ៉ុប ​ទទួលបន្ទុក​កិច្ចការ​ក្រៅប្រទេស និង​គោលនយោបាយ​សន្តិសុខ លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គេ​រី​នី (Federica Mogherini) រួមទាំង​តំណាង​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​សហភាព​អឺរ៉ុប ឲ្យ​ស្វែងរក​មធ្យោបាយ​ណាក៏ដោយ​ ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​។

​ក្រៅពី​លើកយក​រឿង​ទិដ្ឋាការ​ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​ឯកជន​មក ​ព្រមាន​អាជ្ញាធរ​កម្ពុជា ក្រុម​សមាជិកសភា ​នៃ​សហភាព​អឺរ៉ុប​ បានស្នើ​ឲ្យ​លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គេ​រី​នី ពិនិត្យ​ជាបន្ទាន់​នូវការអនុវត្តរ​បស់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ ​នៃ​កិច្ចព្រមព្រៀង​គោលនយោបាយ Every​thing But Arms ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​។ នៅក្នុង​លិខិតស្នើ​ដដែលនោះ ក្រុមសមាជិកសភា​អឺរ៉ុប​បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​មាត្រា​១៩​ នៃ​វិធាន​EBA គូសបញ្ជាក់ថា បើសិនជា​កម្ពុជា​រំលោភ​ទៅលើ​កាតព្វកិច្ច​របស់ខ្លួន ​ក្នុង​ក្របខណ្ឌ ​នៃ​វិធាន EBA នេះ ការទទួលបាន​ការអនុគ្រោះ ត្រូវ​លុបចោល​ជា​បណ្តោះអាសន្ន​»​។​

​ក្រុមសមាជិកសភា​អឺរ៉ុប ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ​ទម្លាក់ចោល​ដោយ​ឥត​លក្ខខណ្ឌនូវ​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​មេដឹកនាំ​គណបក្សប្រឆាំង​នានា​បន្តទៀត​។

​ជុំវិញ​ការព្រមាន​ដាក់ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​លើកឡើងថា អ្វីដែល​រដ្ឋាភិបាល បានធ្វើ​កន្លងមក គឺ​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់​របស់​កម្ពុជា ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ សន្តិភាព និង​ស្ថិរភាព​នយោបាយ​។ លោក​បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​នៅតែ​ប្តេជ្ញា​ឈរលើ​មូលដ្ឋាន​ច្បាប់​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា ដើរ​លើ​មាគ៌ា​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​ប្រាប់​ក្រុមអ្នកកាសែត​តាម​បណ្តាញ​ទំនាក់​ទំ​នង​តេ​ឡេ​ក្រាម (Telegram) យ៉ាង​ដូច្នេះ​ថា​៖«​ការចង់បាន និង​ចង់ឃើញ​ស​កម្ពុជា ត្រឡប់​ទៅរក​សភាព​ដើម និង​ចង់​ឲ្យ​បក្សប្រឆាំង​រស់​មកវិញ គឺ​មិនអាច​ទៅរួច​ទេ​។ បើ​ចង់​យ៉ាង​ដូច្នេះ មានន័យថា លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា នឹង​គ្មាន​ន័យ​ឡើយ​»​។

​ប្រសិនបើ ការព្រមាន​ខាងលើ ក្លាយជា​ការពិត​មែន​នោះ សហភាព​អឺរ៉ុប នឹង​ក្លាយជា​ភាគី​ទី​ពីរ បន្ទាប់ពី​សហរដ្ឋ​អារ​មេ​រិ​ក ដែល​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា ដោយ​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​៕