ភ្នំពេញ៖ បន្ទាប់ពី​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មីចំនួន​១៦​រូប​បន្ថែម នៅ​ថ្ងៃទី​៧ ខែធ្នូ ​ខាងមុខនេះ រដ្ឋសភា​​នឹង​រៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវឡើង​វិញ ដោយរៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​សមស្រប​នឹង​កៅអី​រដ្ឋសភា ដែលមាន​តំណាងរាស្ត្រ​១២៣​រូប ហើយរដ្ឋសភា​នឹង​សម្រេច​បែងចែក​កៅអី​អនុប្រធាន​ទី​១ និង​គណៈកម្មការ​ជំនាញ​របស់​អតីត​បក្សប្រឆាំង​នេះ ទៅ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទាំងអស់​។​

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់គេហទំព័រក្នុងស្រុកថា ​នៅ​ថ្ងៃទី​៨ ខែធ្នូ ខាងមុខនេះ រដ្ឋសភា​នឹង​កោះប្រជុំ​សម្រេច ​បោះឆ្នោត​គាំទ្រ​ពី​សមាជិក​រដ្ឋសភា ក្នុងប្រគល់​កៅអី​គណៈកម្មការ​ជំនាញ​របស់អតីតគណបក្សសង្រ្គោះជាតិទៅឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ចូលមក​ជំនួស​កន្លែងដែលនៅទំនេរក្នុងនោះ​មន្ត្រី​មកពី​គណបក្ស​ពីរ​ទៀត ដែល​បាន​កៅអី​ក្នុង​រដ្ឋសភា​ដែរនោះ គឺជា​សមាជិក​គណៈកម្មការ​នេះ​។ ចំណែក​កៅអី​អនុប្រធាន​ទី​១​រដ្ឋសភា នឹង​ប្រគល់​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ដើម្បី​បង្គ្រប់​ឲ្យ​មាន​អនុប្រធាន​២រូប​ឡើងវិញ​​។​

ទោះជាយ៉ាងណាក៏ដោយ លោកឡេង ប៉េងឡុង មិនទាន់​ដឹង​ច្បាស់អំពីតំណែងអនុប្រធាន​ទី​១ នៃ​រដ្ឋសភា​នេះ​ ថាតើមន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបណា​ជា​អ្នក​ទទួលនូវតួនាទីនេះ​។ ប៉ុន្តែ​កន្លងមក សម្ដេច​ក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់​បានបដិសេធ​ក្នុងការទទួលយកតំណែងអនុប្រធាន​ទី​១​នេះ ដោយ​ព្រះអង្គបាន​បង្ហាញ​សញ្ញា​បើកផ្លូវ​ឲ្យលោក យូ ហុកគ្រី ធ្វើជា​អនុប្រធានទី១ នៃរដ្ឋសភា​។​

ដោយឡែក​កៅអី​គណៈកម្មការ​ជំនាញ​វិញ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ត្រូវបាន​តួនាទី​ជា​ប្រធាន​គណៈ​កម្មការ​ជំនាញ​ទី​១ គណៈកម្មការ​ជំនាញ​ទី​៣ គណៈកម្មការ​ជំនាញ​ទី​៧ គណៈកម្មការ​ជំនាញ​ទី​៨ និង​គណៈ​កម្មការ​ជំនាញ​ទី​១០ ព្រមទាំង​តួនាទី​អនុប្រធាន​ នៃគណៈកម្មការ​ជំនាញ​ចំនួន​៥​ទៀតរបស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែមទៀត​៕