បុរ​ស​ម្នាក់ ​ជិះម៉ូតូ​ពីភ្នំពេញ​ ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ ដើម្បី​ធ្វើ​សំបុត្រ​កំណើត​អោយ​កូន​ ជាអកុសល​ ដល់​ពាក់​កណ្តាលផ្លូវ​ ស្រាប់​តែ​រថយន្ត​ មិន​ស្គាល់​ម៉ាក់​ បើក​ទៅបុក​ចំពីមុខ ​ពេញទំហឹង​ បណ្តាលអោយ​ បុរស​រូបនោះ ​រយះដៃជើង​ខ្ទាំ​ទ្រូង ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ចំនែក​រថយន្ត​បង្ករ​ បានបើក​រត់​គេចខ្លួន បាត់​ស្រមោល​​ ហេតុការណ៍​នេះ​ បានកើតឡើង​នៅ​វេលាម៉ោង​ ៩និង​៣០​នាទី​យប់​ ថ្ងៃទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅលើ​ស្ពាន​៧មករា​ ផ្លូវ​ជាតិ​លេខ​៣​ ភូមិ​ក្រាំង​ពង្រ​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ ។

សពជនរងគ្រោះ​ មានឈ្មោះ​ ហេង​ សារ៉ុត​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខ​របរកម្មករ​រោងចក្រ ​​ស្នាក់​នៅ​ផ្ទះ​ជួល​ ម្តុំផ្សារបែកចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មានស្រុកកំណើត​ នៅ​ភូមិ​ត្រាំងកំណប់​ ឃុំដំបូកខ្ពស់​ ស្រុក​អង្គរជ័យ​ ខេត្តកំពត​ ។

​ តាម​ប្រភព័ត៌មាន​ ពីកន្លែងកើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ខាង​លើ​ មិន​ដឹង​ថាគោល​បំណង​ ទៅណានោះទេ​ គឺបាន​ជិះម៉ូតូ​ម៉ាក​ស៊ុយ​សុគី​ ស្មាស​រ៉េវ៉ូ​ ពណ៌​ខ្មៅ​ ​ពាក់ស្លាកលេខ​ កំពង់ឆ្នាំ​ 1A 4071 បាន​ធ្វើដំណើរ តាម​ផ្លូវ​ជាតិ​លេខ​៣​ ក្នុង​ទិសដៅ​ ជើង​ទៅ​ត្បូង​ ខណៈមកដល់​ចំនុច​កើតហេតុ​ លើ​ស្ពាន​៧មករា​ ដែល​ជាផ្លូវ​កោង​ ហើយ​ងងឹត​ទៀត​នោះ​ ធ្វើ​អោយ​ម៉ូតូ​បើក ​ចូលទៅ​ផ្លូវ​របស់​គេ​ ស្របពេលនោះដែរ ​ក៏ស្រាប់តែ​រថយន្តប្រភេទ​ បែន​ដឹក​ដី​មួយគ្រឿង​ មិន​ចាំ​ម៉ាក​ បានបើក​ធ្វើដំណើរ តាម​ផ្លូវជាតិ​លេខ​៣​ ក្នុង​ទិសដៅ​បញ្ច្រាសគ្នា ​ពី​ត្បូងទៅ​ជើង​ ក្នុង​ល្បឿនលឿន​ បានជ្រុល​ទៅ​បុក ​ចំពីមុខ​ពេញទំហឹង​ បណ្តាលអោយ​អ្នក​បើក​ម៉ូតូ​ រងរបួស​រយះ​ដៃរយះ​ជើង​ មុខ​ និងខ្ទាំ​ទ្រូង​ ស្លាប់​នៅ​កន្លែង​តែម្តង​ ចំនែក​ម៉ូតូ​វិញ​រងការខូចខាត​ ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ​។

ដោយ​ឡែក​រថយន្ត​បង្ករ​វិញ​ នៅពេលដែល​ឃើញ ​ហេតុការណ៍​បែបនេះ​ បានបន្ថែមល្បឿន ​រត់គេចខ្លួន​បាត់ស្រមោល​។ ​​ក្នុង​ហេតុការណ៍​នេះដែរ​ មាន​បងប្អូន​របស់ ​ជនរងគ្រោះ បាន​ទៅ​ក​ន្លែង​កើតហេតុ​ និង​បាននិយាយថា​ ជនរងគ្រោះ​ខាងលើ​ គឺបាន​ជិះម៉ូតូ​ចេញ​ពី​ភ្នំពេញ​ គោលបំណង​ត្រលប់ ​ទៅ​ស្រុក​កំណើត​ ដើម្បី​ធ្វើ​សំបុត្រ​កំណើត​ អោយ​កូន​ ដែល​ទើប​និង​បាន​ជិះ​ មួយ​ខែ​ តែ​សំណាង​មិន​ល្អ​ ក៏ជួប​គ្រោះថ្នាក់​បែបនេះ​ទៅ​ ។

​​ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន ​និង​ជំនាញ់បាន​ចុះ​ទៅដល់ កន្លែង​កើតហេតុ​ រួចហើយបាន​ធ្វើ​លិខិត​ ប្រគល់​សពជនរងគ្រោះ​អោយ​បងប្អូន​ សាច់​ញាតិ​ យកធ្វើ​បុណ្យ ​នៅ​ស្រុកកំនើត​ខេត្ត​កំពត​ ចំនែក​ម៉ូតូ​វិញ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ រក្សាទុក​នៅ​អធិការដ្ឋាន ខណ្ឌ​ដង្កោ​ ដើម្បី​រងចាំ​ប្រគល់​អោយ​ សាច់ញាតិ​របស់​ជនរងគ្រោះ​វិញ​ ៕