​ខេត្តកំពត​៖​ ជនបរទេសប្រុស-ស្រី២នាក់ ទំនងជាទើបនឹងចេញពីផឹកស៊ីស្រវឹង បានជិះម៉ូតូដឹកគ្នា បោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុករបងថ្ម បណ្ដាលឲ្យស្លាប់ម្នាក់យ៉ាងអណោចអធ័មម្នាក់ និងរបួស២​នាក់ កាលពីវេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅត្រង់​ចំណុច​ផ្លូវកែង​ នា​​ទិសអាគ្នេយ៍ នៃសាលាខេត្តកំពត​ ស្ថិតក្នុង​ភូមិ​សុវណ្ណ​សាគរ​ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​។

មន្ត្រីនគរបាលចរាចរក្រុងកំពត បានឲ្យដឹងថា ជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ខាងលើនោះ ទី១-​ឈ្មោះ​ Medine​ Emeric Philippe​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ០១ ខែមករា ឆ្នាំ១៩៨៨​ ជនជាតិ​បារាំង​ មុខរបរ​ជាអ្នកទេសចរ​ (​ជា​អ្នកបើកបរ ស្លាប់​នៅកន្លែងកើតហេតុ)​ និងទី២-ឈ្មោះ​ LAO​ ENTHEOS​ ភេទ​ប្រុស​ ថ្ងៃខែ​ឆ្នាំ​កំណើត​ ០៥-១០-១៩៨៩​ ជនជាតិ​បារាំង​ មុខរបរ​ជាអ្នកទេសចរ​ (​រង​របួស​ផ្ទៃមុខ​ ជា​អ្នករួមដំណើរជាមួយ)។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង​ ម៉ាក​អ៊ែ​រប្លែក​ ពណ៌​ទឹកមាស​ ស្លាក​លេខ​ ភ្នំពេញ​ 1FD​ 5271​ ដឹកគ្នាបោះពួយយ៉ាងលឿន។ លុះពេលពួកគេធ្វើ​ដំណើរមកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរស្រវឹងផង ហើយបាត់បង់ម្ចាស់ការលើខ្លួនឯង ទើបធ្វើឲ្យម៉ូតូរេចង្កូតទៅបុករបងថ្ម បោកផ្ទប់នឹងជញ្ជាំងឥដ្ឋ បណ្ដាលឲ្យអ្នកបើកបរស្លាប់យ៉ាង​អណោច​អធ័ម​មួយរំពេច និងអ្នករួមដំណើរជាមួយរងរបួសបែកក្បាលហូរឈាម។

មន្ត្រីនគរបាលចរាចរ បាន​សន្និដ្ឋាន​ថា​ ករណី​​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺបណ្ដាលមកពីអ្នក​បើក​ បរ​ស្រវឹង ទើបជ្រុលចង្កូតទៅ​របង​ថ្ម​ដោយ​ខ្លួនឯង បណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ (​តាម​ការ​បំភ្លឺ​របស់​អ្នករង​របួស​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងយកសាកសពរបស់ជនរងគ្រោះទៅ​តម្កល់ទុក ​នៅ​ក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។ ដោយឡែក​ម៉ូតូរបស់ជនរងគ្រោះ​ ត្រូវ​មត្ថកិច្ច​យកទៅ​រក្សា​ទុក​នៅក្នុង​អធិការដ្ឋាន​នគ​បាល​ក្រុង​កំពត​ ដើម្បីរង់ចាំចាត់ការបន្តតាមនីតិវិធី៕