ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី​​ ២នាក់ ​ត្រូវ​ជាប្តី​ប្រពន្ធ​និងគ្នា ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​២ ​ឃាត់ខ្លួនយកទៅសាកសួរ​ បន្ទាប់​ពី​ឆែក​ឆេរ​រក​ឃើញ​នូវ​ថ្នាំញៀន​ និង​ដាវ​កែច្នៃមួយ​ដើម​ ព្រមទាំង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​​ ហេតុការណ៍​ ឃាត់ខ្លួន​បាន​ធ្វើ​ឡើង​កាលពីវេលាម៉ោង​៨ និង​៣០នាទី​ព្រឹក​ ថ្ងៃទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅចំនុច​ផ្ទះ​គ្មានលេខ​ ផ្លូវ​បេតុង​ ភូមិ​ភ្នាត​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។

​​ជនសង្ស័យមានឈ្មោះ​ ជួរ​ មិនា​ ហៅអូន​ ភេទប្រុស​ អាយុ ២៩ឆ្នាំ​ មុខរបរមិ​ន​ពិតប្រាកដ​ ស្នាក់នៅ​ ភូមិ​ភ្នាត សង្កាត់​ស្ទឹងមាន​ជ័យ​២​ ខណ្ឌមានជ័យ​ ចំនែក​ប្រពន្ធ​មានឈ្មោះ​ គាង​ លីនដា​ ភេទស្រីអាយុ ២០​ឆ្នាំ​ មុខលក់ដូរ​ ស្នាក់ភូមិ​ភ្នាត​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌមានជ័យ​ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូត​ ថ្នាំប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​ ១កញ្ចប់តូច​ ដាវ​កែច្នៃមួយ​ដើម​ ថង​សំរាប់ច្រក​ថ្នាំមួយ​ចំនួន និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ឈុត​ ។

​​តាម​សម្តី​លោក​ តេង​ សាមឿន​ មេ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ២​ បាន​ឱ្យដឹងថា​ មុន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​នោះ​បាន​ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បានទូរសព័្ទ​ប្រាប់​គាត់​ថា​ មាន​បុរស​ខាង​លើ​​ កំពុង​តែ​រក​រឿង​ អុក​ឡុក​ អ្នក​ផ្ទះ​ ហើយ​បុរស​រូបនោះ​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​ផងដែរ​ ដូច​នេះ​រូប​គាត់ ​ក៏បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ រួចហើយ​បាន​ឃាត់ខ្លួន ​បុរស​រូបនោះ​ ព្រមទាំង​ទៅ​ឆែកឆេរ​ត្រួតពិនិត្យ​ ស្រាប់តែ​រក​ឃើញ​នូវ​ថ្នាំញៀនប្រភេទ​ក្រាមពណ៌ស​ថ្លា ​ចំនួន ​១កញ្ចប់តូច​ ដាវ​កែច្នៃមួយ​ដើម​ ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ឈុត​ រួចហើយ​ក៏នាំ​ខ្លួន​ជនសង្ស័យ​រូបនោះ​ យកទៅ​​សាកសួ​រ​នៅ​ប៉ុស្តិ៍នគបាល​ស្ទឹងមានជ័យ​២​ ។

​​នៅចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំងនោះ ​បាន​សារភាពថា​ ពួកគេ​ពិត​ជា​បាន​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន​ពិត​ប្រាកដមែន​ ហើយ​បុរសសង្ស័យ ក៏ធ្លាប់​ជាប់​គុក ​អស់​រយៈ​ពេល ​១០ឆ្នាំ​ម្តង​រួច​មកហើយ​ ពាក់​ព័ន្ធ​ជាច្រើន​ករណី​ ។

​​សមត្ថកិច្ច​បានឱ្យដឹង​ទៀត​ថា​ ជនសង្ស័យ​រូបនោះ ​តែងតែ​បង្ក​ហិង្សារ​ អុក​ឡុក​ អ្នក​ផ្ទះ​ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ជារៀង​រាល់ថ្ងៃ​ នៅពេលដែលជន​សង្ស័យ​រូបនោះ​ ប្រើប្រាស់​គ្រឿង​ញៀន​ ម្តង​ៗ​ ។
ក្រោយពេលកើតហេតុ​​ បន្ទាប់​បន្ទាប់ពីសាក​សួររួចហើយ ​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង ​ត្រូវបានសមត្ថកិច្ច​កសាងសុំនុំរឿង​បញ្ជូនខ្លួន នៅ​អធិការដ្ឋាន ខណ្ឌ​មានជ័យ ​ដើម្បី​ចាត់ការបន្ត​តាមនីតិវិធី​ ៕