ខេត្តកណ្ដាល៖ បុរសម្នាក់ជាប់ចោទពីបទរំលោភសេពសន្ថវៈ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៣​រសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិ លើកដែក ឃុំលើកដែក ស្រុកកោះធំ។

មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំលើកដែក បានឲ្យដឹងថា ជនជាប់ចោទដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ផុន សុខធី អាយុ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ ការឃាត់ខ្លួនជនជាប់​ចោទខាងលើនេះ គឺសមត្ថកិច្ចធ្វើឡើង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៣៣ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៧ ចេញដោយលោក ទី សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានចោទប្រកាន់ជននេះ ពីបទរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នៅភូមិពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីប្រព្រឹត្តបទល្មើសចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះរួចហើយ ជននេះបានរត់គេចខ្លួន មិនបានចូលខ្លួនទៅបង្ហាញមុខចំពោះសមត្ថកិច្ចនោះឡើយ ទើបតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ។ លុះមកដល់វេលាខាងលើ សមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនជាប់ចោទតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់៕