ភ្នំពេញ​៖ ក្រោយពេល ​រដ្ឋសភាបាន​ប្រកាស​សុពលភាព​ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះ រួចមក តំណាងរាស្ត្រ​ថ្មីទាំង៤៤​រូប មកពី​គណបក្ស​ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​ខ្មែរ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​ នឹងត្រូវ​ចូល​ធ្វើពិធីសម្បថ​ នៅចំពោះព្រះភ័ក្រ្ដរបស់​ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង​នា​រសៀល ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ នេះ​។​

បន្ទាប់ពី​តុលាការ​កំពូលបានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នោះមក អាសនៈ​តំណាងរបស់គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥ បានអស់សុពលភាព ចាប់តាំងពីពេលនោះ​មក។ រីឯអាសនៈទាំង៥៥នេះ ក៏ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានយកមក​បែង​ចែក​ទៅឲ្យ​គណបក្សនយោបាយ​ដែល​ចូលរួម​ ក្នុងការបោះឆ្នោត កាលពី​ឆ្នាំ​២០១៣ កន្លងទៅនេះ។

បើតាមច្បាប់បោះឆ្នោតថ្មីដែលធ្វើវិសោធនកម្ម ដោយតំណាងរាស្រ្ដ មកពីគណបក្សប្រជាជនកម្ពុជា ( CPP ) គឺអាសនៈទាំង៥៥នោះ គជបបានបែងចែកទៅឲ្យគណបក្ស ចំនួន៥ រួមមាន ទី១-គណបក្ស
​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលបាន៤១អាសនៈ ទី២-គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា ទទួលបាន៦អាសនៈ ទី៣-​គណបក្ស​ខ្មែរ​ឈប់​ក្រ ដឹកនាំដោយលោក ក្រវ៉ា​ញ ដា​រ៉​ន ទទួលបាន៥អាសនៈ ទី៤-​គណបក្ស​សញ្ជាតិ​កម្ពុជា ដឹកនាំដោយលោក សេង សុខេង ទទួលបាន២អាសនៈ និង​​ទី៥-គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដឹកនាំដោយលោក ហួន រាជចំរើន ទទួលបាន១អាសនៈ។

ដោយឡែក គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា និងគណបក្ស​ខ្មែរ​ឈប់​ក្រ ដឹកនាំដោយលោក ក្រវ៉ា​ញ ដា​រ៉​ន បានបដិសេធនូវការទទួលយកអាសនៈរបស់ខ្លួនដែលបានមកពីការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​។ ដូច្នេះ​អាសនៈទាំង១១ដែលគណបក្សទាំង២នេះ បានបោះបង់ចោលនោះ គឺគណៈកម្មាធិ​កា​រ​​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេចប្រគល់​ជូន​ទៅគណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់អំណាច​​ ដែលធ្វើឲ្យគណបក្សនេះ មានអាសនៈរហូតដល់៧៩អាសនៈ។

លោក សោម សូ​រី​ដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រ​សា​សន៍ប្រាប់គេហទំព័រក្នុងស្រុក កាលពីម្សិលមិញនេះ ​ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ​.​ជ​.​ប នឹង​ចុះហត្ថលេខា លើ​បញ្ជី​ឈ្មោះ​​បេក្ខជន​តំណាងរាស្ត្រ​ទាំង​១១​រូបនេះ ហើយ​រៀបចំ​បញ្ជូនទៅ​កាន់រដ្ឋសភា ដើម្បី​ពិនិត្យ ​និង​ប្រកាស​សុពលភាពជូន​ពួកគាត់ ដោយមិនបង្អង់យូរទេ គឺបើ​មិន​ថ្ងៃស្អែក គឺ​ថ្ងៃ​ខានស្អែក។

​លោក អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​បែងចែក​អាសនៈ​ទាំង​១១ដែល​នៅ​ទំនេរ ទៅ​ឲ្យ​គណបក្ស​ចំនួន​៤ ​ក្នុងនោះ​ មានគណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

ទោះជាយ៉ាងណា លោកអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រូបនេះ បានអះអាងថា គណបក្ស​ប្រជាជន​កម្ពុជា អាចនឹងត្រូវ​ទទួលបាន​អាសនៈ​ទាំង​១១​នេះតែម្តង។ រីឯ​គណបក្ស​៣​ទៀត មិន​ទទួល​បានឡើយ ព្រោះ​សន្លឹកឆ្នោត ដែល​ពលរដ្ឋ​បោះ​ឲ្យ មាន​ចំនួន​មិន​គ្រប់គ្រាន់​។ រីឯគណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​ច្រើន​លើសលុប​ ដូច្នេះត្រូវតែទទួលបាន​ទាំងអស់នេះ»​។

​​ក្នុងការ​បែងចែក​លើក​ទី​១ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​៤១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​២​អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ទទួលបាន​១​អាសនៈ​។ នៅ​ព្រឹក​ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ តំណាងរាស្ត្រ​ថ្មី​ទាំង​៤៤​រូប ដែល​មកពី​គណបក្ស​ទាំង​៣ខាងលើនេះ ត្រូវបាន​រដ្ឋសភាបើក​កិច្ចប្រជុំពេញអង្គ ​ប្រកាស​សុពលភាព​ជូន​ពួកគាត់ ជា​ផ្លូវការ​រួចហើយ។ ដោយឡែក បេក្ខជន​តំណាងរាស្ត្រ​ថ្មីរបស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន១១រូបផ្សេងទៀត ក៏​នឹងត្រូវ​ទទួលការ​ប្រកាស​សុពលភាព ​ពី​រដ្ឋសភា​ នៅពេលក្រោយ​។

ទោះជាយ៉ាងណា រដ្ឋសភាមិនទាន់​បានកំណត់​កាលបរិច្ឆេទ ដើម្បី​បើក​កិច្ចប្រជុំពេញអង្គ ក្នុងការ​ប្រកាស​សុពល​ភាព​ជូន​បេក្ខជន​តំណាងរាស្ត្រ​ទាំង​១១​រូបនេះនៅឡើយទេ​។

ក្រោយពេលបែងចែកអាសនៈតំណាងរាស្រ្ដរបស់អតីតគណបក្សសង្គ្រោះជាតិរួចហើយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹង​ចាប់ផ្តើម​បែងចែក​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់របស់​គណបក្ស​នេះប្រមាណ​ជា​ង៥​ពាន់ ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត។ ប៉ុន្តែការបែងចែក​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ដទៃ នៅ​មិនទាន់​ចេញ​ជា​លទ្ធផល​ឡើយ។

ការបោះឆ្នោត​ថ្នាក់ជាតិ​ កាលពី​ឆ្នាំ​២០១៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កាលណោះ​ ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អា​រុណ រស្មី មិន​ទទួលបាន​កៅអី​ណាមួយ​ឡើយ ពោលគឺ​បាន​សំឡេងគាំទ្រ​តែ ៣,៦៦​ភាគរយ​ប៉ុណ្ណោះ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៦៨​កៅអី រីឯ​សង្គ្រោះ​ជាតិ បាន​៥៥​កៅអី​។​

ក្នុងចំណោមមន្ត្រីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវរដ្ឋសភាប្រកាសសុពលភាពនោះ គឺមន្ត្រីខ្លះ​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រី ​ដូចជា ​លោក ញ៉េប ប៊ុនជិន ​លោក នុត សុខុម លោក យូ ហុកគ្រី ​ជាដើម​។ រីឯមន្ត្រីខ្លះទៀត ក៏ធ្លាប់ធ្វើជា​ជា​អតីត​អភិបាលខេត្ត​ រួមមាន លោក ហេង ចាន់ថា លោក សាយ ហាក់ លោក ចាប ញ៉ាលីវុធ លោក ថាវ គឹម​ឡុង ហើយ​ខ្លះទៀត​ ជា អតីត​ថ្នាក់ដឹកនាំ ​តាម​ក្រសួង​នានា រួមទាំង​តំណែង​ទីប្រឹក្សា​រដ្ឋាភិបាល​ផងដែរ​។​

​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​តុលាការ​កំពូល ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែលជា​ដើមបណ្តឹង​ប្រឆាំង CNRP មុនដំបូង​គេ​បំផុត​នោះ ស្ថិតក្នុង​ចំណោម​គណបក្សទាំង​៦ ​ដែល​ត្រូវ​ទទួលបាន​កៅអី ពីការ​បែងចែក​ ដោយ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

សូមបញ្ជាក់ថា តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ គឺធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាល បានចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទ “ក្បត់ជាតិ”។ បន្ទាប់មក គណបក្សយុវជនកម្ពុជា ដឹកនាំដោយលោកពេជ្រ ស្រស់ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានប្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យប្ដឹងទៅតុលាការកំពូល​រំលាយគណបក្សប្រឆាំងដ៏ល្បីមួយនេះ។

ក្រោយមក ក្រសួងមហាផ្ទៃក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ទើបតុលាការមួយនេះបានលើក​យកសំណុំរឿងនេះមកជំនុំជម្រះ ហើយក៏សម្រេច​រំលាយគណបក្សប្រឆាំង និងដាក់បម្រាមដល់មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។ រីឯបទចោទប្រកាន់ ក្បត់ជាតិ នេះ បានកើតឡើង ក្រោយពេលមានវីដេអូឃ្លីបមួយ ដែលលោក កឹម សុខា ថ្លែង​នៅក្នុងប្រទេសអូស្រ្ដាលី កាលពីពីអំឡុងឆ្នាំ២០១៣ ហើយត្រូវគេបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកតៗគ្នា ទើបមានការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ បញ្ជូុនទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕