ភ្នំពេញ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា និង​ទទួល​ស្គាល់បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ចំនួន​៤៤​រូប ដែលគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បញ្ជូន​ទៅ​ជូនរដ្ឋសភា កាល​ពី​ថ្ងៃ​ទី​​២៣​វិច្ឆិកា ​ម្សិលមិញ​​។

ប្រភពព័ត៌មានពីរដ្ឋសភា បានឲ្យដឹងថា បញ្ជី​ឈ្មោះ​បេក្ខជន​ទាំងនោះ មានសមាសភាព​​ មក​ពី​គណបក្សចំនួន៣ រួមមាន ទី១-គណបក្សហ៊្វុនស៊ិនប៉ិច មាន​៤១​រូប ទី២-គណបក្ស​សញ្ជាតិ​កម្ពុជា មាន​២​រូប និងទី៣-​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច មាន​១​រូប​។​ ក្នុង​ចំណោម​មន្ដ្រី​ហ៊្វុនស៊ិនប៉ិច​ទាំង​៤១​រូបនោះ គឺសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទទួល​បាន​អាសនៈ​ នៅ​មណ្ឌល​កំពង់ចាម ជំនួស​ឲ្យ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​។ ក្រៅ​ពី​នេះ មន្ដ្រី​សំខាន់​ៗ​របស់​គណបក្ស​រាជានិយម​មួយ​នេះ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ពី គជប ដែរ ទៅ​តាម​មណ្ឌល​នានា ក្នុង​នោះ​រួម​មាន លោក យូ ហុកគ្រី អតីត​តំណាង​រាស្ត្រ និង​សហរដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​កៅអី​ នៅ​ក្នុងខេត្តកំពង់ចាម។ លោក នុត សុខុម អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​។ ក្រៅពីនេះ ក៏មានវត្តមាន លោក ចាប ញ៉ាលីវុធ លោក ហេង ចាន់ថា លោក សាយ ហាក់ ដែល​ជា​អតីត​អភិបាល​ខេត្ត ក្នុង​​អំឡុង​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​នៅ​ក្នុង​រដ្ឋាភិបាល ព្រម​ទាំង​​មន្ដ្រី​ជា​ច្រើន​ទៀត ដែល​ជា​អតីត​សមាជិក​សភា​ និង​មន្ដ្រី​រដ្ឋាភិបាល​​​ស្និទ្ធ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ខាងក្រោមនេះ គឺជាបញ្ជីរាយនាមមន្រ្ដីគណបក្សហ៊ុនស៊ិនប៉ិច ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ផ្ញើជូន​រដ្ឋសភា ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្ដ ជំនួសតំណាងរាស្រ្ដរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលរំលាយ​ចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ៖