សៀមរាប៖ កាលពីព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ សុខា សៀមរាប «Sokha Palace Siem Reap Hotel» បានរៀបចំពិធីកាត់ខ្សែបូ ដំណើរការ ព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៧ (Cambodia Travel Mart 2017)» ហៅកាត់ថា «CTM 2017» ដែលបានអញ្ជើញចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូអន្តរជាតិ មកពីបណ្ដាប្រទេសមួយចំនួន នៅអាស៊ី រួមមាន ថៃ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង ឥណ្ឌា និងតៃវ៉ាន់។

ព្រឹត្តិការណ៍ដ៏ធំ លំដាប់ថ្នាក់អន្តរជាតិនេះដែរ ត្រូវបានរៀបចំឡើងចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៧-១៨ និង ១៩ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីផ្សព្វផ្សាយឱ្យគណៈប្រតិភូអន្តរជាតិបានដឹងថា វិស័យទេសចរណ៍នៅកម្ពុជា មានការរីកចម្រើន និងមានសក្ដានុពលខ្លាំង សម្រាប់ការវិនិយោគលើវិស័យទេសចរណ៍នេះ ព្រោះកម្ពុជា ពោពេញទៅ​ ដោយសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិជាច្រើន ។

មួយវិញទៀត នៅក្នុងឱកាស នៃព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៧» ដែលបានរៀបចំឡើងរយៈពេល ៣ថ្ងៃនៅលើទឹកដីអង្គខេត្តសៀមរាបនេះ ក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុនទេសចរណ៍ជាច្រើនក្នុងអាស៊ី សម្រាប់ការផ្លាស់ប្ដូរយោបល់គ្នា ដើម្បីផលប្រយោជន៍រួម ផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងគ្នា និងគ្នា ក៏ដូចជាបង្ហាញពីផលិតផលទេសចរណ៍របស់ខ្លួន រៀងៗខ្លួនផងដែរ ដែលទាំងនេះ គឺជាភាពងាយស្រួលមួយ របស់កម្ពុជា ក្នុងការសហការជាមួយក្រុមហ៊ុនទេសចរណ៍បរទេស នាំយកផលិតផល និងសក្ដានុពលទេសចរណ៍របស់កម្ពុជាទៅឱ្យពិភពលោកបានឃើញ ។

ជាមួយគ្នានេះ នៅក្នុងឱកាសព្រឹត្តិការណ៍ខាងលើ ស្ថានទូតម៉ាឡេស៊ី ក៏បានចូលរួមផងដែរ ក្នុងគោលបំណង ណែនាំពីតំបន់ទេសទេសចរណ៍ និងបង្ហាញពីសេវាកម្មទេសចរណ៍របស់ខ្លួន ជូនដល់អតិថិជន ក៏ដូចជាចង់ចែករំលែកនូេះបទពិសោធន៍របស់ខ្លួន ទៅកាន់ក្រុមហ៊ុនទេសចរណ៍ដទៃដែលបានចូលរួម ដោយពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ «Air Asia» ត្រូវបានបង្ហាញខ្លួន នៅស្តង់របស់ស្ថានទូតម៉ាឡេស៊ី ។

មិនខុសគ្នាពីក្រុមហ៊ុនទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ប្រទេសដទៃឡើយ ដែលឱកាសនោះ តំណាងស្ថានទូតម៉ាឡេស៊ី បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា ម៉ាឡេស៊ី ពិតជាសប្បាយចិត្តយ៉ាងក្រៃលែង បន្ទាប់ពីបាននាំក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញទូទាំងសាកលលោករបស់ខ្លួន ចូលរួមនៅក្នុងព្រឹត្តការ «ពិពរណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៧ (Cambodia Travel Mart 2017)» នៅលើទឹកដីអង្គរនៃខេត្តសៀមរាបនេះ ព្រោះនេះ ជាពេលវេលាដ៏វិសេសវិសាលមួយ សម្រាប់ក្រុមហ៊ុនទេសចរណ៍ទាំងអស់នៅក្នុងអាស៊ី បានមានឱកាសសំណេះសំណាល ជជែកផ្លាស់ប្ដូរបទពិសោធន៍គ្នា ក្នុងការងារបម្រើសេវាកម្មទេសចរណ៍ដ៏ប្រសើរជូនដល់អតិថិជន ហើយជាពិសេសជាងនេះទៅទៀត ក្រុមហ៊ុនទេសចរណ៍ទាំងអស់ និងបានសហការគ្នា ក្នុងការណែនាំភ្ញៀវទេសចរ មកពីជុំវិញពិភពលោក ដើរលេងកម្សាន្ត គ្រប់តំបន់ទេសចរណ៍ល្បីៗនៅអាស៊ី ជាក់ស្ដែងដូចជាម៉ាឡេស៊ី ជាប្រទេសមួយ ដែលសម្បូរទៅដោយតំបន់ទេសចរណ៍សំខាន់ៗជាច្រើន និងមានក្រុមហ៊ុនអាកាសចរណ៍ ដ៏ល្បីល្បាញបំផុតលំដាប់ថ្នាក់ពិភពលោក «Air Asia» នៅចាំបម្រើសេវាកម្មទេសចរណ៍ មិនឱ្យទាស់ចិត្ត ជូនដល់ភ្ញៀវទេសចរទាំងអស់ ។

ជាចុងក្រោយ តំណាងស្ថានទូតម៉ាឡេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ភ្ញៀវជាតិ អន្តរជាតិ និងសារព័ត៌មានទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍ លំដាប់ថ្នាក់អន្តរជាតិ «ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៧ (Cambodia Travel Mart 2017)» នេះ ហើយខ្លួន នឹងខិតខំបន្តការងារឱ្យកាន់តែប្រសើរ សម្រាប់ទទួលភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដែលបានទៅកម្សាន្តនៅក្នុងប្រទេសម៉ាឡេស៊ី ក៏ដូចជាតំបន់ទេសចរណ៍នៅជុំវិញពិភពលោកទាំងមូលផងដែរ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ «Air Asia» ៕
សហការី KBN