ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅពេលរដ្ឋសភា បែងចែកអាសនៈរបស់បក្សដែលនៅទំនេរ ទៅឲ្យគណបក្សនានារួចហើយ សភានឹងដំណើរការនីតិវិធីរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ឡើងវិញ តាមគោលការណ៍ នៃច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គជប។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តថា ការរៀបចំគជបឡើងវិញនេះ គឺធ្វើឡើង បន្ទាប់ពីសមាជិករបស់គជប៣រូប មកពីកូតារបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) បានដាក់ពាក្យលាឈប់ពីតំណែង ក្រោយពីបក្សរបស់ខ្លួនត្រូវបានរំលាយចោល ដោយអំណាចតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ក្រោយបញ្ចប់កិច្ចពិភាក្សាតុមូលស្ដីពីដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា នារាជបណ្ឌិត្យសភា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ក្រោយពេលបែងចែកអាសនៈទៅឲ្យគណបក្សនានារួចហើយ សភានឹងដំណើរការនីតិវិធី គជប ឡើងវិញ តាមគោលការណ៍ច្បាប់ស្ដីពីការរៀបចំរៀបចំ និងការប្រព្រឹត្តទៅរបស់គជប។

ជាមួយគ្នានេះ អ្នកនាំបក្សដដែលបានបន្តថា បក្សប្រឆាំងមិនអាចយកពលរដ្ឋទាំង១៥លាននាក់ មកធ្វើជាចំណាប់ខ្មាំងបានទេ។ ទោះបីជាអវត្តមានគណបក្សប្រឆាំងមួយនេះក្ដី ក៏ប្រជាធិបតេយ្យ នៅកម្ពុជានៅតែដើរទៅមុខជានិច្ច។

លោក សុខ ឥសាន បានបន្ថែមថា កម្ពុជាមិនបានប្រតិកម្មលើប្រទេសមួយចំនួននោះទេ ព្រោះប្រទេសមួយចំនួន គឺជាយន្តការនៃបដិវត្តពណ៌ ដែលបានដឹកនាំឲ្យបក្សប្រឆាំងឲ្យធ្វើខុសតែប៉ុណ្ណោះ ដូច្នេះជាធម្មតាទេ ចៅហ្វាយនាយ និងអាយ៉ង់ការពារឲ្យគ្នាទៅវិញទៅមកនោះ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ថ្វីបើមិនបានបញ្ចេញចំឈ្មោះប្រទេសមួយណាក៏ដោយ ប៉ុន្តែគេអាចយល់ថា អ្នកនាំពាក្យរូបនេះចង់និយាយសំដៅលើអាមេរិក ព្រោះរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា​បានចោទអំពើក្បត់ជាតិរបស់ លោក កឹម សុខា គឺមានបរទេសនៅពីក្រោយខ្នង។

ដោយឡែក លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ឲ្យដឹង​ថា តាម​រដ្ឋធម្មនុញ្ញ បេក្ខភាព​សមាជិក គជប ថ្មី​ដែល​នឹង​ចូល​ទៅ​អង្គុយ​ជំនួស កន្លែង​សមាជិក​ចាស់​​ចាក​ចេញ​នោះ ​គឺ​ជា​កូតា​មក​ពី​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល។​ គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​បច្ចុប្បន្ ន​គឺ​អាច​មាន​រហូត​ដល់​៦​គណបក្ស។ នេះ​បើ​តាម​ គជប ដែល​ប្រកាស​ឲ្យ​គណបក្ស​ទាំង​៦​នោះ ​ផ្តល់​​​ព័ត៌មាន​មក​កាន់​គជប ក្នុង​ការ​ទទួល​យក​អាសនៈ​របស់គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ។ ប៉ុន្តែ​គណបក្ស​សម្ព័ន្ ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹម វាសនា ​បដិសេធ​ជា​ផ្លូវ​ការ​ មិន​ទទួល​អាសនៈ​​ដែល​ផ្តល់ឲ្យ ​ដោយ​គជប នេះ​ទេ។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា

អ្នក​នាំ​ពាក្យគជប លោក ហង្ស ពុទ្ធា បាន​សម្ដែងនូវការ​សោក​ស្តាយ​ចំពោះ​ការ​ចាកចេញ​របស់​សមាជិក ​គជបទាំង​៣​រូប ដោយ​ថា​ពួក​គេ​​ធ្វើ​ការ​ងារ​ជាមួយគ្នា​បាន​ល្អ​ ក្នុង​ការ​រៀប​បោះ​ឆ្នោត​ឃុំ-សង្កាត់​ នាពេលកន្លង​មក​នេះ។

សូម​បញ្ជាក់​ថា សមាជិក​គជប ៣​រូប ​ដែល​បាន​ប្រកាស​ដើរ​ចេញ​ពី​គជប នោះ​ រួមមាន លោក គួយ ប៊ុនរឿន ជា​អនុប្រធានគជប លោក រ៉ុង​ ឈុន និងលោក​ស្រី តែ ម៉ានីរ៉ុង ជា​សមាជិក។ មន្រ្ដីជាន់ខ្ពស់​ទាំង​៣រូបនេះ ​សុទ្ធ​សឹង​ជា​កូតា​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ។ ដោយឡែកលោក ហ៊ីង ធីឬទ្ធិ ជា​កូតា​មក​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ​នោះ បាន​បញ្ជាក់​ថា​ “ខ្ញុំ​នៅ​រក្សា​ជំហរ​បន្ត​ការ​ងារ ​ក្នុង​គជប ​ត​ទៅ​ទៀត​ ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ចូល​រួមក្នុង​ការ​បោះ​ឆ្នោត រហូត​ដល់​ចប់​អាណត្តិ”។

សម្រាប់​សមាជិក​គ.ជ.ប ដែល​ចាក​ចេញ​បាន​គូស​បញ្ជាក់​ថា មូល​ហេតុ​ដែល​ពួកគេ​មិន​អាច​បន្ត​ការងារ​បោះឆ្នោត​បាន​ត​ទៅ​ទៀត​ដោយ​សារ​តែ​មាន​ការ​បែង​ចែក​អាសនៈ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​ពលរដ្ឋ​មិន​គាំទ្រ។ បើ​តាម​សមាជិក គ.ជ.ប ទាំង​៣​រូប​នេះ ក្នុង​នាម​ជា​អាជ្ញាកណ្តាល​ ពួក​គេ​មិន​អាច​នៅ​បន្ត​ការងារ​ ក្នុង​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ត​ទៅ​ទៀត​ទេ ​ដោយ​ថា​វា​ក្បត់​នឹង​ឧត្តម​គតិ​របស់​ពួក​គេ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ដែល​នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ៕