សៀមរាប៖ កាលពីព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ សុខា សៀមរាប «Sokha Palace Siem Reap Hotel» បានរៀបចំពិធីកាត់ខ្សែបូ ដំណើរការ ព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៧ (Cambodia Travel Mart 2017)» ហៅកាត់ថា «CTM 2017» ដែលបានអញ្ជើញចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូអន្តរជាតិ មកពីបណ្ដាប្រទេសមួយចំនួន នៅអាស៊ីរួមមាន ថៃ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង ឥណ្ឌា តៃវ៉ាន់ ជាដើម ។

ព្រឹត្តិការណ៍ដ៏ធំ លំដាប់ថ្នាក់អន្តរជាតិនេះដែរ ត្រូវបានរៀបចំឡើងចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៧-​១៩ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីផ្សព្វផ្សាយ ឱ្យគណៈប្រតិភូអន្តរជាតិបានដឹងថា វិស័យទេសចរណ៍នៅកម្ពុជា មានភាពរីកចម្រើន និងមានសក្ដានុពលខ្លាំង សម្រាប់ការវិនិយោគ លើវិស័យទេសចរណ៍នេះ ព្រោះកម្ពុជា ពោរពេញទៅដោយ សម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិជាច្រើន ។

មួយវិញទៀត នៅក្នុងឱកាស នៃព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៧» ដែលបានរៀបចំឡើងរយៈពេល ៣ថ្ងៃនៅលើទឹកដីអង្គខេត្តសៀមរាបនេះ ក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុនទេសចរណ៍ជាច្រើនក្នុងអាស៊ី សម្រាប់ការផ្លាស់ប្ដូរយោបល់គ្នា ដើម្បីផលប្រយោជន៍រួម ផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងគ្នា និងគ្នា ក៏ដូចជាបង្ហាញពីផលិតផលទេសចរណ៍របស់ខ្លួន រៀងៗខ្លួនផងដែរ ដែលទាំងនេះ គឺជាភាពងាយស្រួលមួយ របស់កម្ពុជា ក្នុងការសហការជាមួយ ក្រុមហ៊ុនទេសចរណ៍បរទេស នាំយកផលិតផល និងសក្ដានុពលទេសចរណ៍ របស់កម្ពុជាទៅឱ្យពិភពលោកបានឃើញ ។

ជាមួយគ្នានេះ អាជ្ញាធរទេសចរណ៍ថៃ (TAT) ដែលមានទីស្នាក់ការនៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម ក៏បានចូលរួមនៅក្នុងឱកាសនោះដែរ ដោយបានផ្ដល់បទសម្ភាសន៍ថា អាជ្ញាធរទេសចរណ៍ថៃ ពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ ដែលបានចូលរួមនៅក្នុង ព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៧» ព្រោះការចូលរួមនេះ បានធ្វើឱ្យក្រុមហ៊ុនទេសចរណ៍ជាច្រើន នៅអាស៊ី មានឱកាសបានជជែកពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅលើការងារ វិនិយោគវិស័យទេសចរណ៍ ។

ជាចុងក្រោយ អជ្ញាធរទេសចរណ៍ថៃបានបន្ថែមថា ប្រទេសថៃ និងប្រទេសកម្ពុជា ជាប្រទេសជិតខាង និងជាមិត្តនឹងគ្នា ដូចនេះ សម្រាប់ភ្ញៀវទេសចរណ៍ ដែលបានមកកម្សាន្ត នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយ ពោពេញទៅដោយតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិសំខាន់ៗជាច្រើន ដូចជាតំបន់ទេសចរណ៍នៅខេត្តសៀមរាបជាដើម ក៏អាចមានលទ្ធភាពឆ្លងទៅកម្សាន្តនៅលើទឹកដីប្រទេសថៃបានផងដែរ ដោយអាចធ្វើដំណើរបាន តាមគ្រប់មធ្យោបាយទាំងអស់ ដែលស្របពេលជាមួយក្រុមហ៊ុនទេសចរណ៍ជាច្រើន កំពុងរង់ចាំបម្រើសេវាកម្មដល់ភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក ៕
សហការី KBN