ភ្នំពេញ៖ បន្ទាប់​ពី​បើក​សវន​ការ​អស់​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​រួច​មក ​តុលាការ​កំពូល​បាន​សម្រេច​ចេញ​ដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណៈកម្មាធិការ​នាយក ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​១១៧​នាក់​ ព្រមទាំង​ទីប្រឹក្សា​ ដោយម្នាក់ៗត្រូវ​ផ្អាក​សកម្ម​ធ្វើ​នយោបាយ​ រយៈពេល​៥​ឆ្នាំ​​។

មុនពេលប្រកាសសាលដីកានោះ មន្ត្រី​តុលាការ​កំពូល​ម្នាក់ អះអាង​ថា តុលាការ​ជាន់ខ្ពស់មួយ​នេះ នឹង​ប្រកាស​សាលដីកា​ករណី​រំលាយ​បក្ស​ប្រឆាំង នៅ​ល្ងាច ​ថ្ងៃ​ទី១៦ វិច្ឆិកា នេះ តែ​ម្ដង បន្ទាប់​ពី​ធ្វើ​សវនាការ​មួយ​ថ្ងៃ​ពេញ ដោយមិនរង់ចាំថ្ងៃស្អែកឡើយ។

សារព័ត៌មាន​ក្នុង​ស្រុក បាន​ស្រង់​សម្ដី​មន្ត្រីនាំពាក្របស់តុលាការ​កំពូល លោក អ៊ុក គឹមសិទ្ធិ ថា ការ​កាត់​ទោស​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចេញ​ពី​ឆាក​នយោបាយ​តាម​សំណើ​ក្រសួង​មហាផ្ទៃ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា តែ​ម្ដង ដោយ​មិន​រង់ចាំ​ស្អែក​ទេ។

មន្រ្ដីតុលាការកំពូល បានបន្តថា សវនាការ​របស់តុលាការកំពូលនេះ ​បាន​ចាប់​ផ្ដើម​ដំណើរ តាំង​ពី​ម៉ោង​ជាង៨​ព្រឹក ដោយមាន​ចៅក្រម៩រូប ដែល​ដឹកនាំ​ដោយ​លោក ឌិត មុន្ទី តំណាង​មហាអយ្យការ ១រូប ក្រឡាបញ្ជី ១រូប និង​មេធាវី​ដើម​បណ្ដឹង​៤​រូប។

បើ​ទោះ​ជា​សវនាការ​នេះ​ ជា​សាធារណៈ​ក្ដី ប៉ុន្តែ​នៅ​ខាង​ក្រៅ​របង​តុលាការ​នេះ សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ចម្រុះ​យ៉ាង​ច្រើន និង​រនាំង​រាំង​ផ្លូវ​ស្អេកស្កះ​ មិន​ឲ្យ​ចរាចរ​បាន​ឡើយ។ ចំណែក​នៅ​ក្នុង​សវនាការ មិន​បានអនុញ្ញាតឲ្យ​ថត​សំឡេង ឬ​រូបភាព គឺ​គ្រាន់​តែ​អាច​កត់ត្រា​បាន។

ព្រឹត្តិការណ៍​នេះហាក់បីដូចជា​ចម្លែក​មួយ គឺ​ថា​ស្របពេល​តុលាការ​កំពូល​កំពុង​ដំណើរការ​ក្តី​សំណុំ​រឿង​រំលាយ​គណបក្ស​សង្រ្គោះជាតិ គេ​ឃើញ​ព្រះមហាក្សត្រ ព្រះករុណា សម្តេច​ព្រះបរមនាថ សីហមុនី ព្រះអង្គ​បាន​យាង​ទៅ​សោយក្រយា​ថ្ងៃត្រង់ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ​ឈ្មោះ​មាលា ដែល​មាន​ទីតាំង​នៅ​ចំ​ពី​ក្រោយ​តុលាការ​កំពូល។

ទោះ​ជា​យ៉ាងណា​លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ព្រះរាជ​លេខាធិការ​ដ្ឋាន ព្រះមហាក្សត្រត្រី នរោត្តម មុនីនាថ សីហនុ មាន​ប្រសាសន៍​​ថា ព្រះមហាក្សត្រ​មាន​កម្មវិធី​ពិសេស​ដែល​ត្រូវ​យាង​ទៅ​សោយ​ក្រយា​នៅ​ទីនោះ។

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា សម្រាប់ដំណើរការរឿងក្តីរំលាយគណបក្សប្រឆាំង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានភាពល្អប្រសើរ ទោះបីជាមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ បានអំពាវនាវឲ្យសកម្មជន ប្រមូលផ្តុំនៅមុខតុលាការកំពូលក្តី ប៉ុន្តែមិនមានបញ្ហាអ្វីកើតឡើង គួរឲ្យកត់សម្គាល់នោះទេ ។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៦ វិច្ឆិកា ថា ស្របពេលតុលាការកំពូល កំពុងដំណើររឿងក្តីរំលាយគណបក្សប្រឆាំង តែបរិយាកាស​ក្នុងពេលតុលាការ ដំណើរការជាធម្មតា មានលក្ខណៈល្អប្រសើរ ស្ងប់ស្ងាត់ មានសន្តិសុខសុវត្ថិភាពល្អ គ្មានបញ្ហាអ្វីគួរកត់សម្គាល់ឡើយ ។

លោកសុខ ឥសាន បញ្ជាក់ថា “សភាពការណ៍ពិតនេះ វាផ្ទុយស្រឡះពីការនិយាយ បំភិតបំភ័យពីមជ្ឈដ្ឋានអគតិមួយចំនួន” ។

លោកថា ទោះបីមានការអំពាវនាវ ឲ្យប្រុងប្រយ័ត្នក៏ដោយ ក៏នៅតែមានការស្ងប់ស្ងាត់ល្អ ជីវភាពសង្គមនៅតែរស់រវើក និងមមាញឹកជាធម្មតា មានប្រក្រតីភាព អត់មានការព្រួយបារម្ភភ័យខ្លាចអ្វីឡើយ ។

ទាក់ទិននឹងស្ថានការណ៍នេះ អ្នកនំាពាក្យបក្សកាន់អំណាច បានគូសបញ្ជាក់យ៉ាងដូច្នេះថា “នេះបង្ហាញថា ប្រជាពលរដ្ឋមាន ការយល់ដឹងច្បាស់ពីអត្ថន័យ នៃសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពសង្គម ក្រោមការដឹកនាំថែរក្សា របស់រាជរដ្ឋាភិបាលកម្ពុជា មានការជឿទុកចិត្ត មិនជឿការញុុះញ៉ង់ បំភិតបំភ័យទាល់សោះឡើយ”។

លោក សុខ ឥសានថា ចាប់ពីពេលនេះតទៅ មិនបាច់ឃោសនាអូសទាញ ប្រជាជនកម្ពុជាយ៉ាងណាទេ ប្រជាជនកម្ពុជា នៅតែរឹងមាំដាច់ខាត មិនលុះដោយការអូសទាញ ណាមួយឡើយ ។ ប្រជាជនមិនមែនយកខ្លួន ទៅពាំងតវ៉ាជំនួសក្រុមមេបក្សប្រឆាំង ដែលកម្សាករត់ចោលស្រុកនោះទេ។

https://4.bp.blogspot.com/-0YLP1ZqaviQ/Wg1pQx80ExI/AAAAAAAAFQs/MD3-4vfCvyM9xlc-hu_QaHSIucS4FqFPACLcBGAs/s1600/23517748_2052523484977955_5260618690836902785_n.jpg

មុនពេល និងស្របពេល តុលាការកំពូលកំពុងបើកសវនការ លើសំណុំរឿង រំលាយគណបក្សសង្រ្គោះ​ជាតិនោះ អាជ្ញាធរាជធានី​ភ្នំពេញ បាន​ដាក់​ពង្រាយ​កម្លាំងសមត្ថកិច្ចចម្រុះ ​នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​ ស្ទើរ​តែ​ទាំង​ស្រុង ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​១៦ ខែវិច្ឆិកា។ លើស​ពី​នេះ នៅ​ជុំវិញ​បរិវេណ​តុលាការ​កំពូល​ ក្នុង​រង្វង់​ជាង​៥០០​ម៉ែត្រ អ្នក​ដែល​គ្មាន​ភារកិច្ ច​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជា​ដាច់​ខាត។ នេះ​ជា​វិធានការ ​ដើម្បី​ទប់​ស្កាត់​នូវការ​ជួប​ជុំ​តវ៉ា​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ប្រឆាំង​នឹង​សវនាការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។

មិន​មាន​ការ​ជួប​ជុំ​ណា​មួយ​កើត​ឡើង នៅ​ថ្ងៃ​ដែល​តុលាការ​កំពូល​បាន​បើក​សវនាការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ​ទេ។ មិន​ថា នៅ​មុខ​តុលាការ​កំពូល ដែល​ស្ថិត​នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង ឬ នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ក្រុង​ភ្នំពេញ គឺ​មិន​ឃើញ​មាន​ការ​ជួប​ជុំ​ពី​សំណាក់​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ដូច​ការ​ព្រួយ​បារម្ភ​របស់​អាជ្ញាធរ​នោះ​ទេ។

បើ​តាម​សេចក្តី​រាយការណ៍ នៅ​ឯ​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​មិន​មាន​តំណាង​រាស្រ្ត ឬ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ណា​ម្នាក់ បាន​ស្ថិត​នៅ​ក្នុង​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ។ ពោល​គឺ គេ​ឃើញ​មាន​តែ​សន្តិសុខ​ពីរ​បី​នាក់​ដែល​យាម​ប្រចាំ​នៅ​ទី​ស្នាក់​ការ​ដែល​ស្ងាត់​ជ្រងំ និង​ក្រុម​អ្នកសារព័ត៌មាន​ពីរ​បី​នាក់ ដែល​រង់​ចាំ​តាម​ដាន​យក​ព័ត៌មាន នៅ​ឯ​ទី​ស្នាក់​ការ​គណបក្ស​នេះ​តែ​ប៉ុណ្ណោះ។

គួរ​ជម្រាប​ជូន​ថា សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ណែន នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវនការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ តាម​បណ្តឹង​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី ០៦ តុលា។ នៅ​តាម​ច្រក​ផ្លូវ​សំខាន់ៗ ចូល​មក​កាន់​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​បាន​ដាក់​បារាស់​ តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​រថយន្ត ​និង​អ្នក​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​នានា៕