ភ្នំពេញ៖ វាពិតជាហួសហេតុ និងមិនគួរកើតឡើង ដោយគ្រាន់តែបើករថយន្តថយក្រោយ ហើយម៉ូតូស៊ីផ្លេរដាក់សោះ ក្លាយជាទំនាស់សម្ដីគ្នា រហូតឈានដល់ប្រើហិង្សារទៅវិញទៅមក ដែលហេតុការណ៍ខាងលើនេះ បានបង្ករភ្ញាក់ផ្អើល កាលពីម៉ោង១៧និង៤៥ នាទីព្រលប់ថ្ងៃទី១០ វិច្ឆិការ ឆ្នាំ២០១៧ នៅំណុចក្នុងបុរីតុលនផ្លូវ បេតុងភូមិគោកឃ្លាងសង្កាត់គោកឃ្លាខណ្ឌសែនសុខ ។

អ្នកជិះម៉ូតូឈ្មោះ ង៉ែត សុវណ្ណ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរអ្នកបោះពុម្ភ ស្នាក់នៅផ្ទះលេខ៣១បេតេ ផ្លូវបេតុងភូមិសន្សំកុសល់១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក
ឌ្រីមសង់ សេ១២៥ ពណ៌ក្រហម ស៊េរី២០០៦ ពាក់ស្លាកលេខ កំពត 1A-6984 របួសរលាត់កបន្តិចបន្តួច ។

អ្នកបើករថយន្តឈ្មោះ តូ វាសនា ភេទប្រុសអាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខអី៧ ផ្លូវលេខ៤ ភូមិគោកឃ្លាង សង្កាត់គោកឃ្លា ខណ្ឌសែនសុខ បើករថយន្តហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-2085 របួសស្មាបន្តិបន្តួច ។

ប្រភពពីអ្នកបើករថយន្តបានប្រាប់ថា មុនកើតហេតុ គាត់បានបើករថយន្តអែបកៀន ដោយវាយភ្លើងស៊ីញ៉ូ ហើយក្រោយមក គាត់ក៏បានរីយ៉ែរថយន្តថយក្រោយ ស្រាប់តែអ្នកជិះម៉ូតូ មកពីក្រោយ
អកស៊ើ ចុចស៊ីផ្លេរដាក់គាត់ ដោយប្រើសម្ដីមិនសមរម្យទៀតផង ។

ប្រភពដដែលបន្តថា ពេលនោះ គាត់បានចុះពីលើរថយន្ត មកសាកសួរ ក៏ក្លាយជាទំនាស់សម្ដី និងឈានរហូតប្រើហិង្សាដាក់គ្នា ទៅវិញទៅមក ត្រូវបានសមត្ថកិច្ចហៅមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលគោកឃ្លាងតែម្តង ។

លោកនាយប៉ុស្តិ៍គោកឃ្លាង បានបញ្ជាក់ប្រាប់ថា ក្រោយពីឱ្យ ភាគីទាំងសងខាង និយាយសម្របសំម្រួលគ្នា ក្រៅប្រព័ន្ធច្បាប់ជាងមួយម៉ោង ទើបភាគីសងខាង ត្រូវរ៉ូវគ្នា ដោយខាងរថយន្តបានចេញសំណងជំងឺចិត្ត ទៅខាងម៉ូតូចំនួន ២៥ម៉ឺន បញ្ចប់រឿង ហើយក៏បានឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន ៕