ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប កាលពីរសៀល​ ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ម្សិលមិញនេះ បាន​រៀបចំ​ពិធី​ទទួល​ស្វាគមន៍​ និងអាហារសាមគ្គីមួយជូនចំពោះ​គណៈប្រតិភូ​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ ដែល​អញ្ជើញ​មក​ទស្សនកិច្ច និង​ឈ្វេង​យល់​ពី​សក្តានុពលលើ​ទេសចរណ៍វប្បធម៌ ធម្មជាតិ នៅលើ​​ទឹកដី​ប្រវត្តិសាស្ត្រខេត្ត​សៀមរាប។

ពិធិនេះបានធ្វើឡើង នៅ​ក្នុងសណ្ឋាគារ​សុខា សៀមរាប ក្រោម​វត្តមាន​របស់លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្តសៀមរាប លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ស្រី រួម​ទាំង លោក លោក​ស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព តំណាង​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​ន​បឺត និង​អាជីវករ​របស់​ស្រា​បៀរ​ហ្គេ​ន​បឺតជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះដែរ លោក Brune តំណាង​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​ន​បឺត និង​កញ្ញា Angela Bonila ជាម្ចាស់​មកុដ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និងបវរកញ្ញា​ពិភពលោក​ ឆ្នាំ​២០១៧ ក៏​បាន​លើក​ឡើង​ពី​ភាព​អស្ចារ្យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​សម្បូរ​ទៅ​ដោយតំបន់ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ដែលជាមន្តស្នេហ៍ក្នុងការ​​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា​​កម្សាន្ត នៅក្នុងទឹកដីដ៏ពិសិដ្ឋនេះ។

ជាមួយគ្នានេះ លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប ក៏បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​បវរ​កញ្ញាឯក​ពិភពលោកឆ្នាំ​២០១៧ ដែល​បានអញ្ជើញមក​ធ្វើទស្សនកិច្ច នៅក្នុងទឹកដី​ខេត្តសៀមរាប ដើម្បី​ឈ្វេងយល់​ពី​សក្តានុពល​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ដ៏សម្បូរបែប នៅក្នុងទឹកដីអង្គរនេះ។ ក្រៅពីនេះ លោកក៏បានបញ្ជាក់ថា ​ខេត្តសៀមរាប នាពេលបច្ចុប្បន្ន​នេះមាន​សន្តិសុខ​សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យល្អ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ នៅក្នុងខេត្តសៀមរាប បាន​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍។

លោកអភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូបវរកញ្ញាពិភពលោកថា ខេត្តសៀមរាប គឺជា​អតីត​រាជធានី នៃ​អធិរាជ​អាណាចក្រ​ខ្មែរ ​សម័យ​អង្គរ នា​សតវត្ស​ទី​៩ ដល់ទី​១៤ ហើយក៏​ជាទី​ក្រុង​ដ៏​ប្រណិត ដែលផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ ​នៅ​តំបន់អាស៊ី។ នៅក្នុងខេត្តនេះ​សម្បូរទៅដោយកេរ​មរតក​វប្បធម៌​ ដែល​ជា​ស្នាដៃ នៃ​បុព្វបុរស​ជំនាន់​ដើម បាន​បន្សល់​ទុកមក ហើយ​​ក្លាយជា​កំណប់ទ្រព្យ​ដ៏​មហាសាល ទាំងវិស័យទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​៕