​ខេត្តកណ្តាល​៖​ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានចេញប្រតិបត្តិការបង្ក្រាបទីតាំងស្ដុកឈើប្រណីតមួយកន្លែង នៅក្នុងក្រុងតាខ្មៅ ដោយឡោមព័ទ្ធ តាំងពីល្ងាចថ្ងៃទី៩ រហូតដល់ព្រឹក​ព្រឹក​ ថ្ងៃ​សុក្រ ​ទី​១០​ ខែ​វិ​ចិ្ឆ​កា​នេះ​ ក៏​មិន​ទាន់​បញ្ចប់​ប្រតិបត្តិការ​នេះនៅឡើយ។

លោកឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​បានឲ្យដឹងថា​ សមត្ថកិច្ចរបស់លោកពិតជា​បាន​​បង្ក្រាប​ឈើ​គ្រញូង​ប្រា​ដ​មែន​។ ស្របគ្នានេះ​ដែរ ​មន្ត្រី​តុលាការ​ខេត្តកណ្ដាល ក៏បានថ្លែងស្រ​ដៀងគ្នានឹង​លោកស្នងការ​ថា​ ប្រតិបត្តិការ​ឡោម​ព័ទ្ធ​ឃ្លាំង​ស្តុក​ឈើ​នេះ​ មិន​ទាន់​បញ្ចប់​នៅឡើយទេ​ ហើយនីតិវិធី​នេះអាច​នឹងឈាន​ដល់​ថ្ងៃស្អែក​។


លោក​ ទិន​ សុចិ​ត្រា​ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា​ ក្រោយ​ពី​បានតាមដាន​រថយន្ត​ឈើ​ដឹកឈើ​ តាំងពី​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​៩​ ខែវិ​ចិ្ឆ​កា​ រួច​មក​ ទើបសមត្ថកិច្ចឈានដល់ការ​ឡោម​ព័ទ្ធ​ និង​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​ នៅ​ក្រុង​តា​ខ្មៅ​ ខណៈ​ឈ្មួញ​​ដឹកឈើ​ តាម​រថយន្ត​យក​មក​ស្តុក​នៅ​ទីនោះ​។

​លោក​ ទិន​ សុចិ​ត្រា​ បាន​បន្ត​ថា​ ក្រោយ​ពី​ទទួល​ព័ត៌មាន​បែបនេះភ្លាម​ លោក ​និង​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​រង​ខេត្តកណ្តាល​ ក៏បាន​ដឹកនាំ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ចុះ​តាមដាន​ និង​ប្រដេញ​តាមរថយន្ត​ដឹកឈើ​ភ្លាមៗ​ រហូត​ឈាន​ដល់​ឡោម​ព័ទ្ធ​ពេញ​មួយ​យប់​ ហើយក៏នៅ​តែ​មិន​ទាន់​ចប់​ប្រតិបត្តិការនេះនៅឡើយ។

ទោះជាយ៉ាងណា បើតាមមន្រ្ដី​នគរបាល​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ថា​ នៅក្នុងប្រតិបត្តិការ​យប់មិញ​នេះ ​សមត្ថកិច្ច​ឆែកឆេរ​ឃ្លាំង ​ស្តុករកឃើញ​ឈើ​គ្រញូង​ជា​ច្រើន​ និងឃាត់​ខ្លួនជនពាក់ព័ន្ធ​ចំនួន​១៧​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​៣​នាក់​ផងដែរ៕