ភ្នំពេញ៖ សកម្មភាពចោរកម្ម ប្លន់ លួច ហាក់បីដូចជាកក្រើកឡើងក្នុងរាជធានីភ្នំពេញ ហើយក្នុងសប្តាហ៍ដើមខែនេះ ដូចជាមានច្រើន ទាំងយប់ទាំងថ្ងៃ គួរឱ្យ ព្រួយបារម្ភ សម្រាប់ព្រឹកនេះ នៅវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ កើតមានករណីបាញ់ប្លន់យកម៉ូតូ សេ១២៥មួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព ត្រង់ចំណុចផ្លូវលំ ខាងក្រោយហាងខារ៉ាអូខេ សែនអាល័យ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជនរងគ្រោះ អូសម៉ូតូចេញយកមកដាក់មុខផ្ទះ រង់ចាំជូនម្តាយទៅផ្សារ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពចោរកម្ម ប្លន់ លួច ហាក់បីដូចជាកក្រើកឡើង ច្រើនក្នុងសប្តាហ៍ដើមខែនេះ ដែលជនសង្ស័យធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញ បង្កឱ្យភ័យខ្លាច ពេល ធ្វើដំណើរតាមដងផ្លូវស្ងាត់ៗទាំងភ្នែកនៅកញ្ចឹងក ហើយនៅវេលាម៉ោងខាងលើ គេឃើញក្មេងរងគ្រោះ អូសម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-3968 មកដាក់មុខផ្ទះ ស្រាប់តែជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកដល់វាយក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ជិះគេចចេញទៅបាត់ដោយសុវត្ថិភាព ។

ជនរងគ្រោះ ឈ្មោះ រឿន ចាន់ណា ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅ កន្លែងកើតហេតុ ។ តាមក្រុមគ្រួសារក្មេងរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះត្រូវបានម្តាយឱ្យអូសម៉ូតូចេញ ដាក់ក្រៅមុខផ្ទះ ក្នុងគោលបំណងរង់ចាំជូនម្តាយទៅផ្សារ ស្រាប់តែ ជនសង្ស័យគ្នា ២នាក់ ជិះម៉ូតូឌុបគ្នាមកដល់ ចុះវាយ ក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើង បាញ់ឡើងលើគម្រាម មួយគ្រាប់ រួចជិះគេចចេញទៅបាត់ ។

ក្រោយផ្ទុះអាវុធដោយសារបាញ់គម្រាមប្លន់យកម៉ូតូ សមត្ថកិច្ចទាំងអាវុធហត្ថ ទាំងប៉ូលិសបានចុះទៅពិនិត្យ សាកសួរដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះ ទៅសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការស្រាវជ្រាវនិងកំណត់មុខសញ្ញាប្លន់ ប្រដាប់អាវុធខាងលើ ៕