កាលពីពេលថ្មីៗនេះ កាសែត Shanghaiiest បានចុះផ្សាយវីដេអូ ហេតុការណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅក្នុង ហាងស៊ុបពើរម៉ាត មួយកន្លែងនៅក្នុងក្រុង យួនឈឹង មុនធុនជៀងឆូរ ប្រទេសចិន ដោយនៅសុខៗស្រាប់តែមាន សត្វក្របីមួយក្បាល ដាច់ហ្វូងរត់បោលចូល ក្នុងហាងខាងលើ ហើយបានដេញជល់អតិថិជន និងបុគ្គលិកនៅក្នុងហាងនោះ របួសធ្ងន់២នាក់ផងដែរ ។ ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សជាច្រើន បានរត់ចែកជើងគ្នា យករួចជីវិតរៀងខ្លួន ។

បើតាមការចុះផ្សាយខាងលើ បានសរសេរថា ក្របីមួយក្បាលនេះ ត្រូវបានហាងកាប់សាច់មួយ នៅក្នុងតំបន់នោះទិញយក ដើម្បីសម្លាប់យកសាច់លក់ តែពេលដែលគេអូសវាមកដល់ តំបន់កើតហេតុខាងលើ ស្រាប់តែដាច់ខ្សែរ បណ្តាលឲ្យសត្វក្របីមួយក្បាលនោះ រត់បោលចូលក្នុងហាងម៉ាតខាងលើ បុកកំទេចធ្នើដាក់ទំនិញ ខ្ទាតខ្ចាត់ខ្ចាយគ្មានសល់ មិនតែប៉ុណ្ណោះមានអតិថិជន និងបុគ្គលិកហាង ចំនួន៥នាក់បានរងរបួស ដោយសារសត្វក្របីនោះ ដេញជល់ផងដែរ ហើយក្នុងនោះ មាន២នាក់របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។

ក្រោយមកប៉ូលិសបានចូលមកជួយ ទប់ស្កាត់ហេតុការណ៍ដ៏រន្ធត់នេះ ដោយប្រើកាំភ្លើងបាញ់សម្លាប់ សត្វក្របី១ក្បាលនេះ ដើម្បីបញ្ចប់ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលមួយនេះ រហូតធ្វើឲ្យក្របីនោះងាប់នៅនិងកន្លែងតែម្តង ៕