ខេត្តព្រៃវែង៖ អគ្គីបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង បង្កឲ្យមានការភ្ញាក់ផ្ទើលឡើង កាលពីវេលាម៉ោង៤ និង​៣០​នាទី​ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិលិង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលរងនូវគ្រោះអគ្គិភ័យនោះ ធ្វើពីឈើ ដំបូលប្រក់ស័ង្គសី មានបណ្ដោយប្រវែង៥ម៉ែត្រ និងទទឹងប្រវែង៤ម៉ែត្រ មានម្ចាស់ ឈ្មោះ ថា ឯក ភប់ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិលិង្គ ឃុំអង្គររាជ្យ ហើយហេតុការណ៍នេះបានបំផ្លាញអស់លុយរបស់ជនរងគ្រោះចំនួន៦លានរៀលផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា​ មុនពេលកើតមាននូវគ្រោះអគ្គិភ័យនោះ ម្ចាស់ផ្ទះបានចម្អិនម្ហូបអាហារ ប៉ុន្តែដោយសារគាត់ខ្វះការប្រុងប្រយ័ត្ន មិនមើលភ្លើងនៅក្នុងជើងក្រាន ទើបធ្វើឲ្យវាខ្ទាតទៅប៉ះនិឹងជញ្ជាំង ក៏បង្កឲ្យកើតមាននូវគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះតែម្ដងទៅ។ ប៉ុន្តែទម្រាំងអ្នកភូមិដឹង និងរត់ទៅជួយពន្លត់ គឺភ្លើងបាន​ឆាប​​ឆេះផ្ទះ​ឡើង​ពេញ​ក្រមុំ​(ភ្លើងឆេះពេញបន្ទុក)បាត់ទៅហើយ ទើបមិនអាចជួយសង្គ្រោះផ្ទះនោះពីអណ្ដាតភ្លើងបាន ហើយទីបំផុតបានក្លាយទៅជាចំណីអគ្គីត្រឹមតែមួយប៉ប្រិចភ្នែក៕