ខេត្តព្រៃវែង: ផ្ទះមួយខ្នងត្រូវអគ្គីឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលរងនូវគ្រោះអគ្គិភ័យនោះ មានបណ្ដោយប្រវែង៧ម៉ែត្រ និងទទឹងប្រវែង៥ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស័័ង្កសី ដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះ ទេស ស៊ាត ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ គាត់ជាស្រ្តីមេម៉ាយ មានកូន២នាក់ រស់នៅក្នុងបន្ទុក គឺទី១-ឈ្មោះ ឃួន ជីមិ ភេទប្រុស អាយុ២១ឆ្នាំ និងទី២ឥឈ្មោះ ឃួន កញ្ញា ភេទស្រី អាយុ១៥ឆ្នាំ។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រៅអំពើឆាបឆេះផ្ទះនោះ គ្រោះអគ្គិភ័យនេះ បានបំផ្លាញទ្រព្យសម្បតិ្តនៅក្នុងនោះ រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-2993 ទូរទស្សន៍១គ្រឿង កង់១គ្រឿង គិតជាប្រាក់ចំនួន១២លានរៀល។ បើតាមការបំភ្លឺពីអ្នកជិតខាង និងម្ចាស់ផ្ទះនោះ សមត្ថកិច្ចអាចសន្និដ្ឋានថា ករណីនេះបង្កឡើង ដោយការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕