សិល្បៈ៖ គេនៅចាំបានថា កាលពីពេលថ្មីៗនេះ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន នាយ ពែកមី បានដឹកដៃភរិយាជាទីស្រឡាញ់ ចូលរួមកម្មវិធី «ប្រពន្ធខ្ញុំខ្លាំង» តាមរយៈការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងនោះតារាកំប្លែងរូបនេះ ថែមទាំងបានបង្ហើបថាលោក និង ភរិយា បានយកឈ្នះលើដៃគូប្រកួតផ្សេងៗផងដែរ ។

ឆ្លៀតឱកាសចូលរួមលេងក្នុងកម្មវិធីខាងលើនេះ នាយ ពែកមី និង ភរិយា ក៏បានថតរូបជាមួយពិធីការិនីជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង គង់ សុជាតិ ដោយបង្ហោះចែកចាយឱ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួនបានឃើញ អ្វីដែលពិសេស តារាកំប្លែងប្រុសខាងលើ ក៏បានរំលេចនូវពាក្យពេចន៍មួយឃ្លាថាលោកពិតជាមានសំណាងណាស់ ដែលបានថតរូបជាមួយនារីកំពូលសម្រស់ទាំងពីរ ។

តារាកំប្លែងមកពីខេត្តស្វាយរៀងរូបនេះ បានប្រលយសម្ដីថា «សំណាងណាស់ថ្ងៃនេះ បានសែលហ្វី ជាមួយនារីកំពូលសម្រស់ទាំងពីរ ស្អាតទេប្រិយមិត្ត?» ពិតណាស់ អ្នកនាង គង់ សុជាតិ ជាពិធីការិនីសាច់ចាំមួយរូប ដែលតែងតែទទួលបានការកោតសរសើរពីមហាជន ចំណែកឯភរិយារបស់នាយ ពែកមី វិញ កូនបីហើយ រីឯសម្រស់វិញ ក៏ស្រស់ស្អាតមិនអន់ដែរ ។
យ៉ាងណាមិញ គ្រាន់តែនាយ ពែកមី លើកឡើងបែបលេងសើចសោះ តែមានបណ្ដាអ្នកគាំទ្រជាច្រើន បានបញ្ចេញយោបល់ក្នុងអត្ថន័យយល់ស្របថា អ្នកនាង គង់ សុជាតិ និង ភរិយានាយ ពែកមី ពិតជាស្រស់ស្អាតមែន ៕ cake KBN