បរទេស៖ យោងតាមរបាយការណ៍មួយ បានចុះផ្សាយនៅលើវែបសាយ France 24 នៅថ្ងៃសុក្រ ទី២០ ខែតុលា នេះ បានឲ្យដឹងថា ការបំពុលបរិស្ថាន ត្រូវគេអះអាងថា ធ្វើឲ្យជីវិតមនុស្សចំនួន៩លាននាក់បានស្លាប់ នៅក្នុងឆ្នាំ២០១៥។

របាយការណ៍ដដែល បានបន្តថា ចំនួនអ្នកស្លាប់ស្ទើរតែទាំងអស់ គឺចំនួន៩២ភាគរយ​ បានកើតឡើង នៅក្នុងប្រទេសដែល​មានចំណូលពីទាបទៅមធ្យម ដោយសារបញ្ហាការបំពុលបរិស្ថានជាចម្បង។ ស្ទើរតែពាក់កណ្តាល នៃអ្នកស្លាប់សរុប បានមកពីប្រទេសពីរគឺឥណ្ឌា និងចិន។ នេះបើយោងតាមអ្នកស្រាវជ្រាវ បានរាយការណ៍ នៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet ។

អ្នកស្រាវជ្រាវដដែល បានបន្ថែមថា នៅក្នុងប្រទេសឧស្សាហកម្មដែលមានឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស ដូចជា ប្រទេស​ឥណ្ឌា ប្រទេសប៉ាគីស្ថាន ប្រទេសចិន ប្រទេសបង់ក្លាដែស ប្រទេសម៉ាដាហ្គាស្ការ និងកេនយ៉ា ជាដើម គឺការបំពុលបរិស្ថានអាចធ្វើឲ្យមនុស្សស្លាប់មានចំនួន១ភាគ៤

លោក Karti Sandilya សហការី នៃអង្គការ Pure Earth ដែលជាអង្គការប្រឆាំងការបំពុលបរិស្ថាន បាននិយាយថា ការបំពុល និងជំងឺពាក់ព័ន្ធនានា ជារឿយៗប៉ះពាល់ដល់ប្រជាជនក្រីក្រ និងគ្មានអំណាចនៅលើពិភពលោក ហើយជនរងគ្រោះជារឿយៗ ងាយរងគ្រោះ និងមិនអាចនិយាយបាន ។

លទ្ធផល នៃការបំពុលបរិយាកាសកំពុងគំរាមកំហែងដល់សិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សិទ្ធិរស់រានមានជីវិត សុខុមាលភាពការងារ សុវត្ថិភាព ការការពារកុមារ និងជនងាយរងគ្រោះបំផុត។

កាចំណាយផ្នែកសេដ្ឋកិច្ចដែលទាក់ទងនឹងការស្លាប់ ដោយសារបញ្ហាបំពុលបរិស្ថាននោះ គឺត្រូវខាតបង់លុយ​ទៅលើការថែទាំសុខុ​មាលភាពរបស់មនុស្ស នៅលើពិភពលោក ប្រហែលជា៤,៦សែនកោដិដុល្លារសហរដ្ឋអាមេរិក( $4.6 trillion ឬ 3.9 trillion euros) ក្នុងមួយឆ្នាំៗ។

ក្រុមអ្នកស្រាវជ្រាវ បានបន្តថា តាមសមាមាត្រប្រទេសដែលមានចំណូលទាប ចំណាយ ៨,៣ ភាគរយ នៃប្រាក់ចំណូលជាតិសរុបរបស់ពួកគេ ទាក់ទិននឹងការស្លាប់ និងជំងឺទាក់ទងនឹងការបំពុល ខណៈដែលប្រទេសដែលមានចំណូលខ្ពស់ ខាតបង់ត្រឹម​តែ ៤,៥5 ភាគរយ។

ក្រៅពីការពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរនោះ វាបានបង្កឱ្យមានជំងឺស្លាប់ជាច្រើន ដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល មហារីកសួត និងជំងឺស្ទះសួតរ៉ាំរ៉ៃ។ រីឯមូលហេតុដែលស្លាប់ច្រើនបំផុត គឺពីរភាគបី នៃការស្លាប់ បង្កឡើងដោយការបំពុលខ្យល់អាកាស។ នេះរាប់បញ្ចូលទាំងការបំពុលខាងក្រៅពីរោងចក្រ និងការបញ្ចេញឧស្ម័ន ហើយការបំពុលក្នុងផ្ទះ ពីឈើធ្យូងថ្ម ឬកាកសំណល់ដំណាំដែលត្រូវបានដុត ដើម្បីកម្ដៅ និងចម្អិនចំណីអាហារជាដើម។

របាយការណ៍នេះ បានឱ្យដឹងទៀតថា បន្ទាប់ពីការបំពុលទឹកនៅកន្លែងទីពីរដែលមានមនុស្សស្លាប់ ១,៨លាននាក់ គឺការបំពុលនៅកន្លែងធ្វើការ រួមទាំងការប៉ះពាល់នឹងជាតិពុល និងសារធាតុបង្កមហារីក ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ដល់ទៅ ០,៨ លាននាក់។ ទាំងនេះរួមបញ្ចូលទាំងជំងឺសួត សម្រាប់កម្មករធ្យូងថ្ម មហារីកប្លោកនោមសម្រាប់កម្មករថ្នាំពណ៌ និងអាបស្តុក និងជំងឺមហារីកសួតលើអ្នកដែលត្រូវបានប៉ះពាល់នឹងអាបស្តូស។

របាយការណ៍នេះបានន្តបថា ការបំពុលនាំឲ្យមានការស្លាប់ 0,5 លាននាក់ ដែលបណ្តាលមកពីការឡើងសម្ពាធឈាមខ្ពស់ ជំងឺខ្សោយសរសៃប្រសាទ និងជំងឺសរសៃឈាមបេះដូង។

លោក Pamela Das និងលោក Richard Horton អ្នកសរសេរកម្មវិធី Lancet បាននិយាយថា របាយការណ៍នេះបានកើតឡើង នៅក្នុងពេលវេលាដ៏គួរឱ្យព្រួយបារម្ភ នៅពេលភ្នាក់ងារការពារបរិស្ថានរបស់អាមេរិកដែលដឹកនាំដោយលោក Scott Pruitt កំពុងធ្វើឱ្យខូចដល់បទប្បញ្ញត្តិបរិស្ថាន។ រីឯការរកឃើញចុងក្រោយ គួរតែមានការអំពាវនាវឱ្យមានសកម្មភាពផុល​ផុស​ឡើង ។

លោក Pruitt បានប្រកាសនៅខែនេះថា សហរដ្ឋអាមេរិកនឹងដកចេញពីគម្រោងថាមពលរបស់អតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា។ ម្យ៉ាងវិញទៀត ការស្លាប់ដោយសារការបំពុលបរិស្ថានដែលពាក់ព័ន្ធនឹងការអភិវឌ្ឍឧស្សាហកម្ម ដូចជា ការបំពុល​បរិយាកាសខាងក្រៅ ការបំពុលបរិស្ថាន និងគីមីបានកើនឡើងពី ៤,៣ លាននាក់ ទៅ ៥,៥ លាននាក់ ក្នុងរយៈពេលដូចគ្នា៕