ប្រទេស​ថៃ​៖​ រថយន្តមួយគ្រឿង បានបើកដឹកពលករខ្មែរ និងជនជាតិថៃ មានប្រុសស្រីចាស់ក្មេង បោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកបង្គោលភ្លើង និងរបងផ្ទះប្រជាពលរដ្ឋថៃ បណ្ដាលឲ្យទារកម្នាក់ទើបនឹងកើតបាន១អាទិត្យស្លាប់ និងជាង២០នាក់ផ្សេងទៀតរងរបួស កាលពី​ព្រលប់​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៧​ នៅលើ​កំណាត់​ផ្លូវ​ពេជ្រ​ក្សេម​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៧៩​ -២៨០​ ស្ថិតក្នុង​ឃុំ​កុយ​បុរី​ ស្រុក​កុយ​បុរី​ ខេត្ត​ប្រាក់​ជួប។

ប្រភពព័តមានពីប្រទេសថៃ បានឲ្យដឹងថា មុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​តូ​យ៉ូ​តា​ ពាក់​ស្លាក​លេខ ​១៤២០ ដឹក​ពលករ​ខ្មែរ​ និង​ថៃ​ចំនួន​២២​នាក់​ ក្នុង​នោះ​មាន​មនុស្ស​ធំ​ចំនួន​១៧​នាក់​ និងក្មេង​៥​នាក់​ ក្នុងមាន​ទារក​ម្នាក់​​ទើបនឹងមាន​អាយុ ​៧​ថ្ងៃ​ប៉ុណ្ណោះ ​។ លុះពេល​រថយន្ត​បើកមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុក​បង្គោល​ភ្លើងបាក់​អស់​មួយ​ដើម ​ហើយ​ជ្រុល​ទៅ​បុក​នឹង​របង​ថ្មផ្ទះ​របស់​ប្រជាពលរដ្ឋថៃ ​ធ្លាយ​ចេញ​ក្បាល​រថយន្ត​ទៅ​បុក​ជាប់​នឹង​ដើម​ឈើ​​មួយ​ដើមទៀត ​ដែល​នៅ​ខាងក្នុង​របង​។​ បន្ទាប់ពីជួបនឹងគ្រោះថ្នាក់ចរាចរណ៍ភ្លាម ​គេ​ឃើញ​អ្នកបើកបរ​ខំប្រឹង​ព្យាយាម​លូន​ចេញ​ពី​រថយន្ត​ ដោយ​មាន​ស្នាម​បែកក្បាល​យ៉ាងធ្ងន់។

ប្រភពព័ត៌មានដដែល បានបន្តថា អ្នកបើកបររថយន្តខាងលើ ឈ្មោះ​ ស​ រ៉េះ​សឺ​និ​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ហើយស្ត្រីជន​ជាតិខ្មែរ​ និង​មនុស្ស​ដទៃ​ទៀត​ មិនទាន់ស្គាល់ពីអត្តសញ្ញាណនោះទេ។ ប៉ុន្តែភ្លាមៗនោះ ក្រុមសង្រ្គោះបន្ទាន់ បានមកដឹកជនរងគ្រោះ​បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ​កុយ​បុរី​។​

មន្ត្រីនគរបាលថៃ បានឲ្យដឹងដែរថា ក្រោយពេលកើតហេតុ សមត្ថកិច្ចថៃបាន​សាកសួរ​ទៅ​លើ​ព្រូ​រថយន្ត​ម្នាក់​ ឈ្មោះ​ យ៉ា​រ៉ូ​ហ្សា​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ អំពី​ករណីនេះ តែ​ត្រូវ​បុរស​រូប​នោះ​និយាយ​ថា​ រថយន្ត​នេះ​គឺ​ដឹក​ពលករ​ខ្មែរ​ចេញពី​កន្លែង​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​ ក្នុង​ខេត្ត​ន​រ៉ា​ធី​វ៉ា​ត​ ដើម្បី​នាំ​ជនជាតិ​ខ្មែរ​ទាំង​១៩​នាក់​ទៅ​កាន់​ច្រក​អន្តរជាតិ ​ក្នុង​ខេត្ត​ស្រះ​កែវ​ ហើយ​ខ្លួន​ក៏​បាន​ប្តូរ​ដៃ​ឲ្យអ្នកបើកបរ​ខាងលើ​ កាន់ចង្កូត​ម្តង​ ដោយចាប់ពី​ខេត្ត​ឈុំ​ផ​ន​ មក​ម្ល៉េះ​ ហើយ​ខ្លួន​ក៏​បាន​ដេក​លក់​ចាប់ពី​ពេល​នោះ​មក​ លុះ​ភ្ញាក់​ឡើង​វិញ​ គឺចំ​ពេល​​រថយន្ត​បុក​នឹងបង្គោល​ភ្លើង​​តែ​ម្តង​ ដូច្នេះ​ខ្លួន​មិន​បានដឹង​អំពី​មូលហេតុ​អ្វី​ទាំងអស់​។​

​ដោយឡែក​ក្រុម​តម្រួត​ថៃ ក៏​មិន​អាច​សួរនាំ​អ្នកបើកបរ​បាន​ឡើយ​ ដោយសារ​តែ​ពេល​នេះ​អ្នកបើកបរ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ ដោយសារ​បែកក្បាល​ ដូច្នេះ​មាន​តែ​រង់ចាំ​ក្រោយ​ពេល​ក្រុម​គ្រូពេទ្យសង្គ្រោះសិន៕