ខេត្តឧត្តរមានជ័យ​៖​ បុគ្គលិកមីក្រូហិរញ្ញវត្ថុ២នាក់ជាប់ពាក់ព័ន្ធនឹងករណីលួចលុយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ​២០១៧​ នៅក្នុងស្រុកត្រពាំងប្រាសាទ។

មន្ត្រីនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-​ឈ្មោះ​ ម៉ា​ន់​ ស៊ី​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់កែង​ ឃុំ​អន្លង់​វែង​ មុខរបរ​ជាបុគ្គលិក​មីក្រូ​ហិរញវត្ថុ​LOLC ជាប់ចោទពីបទ​លួច​លុយ​ខ្មែរចំនួន​១ ៣៥១ ៥០០​រៀល​ និង​ប្រាក់​អាមេរិកចំនួន​៣ ៥១១​ដុល្លារ និងទី២-ឈ្មោះ​ ផាត់​ សុ​ផា​ច​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​គោក​គូ​ សង្កាត់​ក្រុង​សំរោង​ ជា​បុគ្គលិក​មីក្រូ​ហិរញវត្ថុ​ ជាប់ចោទពីបទលួច​លុយ​ចំនួន​១៥ ៩៦៤ ១០០​ រៀល​ និង​ប្រាក់អាមេរិក​​ ចំនួន​៣ ៨៣៦​ដុល្លារ។​ រីឯជនរងគ្រោះជាដើមបណ្ដឹង ឈ្មោះ​ ម៉ៅ​ បូ​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មានតួនាទីជា​នាយក​សាខា​មីក្រូ​ហិរញវត្ថុ​ LoLc​​ ប្រចាំ​ស្រុក​អន្លង់​វែង​ និង​ស្រុក​ត្រពាំង​ប្រាសាទ​

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលឃាត់ខ្លួន នាយកសាខាមីក្រូហិរញ្ញវត្ថុខាងលើ បានប្ដឹង​បុគ្គលិក​ខ្លួន​ទាំង២​នាក់​ ពី​បទ​រំលោក​លើ​ទំនុកចិត្ត​ (លួច​លុយ​ពីក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ​របស់​ខ្លួន​ ប្រាក់​ខ្មែរ​ ចំនួន​ ១៧ ៣១៥ ៦០០​រៀល​ និង​ ប្រាក់​ដុល្លារ​ ចំនួន​៧ ៣៤៧​ដុល្លារ​ កាលពី​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៧​)។ បន្ទាប់ពីមានពាក្យបណ្ដឹងបែបនេះ សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនតែម្ដង។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង័្សយទាំង២នាក់ ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕