ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាចង់រុញប្រទេសពីកសិកម្មទៅជាប្រទេសឧស្សាហកម្ម ហើយពិតជាត្រូវការថាមពលដែលមានតម្លៃថោក និងជឿទុកចិត្តបាន ដើម្បីផ្តល់ឱកាសសម្រាប់ការវិនិយោគ ហើយដើម្បីរក្សាកំណើននៃការវិនិយោគ គឺត្រូវតែរក្សាឱ្យបាននូវសន្តិសុខថាមពល។ នេះគឺជាថ្លែងរបស់លោករដ្ឋមន្ត្រី នៅក្នុងពិធីចុះអនុស្សរណៈ រវាងក្រុមហ៊ុនDEVENCO និង ក្រុមហ៊ុនENGIE GLOW នៅសណ្ឋាគារឡឺរ៉ូយ៉ាល់(Le Royal)ក្នុងរាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី១០ ខែតុលា។

ក្រុមហ៊ុនទាំងពីរនេះ នឹងចាប់ដៃក្នុងការវិនិយោគអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ក្នុងទំហំ៣០-៥០មេហ្គាវ៉ាត់ នៅក្នុងនៅក្នុងខេត្តកំពង់ឆ្នាំង។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងថាមពលឧស្ម័ន គឺជាជម្រើសមួយបែបទៀតដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈដែលថាមពលទាំងពីរនេះអាចជំនួសការប្រើប្រាស់ថាមពលប្រេងឥន្ទនៈបាន។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា បច្ចុប្បន្នប្រទេសធំៗនៅលើសកលលោក បានងាកមកប្រើប្រាស់ថាមពលដែលកើតឡើងវិញ ដើម្បីជំនួសថាមពលដែលមិនកើតឡើងវិញ ក្នុងទិសដៅកាត់បន្ថយនូវការប៉ះពាល់ដល់បរិស្ថាន ដោយការបំភាយឧស្ម័នផ្ទះកញ្ចក់៕